លូកា 18
18
ប្រស្នាអំពីចៅក្រម និងស្ដ្រីមេម៉ាយ
1បន្ទាប់មក អ៊ីសាមានប្រសាសន៍ជាប្រស្នា ពន្យល់សិស្សឲ្យដឹងថា ត្រូវតែទូរអាជានិច្ច មិនត្រូវរសាយចិត្ដឡើយ៖
2«នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ ជាមនុស្សមិនកោតខ្លាចអុលឡោះ ហើយមិនកោតក្រែងនរណាឡើយ។ 3មានស្ដ្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា “សូមលោករកយុត្ដិធម៌ឲ្យនាងខ្ញុំផង”។ 4ប៉ុន្តែ ចៅក្រមមិនព្រមកាត់ក្ដីឲ្យភ្លាមៗទេ គាត់ចេះតែពន្យារពេលយ៉ាងយូរ។ ក្រោយមក គាត់នឹកក្នុងចិត្ដថា “ទោះបីអញមិនកោតខ្លាចអុលឡោះ មិនកោតក្រែងនរណាក៏ដោយ 5ក៏អញត្រូវតែកាត់ក្ដីឲ្យស្ដ្រីមេម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្ដីឲ្យគាត់ទេ មុខជាគាត់មករំខានអញមិនចេះចប់មិនចេះហើយ”»។
6អ៊ីសាជាអម្ចាស់មានប្រសាសន៍បន្ថែមទៀតថា៖ «ចូរពិចារណាពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។ 7ចំណង់បើអុលឡោះវិញ ទ្រង់រឹតតែរកយុត្ដិធម៌ឲ្យអស់អ្នក ដែលទ្រង់បានជ្រើសរើស ហើយដែលអង្វរអុលឡោះ ទាំងយប់ ទាំងថ្ងៃ ទ្រង់អត់ធ្មត់ចំពោះគេ។ 8ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះនឹងរកយុត្ដិធម៌ឲ្យគេ ក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ ពេលបុត្រាមនុស្សមកដល់ តើគាត់ឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។
បុរសម្នាក់ខាងគណៈផារីស៊ី និងអ្នកទារពន្ធ
9អ៊ីសាមានប្រសាសន៍ជាប្រស្នាមួយទៀត ទៅកាន់អ្នកខ្លះដែលនឹកស្មានថាខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នកដទៃ។ 10អ៊ីសាមានប្រសាសន៍ថា៖ «មានបុរសពីរនាក់ឡើងទៅទូរអក្នុងម៉ាស្ជិទ។ ម្នាក់ខាងគណៈផារីស៊ ម្នាក់ទៀតជាអ្នកទារពន្ធ។ 11បុរសខាងគណៈផារីស៊ីឈរទូរអាក្នុងចិត្ដថា “ឱអុលឡោះអើយ ខ្ញុំសូមអរគុណទ្រង់ ព្រោះខ្ញុំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សប្រព្រឹត្ដអំពើផិតក្បត់ ហើយខ្ញុំក៏មិនដូចអ្នកទារពន្ធនេះដែរ 12ខ្ញុំតមអាហារពីរដងក្នុងមួយអាទិត្យ ហើយខ្ញុំជូនរបស់អ្វីៗទាំងអស់ ដែលខ្ញុំរកបានមួយភាគដប់ដល់អុលឡោះ”។ 13រីឯអ្នកទារពន្ធគាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូងនិយាយថា “ឱអុលឡោះអើយ! សូមអាណិតមេត្ដាខ្ញុំជាមនុស្សបាបផង”។ 14ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះរាប់អ្នកទារពន្ធនេះឲ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។
ណាពីអ៊ីសាប្រទានពរឲ្យក្មេងៗ
15មានមនុស្សម្នាបីទារកមកឲ្យអ៊ីសាដាក់ដៃលើវា។ ឃើញដូច្នោះ ពួកសិស្សស្ដីបន្ទោសគេ 16តែអ៊ីសាសុំឲ្យគេយកទារកទាំងនោះមកជិតគាត់ រួចអ៊ីសាមានប្រសាសន៍ថា៖ «ទុកឲ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្ដដូចក្មេងទាំងនេះទេ ទើបចូលទៅក្នុងនគរអុលឡោះបាន។ 17ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលនគរអុលឡោះដូចក្មេងតូចមួយទេ អ្នកនោះចូលក្នុងនគរទ្រង់មិនបានឡើយ»។
អ្នកមានម្នាក់ចង់បានជីវិតអស់កល្បជានិច្ច
18មាននាម៉ឺនម្នាក់សួរអ៊ីសាថា៖ «តួនដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វី ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច ទុកជាមត៌ក?»។ 19អ៊ីសាឆ្លើយថា៖ «ហេតុអ្វីបានជាអ្នកថាខ្ញុំសប្បុរសដូច្នេះ? ក្រៅពីអុលឡោះគ្មាននរណាម្នាក់សប្បុរសឡើយ។ 20អ្នកស្គាល់ហ៊ូកុំស្រាប់ហើយថា “កុំប្រព្រឹត្ដអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស ចូរគោរពឪពុកម្តាយ”»។ 21បុរសនោះជម្រាបអ៊ីសាថា “ខ្ញុំបានប្រតិបត្ដិតាមហ៊ូកុំទាំងនេះតាំងតែពីក្មេងមក”។ 22អ៊ីសាឮដូច្នេះមានប្រសាសន៍ថា៖ «នៅសល់កិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺត្រូវយកអ្វីៗទាំងអស់ដែលអ្នកមានទៅលក់ ហើយចែកឲ្យជនក្រីក្រ។ ធ្វើដូច្នេះ អ្នកនឹងបានសម្បត្តិសូរ៉កា រួចសឹមអញ្ជើញមកតាមខ្ញុំចុះ»។ 23ពេលនាម៉ឺននោះឮដូច្នេះ គាត់ព្រួយចិត្ដយ៉ាងខ្លាំង ដ្បិតគាត់ជាអ្នកមានស្ដុកស្ដម្ភ។ 24កាលអ៊ីសាឃើញគាត់ព្រួយចិត្ដ អ៊ីសាមានប្រសាសន៍ថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងនគរអុលឡោះណាស់ 25សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងនគរអុលឡោះទៅទៀត»។ 26អស់អ្នកដែលឮពាក្យរបស់អ៊ីសា ពោលឡើងថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ 27អ៊ីសាឆ្លើយថា៖ «ការអ្វីដែលមនុស្សធ្វើពុំកើត អុលឡោះធ្វើកើតទាំងអស់»។ 28ពេត្រុសជម្រាបអ៊ីសាថា៖ «តួនឃើញស្រាប់ហើយ អ្វីៗដែលយើងខ្ញុំមាន យើងខ្ញុំបានលះបង់ចោលទាំងអស់ ហើយមកតាមតួន»។ 29អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែងប្រពន្ធកូនឪពុកម្ដាយ និងបងប្អូន ដោយយល់ដល់នគរអុលឡោះ 30អ្នកនោះនឹងទទួលបានយ៉ាងច្រើនលើសលប់ នៅពេលឥឡូវនេះ ព្រមទាំងមានជីវិតអស់កល្បជានិច្ច នៅពេលខាងមុខថែមទៀតផង»។
ណាពីអ៊ីសាប្រកាសថាគាត់ត្រូវស្លាប់
31អ៊ីសានាំសាវ័កទាំងដប់ពីរនាក់ ចេញទៅជាមួយគាត់។ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម អ្វីៗទាំងអស់ដែលណាពបានចែងទុក អំពីបុត្រាមនុស្សនឹងកើតមាននៅទីនោះ 32គេនឹងបញ្ជូនគាត់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ពួកនោះនឹងចំអកត្មះតិះដៀលគាត់ ព្រមទាំងស្ដោះទឹកមាត់ដាក់គាត់ផង។ 33គេនឹងយករំពាត់វាយគាត់ រួចប្រហារជីវិតគាត់។ ប៉ុន្តែ បីថ្ងៃក្រោយមកគាត់នឹងរស់ឡើងវិញ»។ 34ពួកសាវ័កពុំបានយល់ពាក្យនោះទេ ហើយក៏មិនដឹងថា អ៊ីសាមានប្រសាសន៍អំពីរឿងអ្វីផង ព្រោះអត្ថន័យនៅលាក់កំបាំងនៅឡើយ។
ណាពីអ៊ីសាប្រោសមនុស្សខ្វាក់ម្នាក់ឲ្យភ្លឺ
35កាលអ៊ីសាមកជិតដល់ក្រុងយេរីខូ មានមនុស្សខ្វាក់ម្នាក់ អង្គុយសុំទាននៅតាមផ្លូវ។ 36ពេលគាត់ឮស្នូរបណ្ដាជនដើរតាមនោះ គាត់សួរគេថាមានរឿងអ្វី 37គេប្រាប់គាត់ថា អ៊ីសាជាអ្នកភូមិណាសារ៉ែតមកតាមផ្លូវនោះ។ 38មនុស្សខ្វាក់ក៏ស្រែកឡើងថា៖ «ឱអ៊ីសា ជាពូជពង្សទតអើយ! សូមអាណិតមេត្ដាខ្ញុំផង!»។ 39ពួកអ្នកដែលដើរខាងមុខបានឃាត់គាត់ឲ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱពូជពង្សទតអើយ សូមអាណិតមេត្ដាខ្ញុំផង!»។ 40អ៊ីសាក៏ឈប់ ហើយបញ្ជាគេឲ្យនាំមនុស្សខ្វាក់ចូលមកជិតគាត់។ លុះមនុស្សខ្វាក់ដើរចូលមក អ៊ីសាសួរគាត់ថា៖ 41«តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ គាត់សុំអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមលោកម្ចាស់ប្រោសឲ្យភ្នែកខ្ញុំ បានភ្លឺឡើងវិញផង»។ 42អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរឲ្យភ្នែកអ្នកបានភ្លឺឡើងវិញចុះ»។ 43រំពេចនោះគាត់ឃើញវិញភ្លាម ហើយគាត់ក៏តាមអ៊ីសាទាំងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។ ប្រជាជនទាំងមូលបានឃើញហេតុការណ៍នោះ គេសរសើរតម្កើងអុលឡោះទាំងអស់គ្នា។
Actualmente seleccionado:
លូកា 18: អគត
Destacar
Compartir
Copiar
¿Quieres guardar tus resaltados en todos tus dispositivos? Regístrate o Inicia sesión
© 2014 United Bible Societies, UK.