YouVersion Logo
Search Icon

អេសាយ 64

64
1ឱបើ​ព្រះអង្គ​ហែក​ផ្ទៃមេឃ​យាង​ចុះមក
ហើយ​ភ្នំ​ទាំងឡាយ​រញ្ជួយ​នៅចំពោះ​ព្រះអង្គ​ទៅអេះ!
2——​ដូចដែល​ភ្លើង​ឆេះ​ស្នាប់គុម្ពោត
ដូចដែល​ភ្លើង​ធ្វើឲ្យ​ទឹក​ពុះ​ឡើង​——
ដើម្បី​ធ្វើឲ្យ​បច្ចាមិត្ត​របស់ព្រះអង្គ​ស្គាល់​ព្រះនាម​របស់ព្រះអង្គ
ហើយឲ្យ​ប្រជាជាតិ​នានា​ភ័យញ័រ​នៅចំពោះ​ព្រះអង្គ​។
3កាល​ព្រះអង្គ​បាន​ធ្វើ​ការ​គួរឲ្យស្ញែងខ្លាច​ដែល​យើងខ្ញុំ​មិន​បាន​រំពឹង​សោះ
នោះ​ព្រះអង្គ​បាន​យាង​ចុះមក
ហើយ​ភ្នំ​ទាំងឡាយ​បាន​រញ្ជួយ​នៅចំពោះ​ព្រះអង្គ​។
4តាំងពីបុរាណមក
មនុស្ស​មិនដែល​ឮ មិនដែល​ស្ដាប់
ភ្នែក​ក៏មិនដែល​ឃើញ​ព្រះ​ណា​ក្រៅពី​ព្រះអង្គ​ដែល​ធ្វើការ​សម្រាប់​អ្នកដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ​នោះ​ឡើយ​។
5ព្រះអង្គ​ទ្រង់​ជួប​អ្នកដែល​រីករាយ​នឹង​ប្រព្រឹត្ត​សេចក្ដីសុចរិត
គឺ​អ្នកដែល​នឹកចាំ​ព្រះអង្គ​ក្នុង​មាគ៌ា​របស់ព្រះអង្គ​។
មើល៍! ព្រះអង្គ​បាន​ព្រះពិរោធ ពីព្រោះ​យើងខ្ញុំ​បាន​ប្រព្រឹត្តបាប​;
យើងខ្ញុំ​នៅក្នុង​បាប​ជាយូរមកហើយ ចុះ​តើ​យើងខ្ញុំ​នឹង​បាន​សង្គ្រោះ​ឬ​?
6ដ្បិត​យើងខ្ញុំ​ទាំងអស់គ្នា​បាន​ដូចជា​មនុស្ស​សៅហ្មង
ហើយ​អស់ទាំង​អំពើសុចរិត​របស់យើងខ្ញុំ​ក៏​ដូចជា​ក្រណាត់មករដូវ​;
យើងខ្ញុំ​ទាំងអស់គ្នា​ស្រពោនជ្រុះ​ដូចជា​ស្លឹកឈើ
ហើយ​អំពើទុច្ចរិត​របស់យើងខ្ញុំ​ក៏​ផាត់​យើងខ្ញុំ​ទៅ​ដូចជា​ខ្យល់​។
7គ្មានអ្នកណា​ហៅរក​ព្រះនាម​របស់ព្រះអង្គ
គ្មានអ្នកណា​ដាស់​ខ្លួនឯង​ឡើង​ដើម្បី​កាន់ខ្ជាប់​តាម​ព្រះអង្គ​ឡើយ
ពីព្រោះ​ព្រះអង្គ​បាន​លាក់​ព្រះភក្ត្រ​ពី​យើងខ្ញុំ
ហើយ​ធ្វើឲ្យ​យើងខ្ញុំ​រលាយ​ក្នុង​កណ្ដាប់ដៃ​នៃ​អំពើទុច្ចរិត​របស់យើងខ្ញុំ​។
8ប៉ុន្តែ​ឥឡូវនេះ ព្រះយេហូវ៉ា​អើយ
ព្រះអង្គ​ជា​ព្រះបិតា​នៃយើងខ្ញុំ​!
យើងខ្ញុំ​ជា​ដីឥដ្ឋ ហើយ​ព្រះអង្គ​ជា​ជាងស្មូន​នៃយើងខ្ញុំ
គឺ​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ស្នាព្រះហស្ត​របស់ព្រះអង្គ​។
9ព្រះយេហូវ៉ា​អើយ
សូម​កុំ​ព្រះពិរោធ​ជាខ្លាំង
សូម​កុំ​នឹកចាំ​សេចក្ដីទុច្ចរិត​ជារៀងរហូត​ឡើយ​!
មើល៍! សូម​ទត​មើល​យើងខ្ញុំ​ទាំងអស់គ្នា​ដែលជា​ប្រជារាស្ត្រ​របស់ព្រះអង្គ​ផង​!
10បណ្ដា​ទីក្រុង​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​ក្លាយជា​ទីរហោស្ថាន​;
ស៊ីយ៉ូន​បាន​ក្លាយជា​ទីរហោស្ថាន
យេរូសាឡិម​បាន​ក្លាយជា​ទីស្ងាត់ជ្រងំ​។
11ព្រះវិហារ​ដ៏វិសុទ្ធ និង​ដ៏រុងរឿង​របស់យើងខ្ញុំ
ជា​កន្លែងដែល​ពួក​ដូនតា​របស់យើងខ្ញុំ​បាន​សរសើរតម្កើង​ព្រះអង្គ ត្រូវបាន​ដុត​ដោយ​ភ្លើង
ហើយ​អស់ទាំង​ទីពេញចិត្ត​របស់យើងខ្ញុំ​ក៏​បាន​ក្លាយជា​ទីបាក់បែក​ដែរ​។
12ព្រះយេហូវ៉ា​អើយ
តើ​ព្រះអង្គ​នឹង​ទប់ព្រះហឫទ័យ​ចំពោះ​ការទាំងនេះ​ឬ​?
តើ​ព្រះអង្គ​នឹង​នៅស្ងៀម ហើយ​ធ្វើទុក្ខ​យើងខ្ញុំ​ជាខ្លាំង​ឬ​?​៕

Currently Selected:

អេសាយ 64: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in