លូកា 7
7
ជំនឿរបស់មេទាហានលើមួយរយនាក់
1នៅពេលព្រះយេស៊ូវបានបញ្ចប់ព្រះបន្ទូលទាំងអស់នេះដល់ប្រជាជនដែលកំពុងស្ដាប់#7:1 ដល់ប្រជាជនដែលកំពុងស្ដាប់―ន័យត្រង់គឺ “ក្នុងត្រចៀករបស់ប្រជាជន”។ហើយ ព្រះអង្គក៏យាងចូលទៅកាពើណិម។ 2ពេលនោះ បាវបម្រើរបស់មេទាហានលើមួយរយនាក់ម្នាក់ជិតស្លាប់ដោយមានជំងឺ។ បាវបម្រើនេះជាអ្នកដែលមេទាហានឲ្យតម្លៃណាស់។ 3នៅពេលឮអំពីព្រះយេស៊ូវ មេទាហានលើមួយរយនាក់នោះក៏ចាត់ពួកចាស់ទុំរបស់ជនជាតិយូដាឲ្យទៅរកព្រះអង្គ ដោយទូលអង្វរព្រះអង្គឲ្យយាងមកប្រោសបាវបម្រើរបស់លោកឲ្យជា។ 4ពួកគេមកដល់ព្រះយេស៊ូវ ហើយទទូចអង្វរព្រះអង្គថា៖ “គាត់ជាមនុស្សដែលស័ក្ដិសមនឹងឲ្យលោកព្រមនឹងការនេះ 5ពីព្រោះគាត់ស្រឡាញ់ប្រជាជាតិរបស់យើង ថែមទាំងបានសាងសង់សាលាប្រជុំឲ្យយើងទៀតផង”។ 6ដូច្នេះ ព្រះយេស៊ូវក៏យាងទៅជាមួយពួកគេ។ ពេលព្រះអង្គនៅមិនឆ្ងាយប៉ុន្មានពីផ្ទះនោះ មេទាហានលើមួយរយនាក់ក៏ចាត់ពួកមិត្តភក្ដិឲ្យមកទូលព្រះអង្គថា៖ “ព្រះអម្ចាស់អើយ កុំឲ្យរំខានព្រះអង្គ ដ្បិតទូលបង្គំមិនស័ក្ដិសមនឹងទទួលព្រះអង្គមកក្រោមដំបូលផ្ទះរបស់ទូលបង្គំទេ។ 7ហេតុនេះហើយបានជាទូលបង្គំមិនចាត់ទុកថាខ្លួនទូលបង្គំស័ក្ដិសមនឹងមកជួបព្រះអង្គឡើយ។ ប៉ុន្តែសូមព្រះអង្គមានបន្ទូលមួយព្រះឱស្ឋប៉ុណ្ណោះ នោះអ្នកបម្រើរបស់ទូលបង្គំនឹងជាសះស្បើយ។ 8តាមពិត ទូលបង្គំក៏ជាមនុស្សនៅក្រោមអំណាចគេ ហើយមានទាហាននៅក្រោមទូលបង្គំដែរ។ ទូលបង្គំប្រាប់ម្នាក់ថា: ‘ទៅ’ គេក៏ទៅ; ប្រាប់ម្នាក់ទៀតថា: ‘មក’ គេក៏មក; ហើយប្រាប់បាវបម្រើរបស់ទូលបង្គំថា: ‘ធ្វើការនេះ’ គេក៏ធ្វើ”។
9នៅពេលបានឮពាក្យទាំងនេះ ព្រះយេស៊ូវទ្រង់ស្ងើចនឹងលោក ក៏ងាកទៅរកហ្វូងមនុស្សដែលមកតាមព្រះអង្គ ហើយមានបន្ទូលថា៖“ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ”។ 10ពួកអ្នកដែលត្រូវបានចាត់ឲ្យមកបានត្រឡប់ទៅផ្ទះវិញ ក៏ឃើញបាវបម្រើ#7:10 ឯកសារបុរាណខ្លះបន្ថែម “ដែលឈឺ”។នោះមានសុខភាពល្អឡើងវិញ។
កូនរបស់ស្ត្រីមេម៉ាយត្រូវបានលើកឲ្យរស់ឡើងវិញ
11នៅថ្ងៃបន្ទាប់ ព្រះយេស៊ូវយាងទៅទីក្រុងមួយដែលគេហៅថាណាអ៊ីន។ ពួកសិស្ស#7:11 ឯកសារបុរាណខ្លះបន្ថែម “ជាច្រើន”។របស់ព្រះអង្គ និងហ្វូងមនុស្សមួយក្រុមធំក៏ទៅជាមួយព្រះអង្គដែរ។ 12នៅពេលព្រះអង្គយាងមកជិតទ្វារក្រុង មើល៍! មានមនុស្សស្លាប់ម្នាក់ជាកូនប្រុសតែមួយរបស់ម្ដាយដែលជាស្ត្រីមេម៉ាយ ត្រូវបានសែងចេញមក ហើយមានហ្វូងមនុស្សមួយក្រុមធំពីទីក្រុងនោះ នៅជាមួយគាត់ដែរ។ 13កាលព្រះអម្ចាស់បានឃើញស្ត្រីមេម៉ាយនោះ ព្រះអង្គមានព្រះទ័យអាណិតអាសូរចំពោះគាត់ ក៏មានបន្ទូលនឹងគាត់ថា៖“កុំយំឡើយ!”។ 14ព្រះយេស៊ូវយាងចូលទៅជិតពាល់ក្ដារមឈូស រីឯពួកអ្នកសែងក៏ឈប់។ ព្រះអង្គមានបន្ទូលថា៖“អ្នកកំលោះអើយ ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង!”។
