YouVersion Logo
Search Icon

លូកា 8

8
ស្ត្រីៗដែលបម្រើព្រះយេស៊ូវ
1ក្រោយមកមិនយូរប៉ុន្មាន ព្រះយេស៊ូវ​យាងចុះឡើង​តាម​ទីក្រុង និង​ភូមិ​នានា ទាំង​ប្រកាស និង​ផ្សាយដំណឹងល្អ​នៃ​អាណាចក្រ​របស់​ព្រះ​។ សាវ័ក#8:1 សាវ័ក​―ជាពាក្យជំនួយ។​ទាំង​ដប់ពីរ​នាក់​នៅ​ជាមួយ​ព្រះអង្គ 2ហើយ​មាន​ស្ត្រី​មួយចំនួន​ដែល​ធ្លាប់​ត្រូវបាន​ប្រោសឲ្យជា​ពី​វិញ្ញាណអាក្រក់ និង​ជំងឺ​ផ្សេងៗ​ក៏​នៅជាមួយ​ដែរ គឺ​ម៉ារា​ហៅថា​អ្នកម៉ាក់ដាឡា ដែល​មាន​អារក្ស​ប្រាំពីរ​ចេញ​ពី​នាង 3យ៉ូអាន់ណា​ប្រពន្ធ​របស់​ឃូសា​ដែលជា​ចៅហ្វាវាំង​របស់​ហេរ៉ូឌ និង​ស៊ូសាណា ព្រមទាំង​ស្ត្រី​ឯទៀត​ជាច្រើន​ដែល​បម្រើ​ព្រះយេស៊ូវ និងពួកសិស្ស#8:3 ព្រះយេស៊ូវ និង​ពួក​សិស្ស―ន័យត្រង់គឺ “ពួកគេ”; ឯកសារបុរាណខ្លះថា “ព្រះអង្គ”។​ដោយ​ធនធាន​របស់​ខ្លួន។
ពាក្យឧបមាអំពីអ្នកសាបព្រោះ
4ពេលនោះ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​បាន​ផ្ដុំគ្នា ហើយ​មាន​មនុស្ស​ពីទីក្រុងនានា​មករក​ព្រះយេស៊ូវ ព្រះអង្គ​ក៏​មានបន្ទូល​នឹងពួកគេ​ជា​ពាក្យឧបមា​ថា៖ 5“មាន​អ្នកសាបព្រោះ​ម្នាក់​ចេញទៅ​សាបព្រោះ​គ្រាប់ពូជ​របស់​ខ្លួន​។ នៅពេល​គាត់​កំពុង​សាបព្រោះ គ្រាប់ពូជ​ខ្លះ​ធ្លាក់​នៅក្បែរ​ផ្លូវ ត្រូវគេ​ដើរជាន់ ហើយ​បក្សាបក្សីនៅលើអាកាស​ក៏​មក​ស៊ីអស់​។ 6គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​ថ្ម ពេល​ដុះឡើង វា​ក៏​ក្រៀមស្វិត​ទៅ ដោយសារ​គ្មាន​សំណើម​។ 7គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​ក្នុង​កណ្ដាល​គុម្ពបន្លា មែកបន្លា​ក៏​លូតលាស់​ជាមួយ ហើយ​រួបរឹត​វា។ 8រីឯ​គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​ដី​ល្អ ពេល​ដុះឡើង វា​ក៏​បង្កើត​ផល​មួយជាមួយរយ”។ នៅពេល​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើងថា​៖“អ្នក​ដែល​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ!”។
ហេតុដែលព្រះយេស៊ូវទ្រង់ប្រើពាក្យឧបមា
9បន្ទាប់មក ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ទូល​សួរ​ព្រះអង្គ​អំពី​អត្ថន័យ​របស់​ពាក្យឧបមា​នេះ​។ 10ព្រះអង្គ​មានបន្ទូលថា​៖“អាថ៌កំបាំង​នៃ​អាណាចក្រ​របស់​ព្រះ​បាន​ប្រទាន​ឲ្យ​អ្នករាល់គ្នា​យល់​ហើយ រីឯ​អ្នក​ដទៃ គឺ​មក​ជា​ពាក្យឧបមា​វិញ ដើម្បីឲ្យ
