អេសាយ 62
62
សង់ស៊ីយ៉ូនឡើងវិញ
1ដោយយល់ដល់ស៊ីយ៉ូន យើងមិននៅស្ងៀមទេ
ដោយយល់ដល់យេរូសាឡិម យើងមិនស្ងៀមស្ងាត់ឡើយ
រហូតទាល់តែសេចក្ដីសុចរិតរបស់នាងបានចេញមកដូចជារស្មីពន្លឺ
ហើយសេចក្ដីសង្គ្រោះរបស់នាងបានដូចជាចន្លុះដែលកំពុងឆេះ។
2ប្រជាជាតិនានានឹងឃើញសេចក្ដីសុចរិតរបស់អ្នក
ស្ដេចទាំងអស់នឹងឃើញសិរីរុងរឿងរបស់អ្នក;
អ្នកនឹងត្រូវបានហៅតាមឈ្មោះថ្មីដែលព្រះឱស្ឋរបស់ព្រះយេហូវ៉ានឹងកំណត់ឲ្យ។
3អ្នកនឹងបានជាមកុដដ៏រុងរឿងនៅព្រះហស្តរបស់ព្រះយេហូវ៉ា
និងជាមកុដរាជ្យនៅព្រះហស្តរបស់ព្រះនៃអ្នក។
4អ្នកនឹងមិនត្រូវគេនិយាយទៀតថា “ត្រូវបានបោះបង់ចោល”
ហើយទឹកដីរបស់អ្នកក៏នឹងមិនត្រូវគេនិយាយទៀតថា “ស្ងាត់ជ្រងំ” ដែរ
គឺអ្នកនឹងត្រូវគេហៅថា “អំណររបស់ខ្ញុំនៅក្នុងនាង”
ហើយទឹកដីរបស់អ្នកនឹងត្រូវគេហៅថា “មានប្ដី” វិញ
ពីព្រោះព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអ្នក
ហើយទឹកដីរបស់អ្នកនឹងមានប្ដី។
5ដ្បិតដូចដែលមនុស្សកំលោះរៀបការជាមួយស្រីក្រមុំយ៉ាងណា
កូនប្រុសៗរបស់អ្នកនឹងរៀបការជាមួយអ្នកយ៉ាងនោះដែរ
ហើយដូចដែលកូនកំលោះមានសេចក្ដីរីករាយចំពោះកូនក្រមុំយ៉ាងណា
ព្រះរបស់អ្នកនឹងរីករាយចំពោះអ្នកយ៉ាងនោះដែរ។
6យេរូសាឡិមអើយ
យើងបានដាក់អ្នកយាមនៅលើកំពែងរបស់អ្នក
ពួកគេមិនដែលនៅស្ងៀមទេ គឺរៀងរាល់ថ្ងៃ និងរៀងរាល់យប់។
អ្នករាល់គ្នាដែលរំលឹកគេអំពីព្រះយេហូវ៉ាអើយ
កុំនៅស្ងាត់ឡើយ
7ក៏កុំឲ្យព្រះអង្គនៅស្ងាត់ដែរ
រហូតទាល់តែព្រះអង្គបានតាំងយេរូសាឡិមឡើង
ហើយធ្វើឲ្យទៅជាទីសរសើរនៅលើផែនដី។
8ព្រះយេហូវ៉ាបានស្បថដោយអាងព្រះហស្តស្ដាំរបស់ព្រះអង្គ
និងដោយអាងព្រះពាហុដ៏មានឫទ្ធានុភាពរបស់ព្រះអង្គថា៖
“យើងនឹងមិនប្រគល់ស្រូវរបស់អ្នកទុកជាអាហារដល់សត្រូវរបស់អ្នកទៀតឡើយ
ហើយជនបរទេសនឹងមិនផឹកស្រាទំពាំងបាយជូរថ្មីរបស់អ្នក ដែលអ្នកបានធ្វើយ៉ាងនឿយហត់នោះឡើយ
9ប៉ុន្តែពួកអ្នកដែលច្រូតស្រូវនោះនឹងហូបវាវិញ
ហើយពួកគេនឹងសរសើរតម្កើងព្រះយេហូវ៉ា
រីឯពួកអ្នកដែលប្រមូលផ្លែទំពាំងបាយជូរនោះ
នឹងផឹកពីវានៅក្នុងទីធ្លានៃទីវិសុទ្ធរបស់យើង”។
10ចូរឆ្លងកាត់! ចូរឆ្លងកាត់តាមខ្លោងទ្វារក្រុងទៅ!
ចូររៀបចំផ្លូវសម្រាប់ប្រជាជន!
ចូរសាងសង់ឡើង! ចូរសាងសង់មហាវិថីឡើង!
ចូរយកថ្មចេញ ហើយលើកទង់សញ្ញាឡើងសម្រាប់ប្រជាជាតិនានា!
11មើល៍! ព្រះយេហូវ៉ាបានប្រកាសដល់ចុងបំផុតនៃផែនដីថា៖
“ចូរប្រាប់កូនស្រីស៊ីយ៉ូនថា:
‘មើល៍! សេចក្ដីសង្គ្រោះរបស់អ្នកកំពុងតែមកហើយ!
មើល៍! រង្វាន់របស់ព្រះអង្គនៅជាមួយព្រះអង្គ
ហើយសំណងរបស់ព្រះអង្គក៏នៅចំពោះព្រះអង្គដែរ!’។
12គេនឹងហៅពួកគេថា ‘ប្រជារាស្ត្រដ៏វិសុទ្ធដែលត្រូវព្រះយេហូវ៉ាប្រោសលោះ’
រីឯអ្នកក៏ត្រូវគេហៅថា ‘ទីក្រុងដែលត្រូវគេស្វែងរក ដែលមិនត្រូវបានបោះបង់ចោល’”៕
Currently Selected:
អេសាយ 62: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative