ទំនុកតម្កើង 142
142
មានតែព្រះអង្គទេដែលជាទីជម្រករបស់ទូលបង្គំ
កំណាព្យរបស់ស្ដេចដាវីឌ។ រំឭកពីគ្រាដែលស្ដេចគង់នៅតាមរូងភ្នំ។ ពាក្យអធិស្ឋាន។
1ខ្ញុំបន្លឺសំឡេង
ស្រែកអង្វរព្រះអម្ចាស់
ខ្ញុំបន្លឺសំឡេងទទូចអង្វរព្រះអម្ចាស់។
2ខ្ញុំទូលព្រះអង្គឲ្យជ្រាប
អំពីពាក្យត្អូញត្អែររបស់ខ្ញុំ
ខ្ញុំរៀបរាប់អំពីទុក្ខវេទនារបស់ខ្ញុំប្រាប់ព្រះអង្គ។
3ពេលទូលបង្គំបាក់ទឹកចិត្ត
ព្រះអង្គជ្រាបច្បាស់ពីដំណើររបស់ទូលបង្គំ។
ពួកគេនាំគ្នាដាក់អន្ទាក់នៅតាមផ្លូវ
ដែលទូលបង្គំដើរ។
4សូមទតមើលជុំវិញទូលបង្គំមើល៍
គ្មាននរណាម្នាក់អើពើនឹងទូលបង្គំទេ
ទូលបង្គំគ្មានកន្លែងជ្រកកោន
ហើយក៏គ្មាននរណាម្នាក់រវីរវល់នឹងទូលបង្គំដែរ។
5ឱព្រះអម្ចាស់អើយ
ទូលបង្គំស្រែកអង្វរព្រះអង្គ
ព្រះអង្គជាជម្រករបស់ទូលបង្គំ
នៅក្នុងពិភពលោកនេះ
ទូលបង្គំគ្មានអ្វីផ្សេងទៀតក្រៅពីព្រះអង្គឡើយ។
6សូមយកព្រះហឫទ័យទុកដាក់
នឹងសម្រែករបស់ទូលបង្គំផង
ដ្បិតទូលបង្គំទាល់ច្រកហើយ
សូមរំដោះទូលបង្គំឲ្យរួចផុត
ពីអស់អ្នកដែលតាមព្យាបាទទូលបង្គំ
ព្រោះពួកគេខ្លាំងពូកែជាងទូលបង្គំ។
7សូមដោះលែងទូលបង្គំឲ្យមានសេរីភាព
ដើម្បីឲ្យទូលបង្គំលើកតម្កើង ព្រះនាមព្រះអង្គ
ក្នុងអង្គប្រជុំនៃប្រជារាស្ដ្ររបស់ព្រះអង្គ
ព្រោះព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំ។
Currently Selected:
ទំនុកតម្កើង 142: គខប
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.