‘ពួកគេ​មើល ប៉ុន្តែ​មិន​ឃើញ​;
ពួកគេ​ស្ដាប់ ប៉ុន្តែ​មិន​យល់’។ # 8:10 《អេសាយ》 6:9។
ការបកស្រាយពាក្យឧបមាអំពីអ្នកសាបព្រោះ
11 “ពាក្យឧបមា​នេះ​មានន័យ​ដូចតទៅ​: គ្រាប់ពូជ​ជា​ព្រះបន្ទូល​របស់​ព្រះ​។ 12គ្រាប់ពូជ​ដែល​នៅក្បែរ​ផ្លូវ គឺ​អ្នក​ដែល​បាន​ឮ រួច​មារ​ក៏​មក​ឆក់យក​ព្រះបន្ទូល​ពី​ចិត្ត​របស់​ពួកគេ​ទៅ ដើម្បីកុំឲ្យ​ពួកគេ​ជឿ ហើយ​បាន​សង្គ្រោះ​ឡើយ។ 13គ្រាប់ពូជ​ដែល​នៅលើ​ថ្ម គឺ​អ្នកដែល​នៅពេល​ឮ​ហើយ ក៏​ទទួលយក​ព្រះបន្ទូល​ដោយ​អំណរ ប៉ុន្តែ​ពួកគេ​គ្មាន​ឫស​ទេ ពួកគេ​ជឿ​តែ​មួយរយៈ​ប៉ុណ្ណោះហើយ​កាលណា​មាន​ការសាកល្បង ពួកគេ​ក៏​ដកខ្លួនចេញ​។ 14គ្រាប់ពូជ​ដែល​ធ្លាក់​ក្នុង​គុម្ពបន្លា គឺ​អ្នក​ដែល​បាន​ឮ ប៉ុន្តែ​ក្នុង​ដំណើរ​ជីវិត#8:14 ជីវិត―ជាពាក្យជំនួយ។ពួកគេ​ត្រូវបាន​រួបរឹត​ដោយ​កង្វល់ ទ្រព្យសម្បត្តិ និង​ការសប្បាយ​នៃ​ការរស់នៅ ដូច្នេះ​ពួកគេ​មិន​បង្កើតផលពេញលក្ខណៈ​ឡើយ​។ 15គ្រាប់ពូជ​ដែល​នៅក្នុង​ដី​ល្អ គឺ​អ្នក​ដែល​នៅពេល​ឮ​ព្រះបន្ទូល​ដោយ​ចិត្ត​ល្អ​ទៀងត្រង់ ក៏​កាន់ខ្ជាប់​នូវ​ព្រះបន្ទូល​នោះ ព្រមទាំង​បង្កើតផល​ដោយ​ការស៊ូទ្រាំ​។
ពាក្យឧបមាអំពីចង្កៀង
16 “គ្មានអ្នកណា​អុជ​ចង្កៀង ហើយ​គ្រប​នឹង​ភាជនៈ ឬ​ដាក់​ក្រោម​គ្រែ​ឡើយ គឺ​គេ​ដាក់​លើ​ជើងចង្កៀង​វិញ ដើម្បីឲ្យ​អស់អ្នក​ដែល​ចូលមក​ឃើញ​ពន្លឺនោះ​។ 17ដ្បិត​គ្មាន​ការ​សម្ងាត់​អ្វីដែល​មិន​ត្រូវបាន​សម្ដែង​ឡើយ ហើយក៏គ្មាន​អាថ៌កំបាំង​អ្វីដែល​មិន​ត្រូវបាន​ដឹង និង​មិន​ត្រូវបាន​លាតត្រដាង​ដែរ​។ 18ដូច្នេះ ចូរ​យកចិត្តទុកដាក់​ចំពោះ​របៀប​ដែល​អ្នករាល់គ្នា​ស្ដាប់​ចុះ ដ្បិត​អ្នកណាក៏ដោយដែល​មាន នឹង​ប្រទាន​ឲ្យ​អ្នកនោះ​ថែមទៀត ប៉ុន្តែ​អ្នកណាក៏ដោយដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​គិតថា​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ”។
សាច់ញាតិដ៏ពិត
19បន្ទាប់មក ម្ដាយ និង​ប្អូន​ៗ​របស់​ព្រះយេស៊ូវ​បាន​មក‍រក​ព្រះអង្គ ប៉ុន្តែ​ពួកគេ​មិនអាច​ចូលទៅជិត​ព្រះអង្គ​បានទេ ដោយសារតែ​ហ្វូងមនុស្ស​។ 20មាន​គេ​ទូល​ព្រះអង្គ​ថា​៖ “ម្ដាយ និង​ប្អូន​ៗ​របស់លោក​កំពុង​ឈរ​នៅ​ខាងក្រៅ ចង់​ជួប​លោក”។
21ប៉ុន្តែ​ព្រះអង្គ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖“ម្ដាយ​របស់ខ្ញុំ និង​បងប្អូន​របស់ខ្ញុំ គឺ​អ្នកទាំងនេះ​ដែល​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ហើយ​ប្រព្រឹត្តតាម”។
ខ្យល់ និងរលកស្ដាប់បង្គាប់
22នៅ​គ្រានោះ មាន​ថ្ងៃ​មួយ​ដែល​ព្រះយេស៊ូវ​យាង​ចុះ​ទូក​ជាមួយ​ពួក​សិស្ស ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយម្ខាង​បឹង”។ ពួកគេ​ក៏​ចេញទូក​ទៅ​។ 23ខណៈដែល​ពួកគេ​កំពុង​ធ្វើដំណើរតាមទូក ព្រះអង្គ​ក៏​ផ្ទំលក់​។ ពេលនោះ មាន​ខ្យល់ព្យុះ​បក់​មក​លើ​បឹង ទឹក​ក៏​លិចចូលពេញ​ទូក ហើយ​ពួកគេ​ស្ថិតក្នុងភាពគ្រោះថ្នាក់​។ 24ពួកសិស្ស​ក៏​ចូលទៅជិត ហើយ​ដាស់​ព្រះអង្គ​ឡើង​ដោយ​ទូលថា​៖ “លោកគ្រូ​! លោកគ្រូ​! យើងខ្ញុំ​កំពុង​វិនាស​ហើយ‍!”។ ព្រះអង្គ​ក៏​តើនឡើង ស្ដីឲ្យ​ខ្យល់ និង​រលក​។ ពេលនោះ ខ្យល់ និង​រលក​ក៏​ឈប់ ហើយ​មាន​ភាពស្ងប់ស្ងាត់​។ 25ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖“តើ​ជំនឿ​របស់អ្នករាល់គ្នា​នៅ​ឯណា​?”។
ពួកគេ​ក៏​ភ្ញាក់ផ្អើល​ទាំង​ភ័យខ្លាច ហើយ​និយាយ​គ្នាទៅវិញទៅមក​ថា៖ “ចុះ​តើ​លោកនេះ​ជា​នរណា​? លោក​បញ្ជា​សូម្បីតែ​ខ្យល់ និង​ទឹក ហើយ​វា​ក៏​ស្ដាប់បង្គាប់​លោក​ដែរ​!”។
ដេញអារក្សនៅគេរ៉ាស៊ីន
26ព្រះយេស៊ូវ និងពួកសិស្ស​ជិះទូកមក​ដល់​តំបន់​របស់​ជនជាតិគេរ៉ាស៊ីន#8:26 គេរ៉ាស៊ីន―ឯកសារបុរាណខ្លះថា “កាដារ៉ា”។ ដែល​នៅ​ទល់មុខ​កាលីឡេ។ 27នៅពេល​ព្រះយេស៊ូវ​យាង​ឡើង​លើ​គោក មាន​បុរស​ម្នាក់​ពី​ទីក្រុង​នោះ​ដែល​មានអារក្សចូល​បាន​មកជួប​ព្រះអង្គ​។ ជាយូរណាស់មកហើយ បុរសនោះ​មិន​បាន​ស្លៀក​សម្លៀកបំពាក់ ហើយ​មិន​បាន​រស់នៅ​ក្នុង​ផ្ទះ​ទេ គឺ​រស់​នៅតាម​រូងផ្នូរ​វិញ​។ 28នៅពេល​ឃើញ​ព្រះយេស៊ូវ គាត់​ក៏​ក្រាបចុះ​នៅមុខ​ព្រះអង្គ​ទាំង​ស្រែកឡើង ហើយ​ទូល​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ព្រះយេស៊ូវ​ព្រះបុត្រារបស់ព្រះ​ដ៏ខ្ពស់បំផុត​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​ទូលបង្គំ​? ទូលបង្គំ​ទូល​អង្វរ​ព្រះអង្គ សូម​កុំ​ធ្វើទុក្ខ​ទូលបង្គំ​ឡើយ​!”