15មនុស្សស្លាប់នោះក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយ។ ព្រះយេស៊ូវប្រគល់គាត់ឲ្យម្ដាយរបស់គាត់វិញ។ 16សេចក្ដីភ័យខ្លាចបានកើតមានដល់មនុស្សទាំងអស់ ហើយពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយនិយាយថា៖ “ព្យាការីដ៏ធំឧត្ដមបានលេចឡើងក្នុងចំណោមយើងហើយ!” ហើយថា៖ “ព្រះបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គហើយ!”។ 17ដំណឹងនេះអំពីព្រះយេស៊ូវបានសាយចេញទៅទូទាំងយូឌា និងតំបន់ជុំវិញទាំងមូល។
ស្ដីអំពីយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក
18ពួកសិស្សរបស់យ៉ូហានបានប្រាប់យ៉ូហានអំពីការទាំងអស់នេះ។ យ៉ូហានក៏ហៅសិស្សពីរនាក់របស់គាត់មក 19ហើយចាត់ពួកគេឲ្យទៅរកព្រះអម្ចាស់#7:19 ព្រះអម្ចាស់―ឯកសារបុរាណខ្លះថា “ព្រះយេស៊ូវ”។ ដោយទូលសួរថា៖ “តើលោកជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវតែរង់ចាំអ្នកផ្សេងទៀត?”។
20អ្នកទាំងពីរក៏មកដល់ព្រះអង្គ ហើយទូលថា៖ “យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានចាត់យើងខ្ញុំឲ្យមកសួរលោកថា: ‘តើលោកជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវតែរង់ចាំអ្នកផ្សេងទៀត?’”។
21នៅពេលនោះ#7:21 នៅពេលនោះ―ឯកសារបុរាណខ្លះថា “នៅពេលដដែលនោះ”។ ព្រះយេស៊ូវបានប្រោសមនុស្សជាច្រើនឲ្យជាពីរោគា ការឈឺចុកចាប់ផ្សេងៗ និងវិញ្ញាណអាក្រក់ ព្រមទាំងប្រោសមនុស្សខ្វាក់ភ្នែកជាច្រើនឲ្យមើលឃើញផង។ 22ដូច្នេះ ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចូរទៅប្រាប់យ៉ូហានអំពីអ្វីៗដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់ភ្នែកមើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញ ហើយមនុស្សក្រីក្របានឮដំណឹងល្អ។ 23មានពរហើយ អ្នកណាក៏ដោយដែលមិនជំពប់ដួលដោយសារតែខ្ញុំ”។ 24នៅពេលពួកអ្នកនាំសាររបស់យ៉ូហានចេញទៅហើយ ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលនឹងហ្វូងមនុស្សអំពីយ៉ូហានថា៖“តើអ្នករាល់គ្នាចេញទៅមើលអ្វីនៅទីរហោស្ថាន? ទៅមើលដើមត្រែងយោលយោកដោយខ្យល់ឬ? 25បើមិនដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? ទៅមើលមនុស្សដែលដណ្ដប់ដោយសម្លៀកបំពាក់ទន់ៗឬ? មើល៍! អ្នកដែលស្លៀកសម្លៀកបំពាក់ល្អរុងរឿង ហើយរស់នៅក្នុងភាពប្រណិត គេនៅក្នុងវាំងទេ។ 26ដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? ទៅមើលព្យាការីឬ? មែនហើយ! ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ប្រសើរជាងព្យាការីទៅទៀត។ 27គឺអ្នកនេះហើយ ដែលមានសរសេរទុកមកអំពីគាត់ថា:
‘មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅខាងមុខអ្នក
ដែលនឹងរៀបចំផ្លូវរបស់អ្នកនៅមុខអ្នក’។ # 7:27 《ម៉ាឡាគី》 3:1។
28 ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមមនុស្សដែលកើតពីស្ត្រីមក គ្មានអ្នកណា # 7:28 គ្មានអ្នកណា―ឯកសារបុរាណខ្លះថា “គ្មានព្យាការីណា”។ ធំជាងយ៉ូហាន # 7:28 យ៉ូហាន―ឯកសារបុរាណខ្លះថា “យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក”។ នោះទេ; ប៉ុន្តែអ្នកតូចជាងគេនៅក្នុងអាណាចក្ររបស់ព្រះ ក៏ធំជាងយ៉ូហានទៅទៀត”។
29នៅពេលឮដូច្នេះ ប្រជាជនទាំងអស់និងពួកអ្នកទារពន្ធ ក៏ទទួលស្គាល់ថាព្រះទ្រង់សុចរិតយុត្តិធម៌ ដោយបានទទួលពិធីជ្រមុជទឹកដោយពិធីជ្រមុជរបស់យ៉ូហាន 30រីឯពួកផារិស៊ី និងពួកអ្នកច្បាប់ ក៏បដិសេធគម្រោងរបស់ព្រះសម្រាប់ខ្លួនពួកគេ ដោយមិនទទួលពិធីជ្រមុជទឹកពីយ៉ូហាន។
ជំនាន់មិនអើពើ
31ព្រះអម្ចាស់មានបន្ទូលទៀតថា៖#7:31 ឯកសារបុរាណខ្លះគ្មាន “ព្រះអម្ចាស់មានបន្ទូលទៀតថា៖”។“តើខ្ញុំនឹងប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី? តើពួកគេប្រៀបដូចជាអ្វី? 32គឺប្រៀបដូចជាក្មេងៗអង្គុយតាមផ្សារ ដែលស្រែកដាក់គ្នាទៅវិញទៅមកថា:
‘ពួកយើងផ្លុំខ្លុយឲ្យពួកឯង
តែពួកឯងមិនបានរាំទេ;
ពួកយើងស្មូត្របទទំនួញ
តែពួកឯងក៏មិនបានយំសោកដែរ’។
33 ដ្បិតយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានមក ទាំងមិនហូបនំប៉័ង ទាំងមិនផឹកស្រាទំពាំងបាយជូរផង អ្នករាល់គ្នាក៏និយាយថា: ‘គាត់មានអារក្សចូល!’ 34រីឯកូនមនុស្សបានមក ទាំងហូបទាំងផឹក អ្នករាល់គ្នាក៏ថា: ‘មើល៍! មនុស្សល្មោភស៊ី និងល្មោភផឹក ជាមិត្តភក្ដិរបស់អ្នកទារពន្ធ និងមនុស្សបាប!’។ 35ប៉ុន្តែប្រាជ្ញាត្រូវបានបញ្ជាក់ថាសុចរិត ដោយកូនទាំងអស់របស់វា”។
លើកលែងទោសច្រើន, ស្រឡាញ់ច្រើន
36មានម្នាក់ក្នុងពួកផារិស៊ី បានអញ្ជើញព្រះយេស៊ូវទៅសោយជាមួយគាត់ ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះរបស់ពួកផារិស៊ីនោះ ហើយរួមតុអាហារជាមួយគាត់។ 37ពេលនោះ មើល៍! មានស្ត្រីម្នាក់នៅទីក្រុងនោះដែលជាមនុស្សបាប នៅពេលនាងដឹងថា ព្រះយេស៊ូវគង់នៅតុអាហារក្នុងផ្ទះរបស់ពួកផារិស៊ីនោះ នាងក៏យកដបថ្មកែវដែលមានប្រេងក្រអូបមក 38ឈរពីខាងក្រោយ នៅទៀបព្រះបាទារបស់ព្រះអង្គទាំងយំ ហើយចាប់ផ្ដើមធ្វើឲ្យព្រះបាទារបស់ព្រះអង្គទទឹកដោយទឹកភ្នែក រួចជូតដោយសក់ក្បាលរបស់ខ្លួន ព្រមទាំងថើបព្រះបាទារបស់ព្រះអង្គ ហើយលាបប្រេងក្រអូបទៀតផង។
39ពួកផារិស៊ីម្នាក់នោះដែលអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏និយាយក្នុងចិត្តថា៖ “បើសិនអ្នកនេះជាព្យាការីមែន គាត់មុខជាដឹងថា ស្ត្រីដែលកំពុងពាល់គាត់ជាអ្នកណា ហើយជាមនុស្សបែបណាមិនខាន ដ្បិតនាងជាមនុស្សបាប”។
40ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ស៊ីម៉ូនអើយ ខ្ញុំមានរឿងមួយប្រាប់អ្នក”។
ស៊ីម៉ូនក៏ទូលថា៖ “លោកគ្រូ សូមនិយាយមកចុះ”។
41 “មានកូនបំណុលពីរនាក់ជំពាក់មេបំណុលម្នាក់។ ម្នាក់ជំពាក់ប្រាំរយឌេណារី # 7:41 ឌេណារី―លុយកាក់ធ្វើពីប្រាក់របស់រ៉ូម៉ាំង។ 1ឌេណារី=ថ្លៃឈ្នួល1ថ្ងៃ។ ម្នាក់ទៀតជំពាក់ហាសិបឌេណារី។ 42ដោយសារពួកគេមិនអាចសងបាន គាត់ក៏លើកលែងឲ្យអ្នកទាំងពីរ។ ដូច្នេះ តើនរណាក្នុងពួកគេនឹងស្រឡាញ់ម្ចាស់បំណុលជាង?”។
43ស៊ីម៉ូនទូលឆ្លើយថា៖ “ខ្ញុំគិតថា គឺអ្នកដែលម្ចាស់បំណុលលើកលែងឲ្យច្រើនជាង”។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អ្នកពិចារណាត្រូវហើយ”។ 44បន្ទាប់មក ព្រះយេស៊ូវទ្រង់ងាកទៅស្ត្រីនោះ ហើយមានបន្ទូលនឹងស៊ីម៉ូនថា៖“តើអ្នកឃើញស្ត្រីនេះទេ? ខ្ញុំបានចូលមកក្នុងផ្ទះរបស់អ្នក ហើយអ្នកមិនបានឲ្យទឹកដល់ខ្ញុំដើម្បីលាងជើងទេ រីឯនាងវិញ នាងបានធ្វើឲ្យជើងខ្ញុំទទឹកដោយទឹកភ្នែក ហើយជូតដោយសក់របស់នាងទៀត។ 45អ្នកមិនបានថើបខ្ញុំទេ រីឯនាងវិញ នាងចេះតែថើបជើងខ្ញុំឥតឈប់ តាំងពីខ្ញុំបានចូលមក។ 46អ្នកមិនបានលាបប្រេងលើក្បាលខ្ញុំទេ រីឯនាងវិញ នាងបានលាបប្រេងក្រអូបលើជើងខ្ញុំ។ 47ដោយហេតុនេះ ខ្ញុំប្រាប់អ្នកថា បាបជាច្រើនរបស់នាងត្រូវបានលើកលែងទោសហើយ ដូច្នេះហើយបានជានាងស្រឡាញ់ច្រើន។ ប៉ុន្តែអ្នកដែលត្រូវបានលើកលែងទោសឲ្យតិច ក៏ស្រឡាញ់តិចដែរ”។ 48រួចព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“បាបរបស់នាងត្រូវបានលើកលែងទោសហើយ”។
49ពួកអ្នកដែលរួមតុអាហារជាមួយក៏ចាប់ផ្ដើមនិយាយក្នុងចិត្តថា៖ “តើអ្នកនេះជានរណា ដែលសូម្បីតែបាបក៏លើកលែងទោសបានដូច្នេះ?”។
50តែព្រះអង្គមានបន្ទូលនឹងស្ត្រីនោះថា៖“ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្តចុះ”៕
Currently Selected:
លូកា 7: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative