ទំនុកតម្កើង 143
143
សូមកុំប្រកាន់ទោសទូលបង្គំឡើយ
ទំនុកតម្កើង របស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ
សូមទ្រង់ព្រះសណ្ដាប់ពាក្យ
អធិស្ឋានរបស់ទូលបង្គំផង
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ
ទទូចអង្វររបស់ទូលបង្គំ!
សូមឆ្លើយតបមកទូលបង្គំដោយព្រះហឫទ័យ
សុចរិតដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។
2 សូមកុំយកទូលបង្គំ
ដែលជាអ្នកបម្រើរបស់ព្រះអង្គទៅកាត់ក្ដីឡើយ
ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ
ព្រះភ័ក្ត្ររបស់ព្រះអង្គទេ។
3ខ្មាំងសត្រូវតាមយាយីទូលបង្គំ
គេជាន់ឈ្លីជីវិតទូលបង្គំ
គេយកទូលបង្គំទៅឃុំទុកក្នុងទីងងឹត
ដូចមនុស្សស្លាប់តាំងពីយូរមកហើយ។
4ទូលបង្គំបាក់ទឹកចិត្តជាខ្លាំង ទូលបង្គំទាល់គំនិត។
5ទូលបង្គំនឹកទៅដល់ជំនាន់ដើម
ទូលបង្គំសញ្ជឹងគិតអំពីកិច្ចការទាំងប៉ុន្មាន
ដែលព្រះអង្គបានធ្វើ
ទូលបង្គំពិចារណាអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។
6ទូលបង្គំលើកដៃអង្វរព្រះអង្គ
ទូលបង្គំនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ
ប្រៀបដូចជាដីហួតហែង។
- សម្រាក
7ឱព្រះអម្ចាស់អើយ
សូមឆ្លើយតបមកទូលបង្គំជាប្រញាប់
ដ្បិតទូលបង្គំពុំអាចទ្រាំតទៅទៀតបានទេ!
សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំឡើយ
ដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។
8សូមសម្តែងឲ្យទូលបង្គំស្គាល់ព្រះហឫទ័យ
មេត្តាករុណារបស់ព្រះអង្គតាំងពីព្រលឹម
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។
សូមប្រោសប្រទានឲ្យទូលបង្គំស្គាល់ផ្លូវ
ដែលទូលបង្គំត្រូវដើរ
ដ្បិតទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។
9ឱព្រះអម្ចាស់អើយ
សូមរំដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវ
ទូលបង្គំមកជ្រកកោននៅក្បែរព្រះអង្គ។
10សូមបង្រៀនទូលបង្គំឲ្យធ្វើតាមព្រះហឫទ័យ
របស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ
សូមព្រះវិញ្ញាណដ៏សប្បុរសរបស់ព្រះអង្គដឹកនាំ
ទូលបង្គំឲ្យដើរក្នុងមាគ៌ាដែលគ្មានឧបសគ្គ។
11ឱព្រះអម្ចាស់អើយ
សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ
ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
សូមនាំទូលបង្គំចេញពីភាពអាសន្ន
ដោយព្រះហឫទ័យដ៏សុចរិតរបស់ព្រះអង្គ!
12ដោយព្រះអង្គមានព្រះហឫទ័យមេត្តា
ករុណាចំពោះទូលបង្គំ
សូមកម្ទេចខ្មាំងសត្រូវ និងបច្ចាមិត្ត
ទាំងប៉ុន្មានរបស់ទូលបង្គំ
ឲ្យវិនាសសូន្យទៅ
ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
Currently Selected:
ទំនុកតម្កើង 143: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.