។ 29ដ្បិត​ព្រះអង្គ​បាន​បង្គាប់​វិញ្ញាណអសោច​ឲ្យ​ចេញ​ពី​បុរស​នោះ​។ កន្លងមក អារក្ស​បាន​ធ្វើទុក្ខ​គាត់​ជាច្រើនលើក ទោះបីជា​គាត់​ត្រូវគេ​ដាក់​ច្រវាក់ និង​ខ្នោះ ហើយ​ត្រូវគេ​យាម​ក៏ដោយ ក៏ប៉ុន្តែ​គាត់​បាន​ផ្ដាច់​ចំណង​ទាំងនោះ​ចេញ ហើយ​ត្រូវ​អារក្ស​បណ្ដេញ​ទៅ​ទីរហោស្ថាន​។
30ព្រះយេស៊ូវ​ទ្រង់​សួរ​គាត់​ថា៖“តើ​អ្នក​ឈ្មោះ​អ្វី?”។
គាត់​ទូល​ឆ្លើយថា​៖ “កងទ័ព” ដ្បិត​មាន​អារក្ស​ជាច្រើន​បាន​ចូល​ក្នុង​គាត់​។ 31អារក្សទាំងនោះ​ទូល​អង្វរ​ព្រះយេស៊ូវ កុំឲ្យ​ព្រះអង្គ​បញ្ជា​ពួកវា​ឲ្យ​ទៅ​ក្នុង​រណ្ដៅគ្មានបាត​ឡើយ​។
32នៅ​ទីនោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រកស៊ី​តាម​ភ្នំ​។ អារក្សទាំងនោះ​ទូល​អង្វរ​ព្រះយេស៊ូវ ឲ្យ​ព្រះអង្គ​អនុញ្ញាតឲ្យ​ពួកវា​ចូល​ក្នុង​ជ្រូក​ទាំងនោះ ព្រះយេស៊ូវ​ក៏​អនុញ្ញាតឲ្យ​ពួកវា​។ 33ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​នោះ ហើយ​ចូល​ក្នុង​ជ្រូក​ទាំងនោះ​។ ពេលនោះ ហ្វូង​ជ្រូក​បាន​បោល​ចុះ​តាម​ចំណោតភ្នំ​ទៅក្នុង​បឹង ហើយ​លង់ទឹកងាប់​អស់ទៅ​។ 34នៅពេល​ឃើញ​ការ​ដែល​បាន​កើតឡើង ពួក​អ្នកចិញ្ចឹម​ជ្រូក​ក៏​រត់គេច ហើយ​ទៅ#8:34 ឯកសារបុរាណខ្លះគ្មាន “ទៅ”។​ប្រាប់​រឿងនេះ​នៅក្នុង​ទីក្រុង និង​នៅតាម​ភូមិ​។ 35គេ​ក៏​នាំគ្នា​ចេញមក​មើល​អ្វី​ដែល​បាន​កើតឡើង​។ ពួកគេ​មករក​ព្រះយេស៊ូវ ហើយ​ឃើញ​បុរស​ដែល​អារក្ស​បាន​ចេញ​នោះ កំពុង​អង្គុយ​នៅទៀប​ព្រះបាទា​ព្រះយេស៊ូវ ដោយ​មាន​ស្លៀក​សម្លៀកបំពាក់ និង​ដឹងស្មារតី ក៏​ធ្វើឲ្យ​ពួកគេ​ខ្លាច​។ 36ពួក​អ្នក​ដែល​ឃើញ​ក៏​ប្រាប់​ពួកគេ​អំពី​របៀប​ដែល​បុរស​អារក្សចូល​នោះ​ត្រូវបាន​ប្រោសឲ្យជា​។ 37ប្រជាជន​ទាំងអស់​នៅ​តំបន់ជុំវិញ​គេរ៉ាស៊ីន#8:37 គេរ៉ាស៊ីន―ឯកសារបុរាណខ្លះថា “កាដារ៉ា”។ ក៏​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ចាកចេញ​ពី​ពួកគេ ពីព្រោះ​មាន​សេចក្ដីភ័យខ្លាច​យ៉ាងខ្លាំង​កើតមាន​ដល់ពួកគេ​។ ដូច្នេះ ព្រះយេស៊ូវ​ក៏​ជិះ​ទូក​ត្រឡប់ទៅវិញ​។
