អេសាយ 63
63
ថ្ងៃនៃការសងសឹករបស់ព្រះយេហូវ៉ា
1តើអ្នកនេះដែលមកពីអេដំ
ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមជាំពីបុសរ៉ា ជានរណា?
តើអ្នកនេះដែលពាក់អាវវែងប្រកបដោយសិរីរុងរឿង
ហើយយាត្រាមកក្នុងឫទ្ធានុភាពដ៏ធំឧត្ដម ជានរណា?
“គឺយើងនេះហើយ
ដែលនិយាយដោយសេចក្ដីសុចរិតយុត្តិធម៌
ដែលខ្លាំងពូកែនឹងសង្គ្រោះ”។
2ហេតុអ្វីបានជាព្រះភូសារបស់ព្រះអង្គក្រហម
ហើយព្រះពស្ត្ររបស់ព្រះអង្គដូចជាអ្នកដែលជាន់ក្នុងទីបញ្ជាន់ផ្លែដូច្នេះ?
3“យើងបានជាន់ក្នុងទីបញ្ជាន់ផ្លែតែម្នាក់ឯង
គ្មានអ្នកណាក្នុងចំណោមប្រជាជាតិនានានៅជាមួយយើងឡើយ។
យើងបានជាន់ពួកគេដោយកំហឹងរបស់យើង
ហើយបានជាន់ឈ្លីពួកគេដោយសេចក្ដីក្ដៅក្រហាយរបស់យើង
នោះឈាមរបស់ពួកគេបានខ្ទាតមកលើសម្លៀកបំពាក់របស់យើង
ហើយអាវវែងទាំងមូលរបស់យើងក៏ប្រឡាក់។
4ដ្បិតថ្ងៃនៃការសងសឹកនៅក្នុងចិត្តរបស់យើង
ហើយឆ្នាំនៃការប្រោសលោះរបស់យើងក៏បានមកដល់ហើយ។
5យើងក៏រំពៃមើល ប៉ុន្តែគ្មានអ្នកណាជួយទេ
យើងក៏នឹកឆ្ងល់ដែលគ្មានអ្នកណាគាំទ្រសោះ
ដូច្នេះដើមដៃរបស់យើងបាននាំមកនូវសេចក្ដីសង្គ្រោះដល់យើង
ហើយសេចក្ដីក្ដៅក្រហាយរបស់យើងក៏ទ្រទ្រង់យើង។
6យើងបានជាន់ឈ្លីប្រជាជាតិនានាដោយកំហឹងរបស់យើង
យើងបានធ្វើឲ្យពួកគេស្រវឹងដោយសេចក្ដីក្ដៅក្រហាយរបស់យើង
ហើយបង្ហូរឈាមរបស់ពួកគេទៅលើដី”។
ព្រះយេហូវ៉ាអាណិតមេត្តាអ៊ីស្រាអែល
7ខ្ញុំនឹងលើកឡើងនូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ា
និងសេចក្ដីសរសើរតម្កើងនៃព្រះយេហូវ៉ា
តាមអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានប្រទានដល់ពួកយើង
និងតាមសេចក្ដីល្អដ៏ធំចំពោះវង្សត្រកូលអ៊ីស្រាអែល
ដែលព្រះអង្គបានប្រទានដល់ពួកគេតាមសេចក្ដីមេត្តារបស់ព្រះអង្គ
និងតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏បរិបូររបស់ព្រះអង្គ។
8ព្រះអង្គបានមានបន្ទូលថា៖
“ពួកគេពិតជាប្រជារាស្ត្ររបស់យើង ជាកូនចៅដែលមិនក្បត់ឡើយ”
ដូច្នេះព្រះអង្គបានធ្វើជាព្រះសង្គ្រោះដល់ពួកគេ។
9នៅក្នុងគ្រប់ទាំងទុក្ខវេទនារបស់ពួកគេ ព្រះអង្គក៏រងទុក្ខវេទនាដែរ
ហើយទូតសួគ៌ដែលនៅចំពោះព្រះអង្គ បានសង្គ្រោះពួកគេ។
ព្រះអង្គបានប្រោសលោះពួកគេដោយសេចក្ដីស្រឡាញ់
និងដោយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ
ព្រះអង្គបានលើកពួកគេ
ក៏បីពួកគេក្នុងអស់ទាំងថ្ងៃពីបុរាណ។
10ប៉ុន្តែពួកគេបានបះបោរ
ហើយធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គព្រួយព្រះហឫទ័យ
ដូច្នេះព្រះអង្គបានត្រឡប់ជាសត្រូវដល់ពួកគេ
គឺអង្គទ្រង់ផ្ទាល់បានច្បាំងនឹងពួកគេ។
11ពេលនោះ ប្រជារាស្ត្ររបស់ព្រះអង្គបាននឹកចាំគ្រាពីបុរាណ និងម៉ូសេ។
ព្រះអង្គដែលនាំពួកគេឡើងមកពីសមុទ្រជាមួយអ្នកឃ្វាលចៀមរបស់ព្រះអង្គ តើនៅឯណា?