38បុរស​ដែល​អារក្ស​បាន​ចេញ​នោះ ទូល​អង្វរ​ព្រះយេស៊ូវ​ឲ្យ​គាត់​បាន​នៅ​ជាមួយ​ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ឲ្យ​គាត់​ទៅវិញ ដោយ​មានបន្ទូលថា​៖ 39“ចូរ​ត្រឡប់ទៅ​ផ្ទះ​របស់អ្នក​វិញ ហើយ​រៀបរាប់ថា​ព្រះ​បាន​ធ្វើ​យ៉ាងណា​ដល់​អ្នក”។ គាត់​ក៏​ចេញទៅ ហើយ​ប្រកាស​នៅ​ទីក្រុង​ទាំងមូល​ថា​ព្រះយេស៊ូវ​បាន​ធ្វើ​យ៉ាងណា#8:39 យ៉ាងណា―ឬ “អ្វី”។​ដល់​គាត់។
ក្មេងស្រីរស់ឡើងវិញ និងស្ត្រីបានជា
40នៅពេល​ព្រះយេស៊ូវ​យាង​ត្រឡប់មកវិញ ហ្វូងមនុស្ស​ក៏​ទទួលស្វាគមន៍​ព្រះអង្គ ដ្បិត​ពួកគេ​ទាំងអស់គ្នា​កំពុង​រង់ចាំ​ព្រះអង្គ​។ 41ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ៃរ៉ុស ជា​មេគ្រប់គ្រង​សាលាប្រជុំ​បាន​មក​។ គាត់​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ហើយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​យាង​ទៅ​ផ្ទះ​របស់​គាត់ 42ពីព្រោះ​គាត់​មាន​កូនស្រី​តែមួយ​អាយុ​ប្រមាណ​ដប់ពីរ​ឆ្នាំ នាង​ជិត​ស្លាប់​ហើយ​។
ខណៈដែល​ព្រះយេស៊ូវ​កំពុង​យាង​ទៅ មាន​ហ្វូងមនុស្ស​ប្រជ្រៀត​ព្រះអង្គ​។ 43មាន​ស្ត្រី​ម្នាក់​កើត​ជំងឺធ្លាក់ឈាម​ដប់ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​បា្រក់ចិញ្ចឹមជីវិត​ទាំងអស់​របស់នាង​ទៅលើ​គ្រូពេទ្យ#8:43 ឯកសារបុរាណខ្លះគ្មាន “នាងបាន​ចំណាយ​បា្រក់ចិញ្ចឹមជីវិតទាំងអស់​របស់នាងទៅលើ​គ្រូពេទ្យ”។ ប៉ុន្តែ​គ្មានអ្នកណា​អាច​ព្យាបាល​នាង​ឲ្យជា​បាន​ឡើយ​។ 44នាង​បាន​ចូលមកជិត​ពីខាងក្រោយ ហើយ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​។ រំពេចនោះ ជំងឺធ្លាក់ឈាម​របស់​នាង​ក៏​បាត់​។
45ព្រះយេស៊ូវ​មានបន្ទូលថា​៖“នរណា​ពាល់​ខ្ញុំ?”។
នៅពេល​ទាំងអស់គ្នា​បដិសេធ ពេត្រុស#8:45 ឯកសារបុរាណខ្លះបន្ថែម “និងអ្នកដែលនៅជាមួយគាត់”។​ក៏​ទូលថា​៖ “លោកគ្រូ មនុស្សជាច្រើន​កំពុង​ចោមរោម ហើយ​ប្រជ្រៀត​លោក​!#8:45 ឯកសារ​បុរាណ​ខ្លះ​បន្ថែម “តើលោកនៅតែនិយាយថា: ‘នរណា​ពាល់​ខ្ញុំ?’ ឬ?”។”។
46ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“មាន​អ្នកណា​ម្នាក់​ពាល់​ខ្ញុំ ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ចេស្ដា​បាន​ចេញ​ពី​ខ្ញុំ”។ 47ស្ត្រី​នោះ​ឃើញ​ថា​លាក់មិនជិត ក៏​មក​ទាំង​ភ័យញ័រ ហើយ​ក្រាបចុះ​នៅចំពោះ​ព្រះអង្គ ទូល​នៅមុខ​ប្រជាជន​ទាំងអស់​អំពី​ហេតុផល​ដែល​នាង​បាន​ពាល់​ព្រះអង្គ និង​របៀបដែល​នាង​ត្រូវបាន​ប្រោសឲ្យជា​ក្នុងមួយរំពេច​។ 48ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា៖“កូនស្រី​អើយ#8:48 ឯកសារបុរាណខ្លះបន្ថែម “ចូរមានទឹកចិត្តឡើង!”។ជំនឿ​របស់នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ”។
49ខណៈដែល​ព្រះអង្គ​កំពុង​មានបន្ទូល​នៅឡើយ មាន​ម្នាក់​មក​ពី​ផ្ទះ#8:49 ផ្ទះ―ជាពាក្យជំនួយ។​អ្នកគ្រប់គ្រងសាលាប្រជុំ ប្រាប់ថា#8:49 ប្រាប់​ថា―ឯកសារបុរាណខ្លះថា “ប្រាប់​គាត់​ថា”។​៖ “កូនស្រី​របស់លោក​ស្លាប់​ហើយ កុំ​រំខាន​លោកគ្រូ​ទៀតអី”។
50ប៉ុន្តែ​ព្រះយេស៊ូវ​បាន‍ឮ​ដូច្នេះ ក៏​មានបន្ទូល​នឹង​យ៉ៃរ៉ុស​ថា​៖“កុំ​ខ្លាច​ឡើយ​! ចូរ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​បាន​ជាសះស្បើយ”។ 51នៅពេល​មកដល់​ផ្ទះ​នោះ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ចូលទៅ​ជាមួយ​ព្រះអង្គ​ឡើយ លើកលែងតែ​ពេត្រុស យ៉ូហាន យ៉ាកុប និង​ឪពុក​ម្ដាយ​របស់​កូន​នោះ​ប៉ុណ្ណោះ។ 52រីឯ​គេ​ទាំងអស់គ្នា​ក៏​យំសោក​គក់ទ្រូង​ដោយសារ​តែ​ក្មេងនោះ ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“កុំ​យំ​ឡើយ​! ក្មេងនេះ​មិន​បាន​ស្លាប់​ទេ គឺ​នាង​កំពុង​ដេកលក់​ទេតើ”។
53ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះអង្គ ដោយ​ដឹង​ថា​នាង​បាន​ស្លាប់​ហើយ​។ 54ប៉ុន្តែ​ព្រះអង្គ​បាន#8:54 ឯកសារបុរាណខ្លះបន្ថែម “ឲ្យ​ពួកគេ​ទាំងអស់​គ្នា​ចេញ រួច”។ ​កាន់​ដៃ​នាង ហើយ​ស្រែកឡើង​ថា៖“កូន​អើយ ចូរ​ក្រោកឡើង​!”។ 55វិញ្ញាណ​របស់​នាង​ក៏​ត្រឡប់មកវិញ ហើយ​នាង​ក្រោកឡើង​ភ្លាម​។ ព្រះយេស៊ូវ​ទ្រង់​បង្គាប់​ឲ្យ​គេ​ឲ្យ​អាហារ​នាង​ហូប។ 56ឪពុកម្ដាយ​របស់​នាង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​បង្គាប់​ពួកគេ​មិន​ឲ្យ​ប្រាប់​អ្នកណា​អំពី​ការ​ដែល​បាន​កើតឡើង​នោះឡើយ​៕

Currently Selected:

លូកា 8: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in