ព្រះអង្គដែលដាក់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គនៅកណ្ដាលពួកគេ តើនៅឯណា?
12ព្រះអង្គដែលឲ្យព្រះពាហុដ៏រុងរឿងរបស់ព្រះអង្គទៅនៅនឹងដៃស្ដាំរបស់ម៉ូសេ
ជាព្រះអង្គដែលញែកទឹកចេញពីគ្នានៅមុខពួកគេ
ដើម្បីតាំងព្រះនាមដ៏អស់កល្បសម្រាប់អង្គទ្រង់ផ្ទាល់ តើនៅឯណា?
13ព្រះអង្គដែលនាំពួកគេដើរកាត់ទីជម្រៅ ដូចជានាំសេះដើរកាត់ទីរហោស្ថាន បានជាពួកគេមិនជំពប់នោះ តើនៅឯណា?
14ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាបានឲ្យពួកគេសម្រាក
ដូចសត្វស្រុកដែលចុះទៅជ្រលងភ្នំ។
គឺយ៉ាងនោះឯង ដែលព្រះអង្គនាំផ្លូវប្រជារាស្ត្ររបស់ព្រះអង្គ
ដើម្បីតាំងព្រះនាមដ៏រុងរឿងសម្រាប់អង្គទ្រង់ផ្ទាល់។
សេចក្ដីអធិស្ឋានរបស់អ៊ីស្រាអែល
15សូមទតមើលពីស្ថានសួគ៌
ហើយទតឃើញពីលំនៅដ៏វិសុទ្ធ និងដ៏រុងរឿងរបស់ព្រះអង្គផង!
ព្រះហឫទ័យឆេះឆួល និងព្រះចេស្ដារបស់ព្រះអង្គ តើនៅឯណា?
ការរំជួលក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តារបស់ព្រះអង្គ ត្រូវបានបង្ខាំងពីទូលបង្គំហើយ។
16ដ្បិតព្រះអង្គជាព្រះបិតានៃយើងខ្ញុំ
ទោះបីជាអ័ប្រាហាំមិនស្គាល់យើងខ្ញុំ
ហើយអ៊ីស្រាអែលមិនទទួលស្គាល់យើងខ្ញុំក៏ដោយ។
ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះបិតានៃយើងខ្ញុំ!
ព្រះនាមរបស់ព្រះអង្គគឺ “ព្រះប្រោសលោះរបស់យើង” តាំងពីបុរាណមកម្ល៉េះ។
17ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីមាគ៌ារបស់ព្រះអង្គ
ក៏ធ្វើឲ្យចិត្តរបស់យើងខ្ញុំរឹងរូសគ្មានការកោតខ្លាចដល់ព្រះអង្គដូច្នេះ?
សូមព្រះអង្គយាងត្រឡប់មកវិញដោយយល់ដល់បាវបម្រើរបស់ព្រះអង្គ
ដែលជាកុលសម្ព័ន្ធនៃមរតករបស់ព្រះអង្គផង!
18ប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គបានកាន់កាប់ទឹកដីនេះតែមួយរយៈទេ
នោះពួកសត្រូវរបស់យើងខ្ញុំបានជាន់ឈ្លីទីវិសុទ្ធរបស់ព្រះអង្គវិញ។
19យើងខ្ញុំបានត្រឡប់ដូចជាមនុស្សដែលព្រះអង្គមិនដែលគ្រប់គ្រង
ដូចជាមនុស្សដែលមិនដែលត្រូវបានហៅតាមព្រះនាមរបស់ព្រះអង្គ៕
Currently Selected:
អេសាយ 63: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative