លូកា 6
6
ព្រះអម្ចាស់លើថ្ងៃសប្ប័ទ
1នៅថ្ងៃសប្ប័ទ#6:1 ថ្ងៃសប្ប័ទ―ឯកសារបុរាណខ្លះថា “ថ្ងៃសប្ប័ទដ៏សំខាន់ទីពីរ”។មួយ ពេលព្រះយេស៊ូវយាងកាត់វាលស្រែ ពួកសិស្សរបស់ព្រះអង្គក៏កាច់កួរស្រូវមកញីនឹងដៃហូប។ 2មានអ្នកខ្លះក្នុងពួកផារិស៊ីនិយាយថា៖ “ម្ដេចក៏អ្នករាល់គ្នាធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើ#6:2 ឯកសារបុរាណខ្លះគ្មាន “មិនឲ្យធ្វើ”។នៅថ្ងៃសប្ប័ទ?”។
3ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនដែលអានអំពីការនេះដែលដាវីឌបានធ្វើ នៅពេលលោក និងពួកអ្នកដែលនៅជាមួយលោកឃ្លានទេឬ? 4គឺរបៀបដែលលោកចូលទៅក្នុងដំណាក់របស់ព្រះ ហើយយកនំប៉័ងតាំងថ្វាយមកហូប ព្រមទាំងចែកឲ្យពួកអ្នកដែលនៅជាមួយលោកផង ជានំប៉័ងដែលច្បាប់ហាមមិនឲ្យហូបឡើយ លើកលែងតែពួកបូជាចារ្យប៉ុណ្ណោះ”។ 5ព្រះយេស៊ូវមានបន្ទូលនឹងពួកគេទៀតថា៖“កូនមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ”។
ប្រោសមនុស្សស្វិតដៃឲ្យជា
6នៅថ្ងៃសប្ប័ទមួយទៀត ព្រះយេស៊ូវយាងចូលទៅក្នុងសាលាប្រជុំ ហើយបង្រៀនគេ។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃស្ដាំ។ 7ពួកគ្រូវិន័យ និងពួកផារិស៊ីឃ្លាំមើលព្រះអង្គ ថាតើព្រះអង្គនឹងប្រោសបុរសនោះឲ្យជានៅថ្ងៃសប្ប័ទឬអត់ ដើម្បីរកហេតុផល#6:7 ហេតុផល―ជាពាក្យជំនួយ។ចោទប្រកាន់ព្រះអង្គ។ 8ប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបគំនិតរបស់ពួកគេ ក៏មានបន្ទូលនឹងបុរសស្វិតដៃម្ខាងនោះថា៖“ចូរក្រោកឡើង មកឈរនៅកណ្ដាលចំណោម!”។ គាត់ក៏ក្រោកឡើង ឈរនៅទីនោះ។ 9បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ខ្ញុំសូមសួរ#6:9 ឯកសារបុរាណខ្លះបន្ថែម “សំណួរមួយដល់”។អ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមួយណាត្រូវច្បាប់ : ធ្វើល្អ ឬធ្វើអាក្រក់? សង្គ្រោះជីវិត ឬសម្លាប់ជីវិត?”។ 10ព្រះអង្គទតមើលជុំវិញទៅពួកគេទាំងអស់គ្នាហើយ ក៏មានបន្ទូលនឹងបុរសនោះថា៖“ចូរលាតដៃរបស់អ្នកចុះ!”។ គាត់ក៏ធ្វើតាម នោះដៃរបស់គាត់បានដូចដើមវិញ#6:10 ឯកសារបុរាណខ្លះបន្ថែម “គឺល្អដូចដៃម្ខាងទៀត”។។ 11ពួកគេក៏ពេញដោយភាពក្ដៅក្រហាយ#6:11 ភាពក្ដៅក្រហាយ―ន័យត្រង់គឺ “ភាពចម្កួត”។ ហើយពិគ្រោះគ្នាទៅវិញទៅមកថា ត្រូវធ្វើយ៉ាងណាចំពោះព្រះយេស៊ូវ។
ជ្រើសរើសសាវ័កដប់ពីរនាក់
12នៅគ្រានោះ ព្រះយេស៊ូវយាងចេញទៅភ្នំដើម្បីអធិស្ឋាន ហើយព្រះអង្គទ្រង់អធិស្ឋានទៅព្រះពេញមួយយប់។ 13លុះព្រលឹមឡើង ព្រះអង្គទ្រង់ហៅពួកសិស្សរបស់ព្រះអង្គមក ហើយជ្រើសរើសដប់ពីរនាក់ពីចំណោមពួកគេ ដែលព្រះអង្គហៅថាសាវ័ក:
14ស៊ីម៉ូន ដែលព្រះអង្គហៅថាពេត្រុស;
អនទ្រេប្អូនប្រុស#6:14 ប្អូនប្រុស―ន័យត្រង់គឺ “បងប្អូនប្រុស”។របស់គាត់;
យ៉ាកុប និងយ៉ូហាន;
ភីលីព និងបារថូឡូមេ;
15ម៉ាថាយ និងថូម៉ាស;
យ៉ាកុបកូនរបស់អាល់ផាយ;
ស៊ីម៉ូនដែលគេហៅថាអ្នកជាតិនិយម;
16យូដាសកូន#6:15,16 កូន―ជាពាក្យជំនួយ។របស់យ៉ាកុប
និងយូដាសអ៊ីស្ការីយ៉ុតដែលក្លាយទៅជាអ្នកក្បត់។
បង្រៀន និងប្រោសឲ្យជា
17នៅពេលយាងចុះមកពីភ្នំវិញជាមួយពួកសិស្ស ព្រះយេស៊ូវទ្រង់ឈរនៅកន្លែងរាបស្មើ។ នៅទីនោះ មានសិស្សរបស់ព្រះអង្គជាច្រើន#6:17 ឯកសារបុរាណខ្លះគ្មាន “ជាច្រើន”។ និងហ្វូងមនុស្សមួយក្រុមធំដែលមកពីទូទាំងយូឌា និងយេរូសាឡិម ហើយពីទីរ៉ុស និងស៊ីដូន ដែលជាតំបន់មាត់សមុទ្រ។ 18ពួកគេមកដើម្បីស្ដាប់ព្រះអង្គ និងដើម្បីទទួលការប្រោសឲ្យជាពីរោគាផ្សេងៗរបស់ពួកគេ។ អ្នកទាំងនោះដែលត្រូវវិញ្ញាណអសោចធ្វើទុក្ខ ក៏ត្រូវបានប្រោសឲ្យជា។ 19ហ្វូងមនុស្សទាំងមូលក៏ព្យាយាមពាល់ព្រះអង្គ ពីព្រោះមានព្រះចេស្ដាចេញពីព្រះអង្គ ហើយប្រោសគេទាំងអស់គ្នាឲ្យជា។
ព្រះពរ
20ព្រះយេស៊ូវទ្រង់ងើបព្រះនេត្រទៅពួកសិស្សរបស់ព្រះអង្គ ហើយមានបន្ទូលថា៖
“មានពរហើយ អ្នកដែលក្រខ្សត់
ដ្បិតអាណាចក្ររបស់ព្រះជារបស់អ្នករាល់គ្នា។
21 មានពរហើយ អ្នកដែលឃ្លាននៅឥឡូវនេះ
ដ្បិតអ្នករាល់គ្នានឹងបានស្កប់ស្កល់។
មានពរហើយ អ្នកដែលយំសោកនៅឥឡូវនេះ
ដ្បិតអ្នករាល់គ្នានឹងសើចវិញ។
22 អ្នករាល់គ្នាមានពរហើយ នៅពេលគេស្អប់អ្នករាល់គ្នា
និងនៅពេលគេកាត់កាល់អ្នករាល់គ្នា ត្មះតិះដៀល
ហើយលុបឈ្មោះរបស់អ្នករាល់គ្នាចោលទុកដូចជាមនុស្សអាក្រក់
ដោយសារតែកូនមនុស្ស។
23 “នៅថ្ងៃនោះ ចូរអរសប្បាយ ហើយលោតកញ្ឆេងចុះ ព្រោះថា មើល៍! រង្វាន់របស់អ្នករាល់គ្នាធំណាស់នៅស្ថានសួគ៌។ ជាការពិត ដូនតារបស់គេក៏បានប្រព្រឹត្តដល់បណ្ដាព្យាការីយ៉ាងដូច្នោះដែរ។
អន្តរាយ
24 ប៉ុន្តែវេទនាហើយ អ្នករាល់គ្នាដែលជាអ្នកមាន
ដ្បិតអ្នករាល់គ្នាបានទទួលការសម្រាលទុក្ខហើយ។
25 វេទនាហើយ អ្នករាល់គ្នាដែលឆ្អែតនៅឥឡូវនេះ # 6:25 ឯកសារបុរាណខ្លះគ្មាន “នៅឥឡូវនេះ”។
ដ្បិតអ្នករាល់គ្នានឹងឃ្លានវិញ។
វេទនាហើយ អ្នករាល់គ្នាដែលកំពុងសើចនៅឥឡូវនេះ
ដ្បិតអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកវិញ។
26 វេទនាហើយ
កាលណាមនុស្សទាំងអស់និយាយល្អអំពីអ្នករាល់គ្នា
ដ្បិតដូនតារបស់គេក៏បានប្រព្រឹត្តដល់ពួកព្យាការីក្លែងក្លាយយ៉ាងដូច្នោះដែរ។
ស្រឡាញ់ខ្មាំងសត្រូវ
27 “យ៉ាងណាមិញ ខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ហើយធ្វើល្អដល់អ្នកដែលស្អប់អ្នករាល់គ្នា; 28ចូរឲ្យពរអ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា ហើយអធិស្ឋានសម្រាប់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ 29ចំពោះអ្នកដែលទះកំផ្លៀងម្ខាងរបស់អ្នក ចូរឲ្យគេទះម្ខាងទៀតដែរ; ចំពោះអ្នកដែលយកអាវវែងរបស់អ្នក ក៏កុំឃាត់មិនឲ្យគេយកអាវខាងក្នុងឡើយ។ 30ចូរឲ្យដល់អស់អ្នកដែលសុំអ្នក ហើយកុំទារមកវិញពីអ្នកដែលយកអ្វីដែលជារបស់អ្នកឡើយ។ 31ដូចដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តដល់អ្នករាល់គ្នាយ៉ាងណា ចូរប្រព្រឹត្តដល់គេយ៉ាងនោះដែរ។ 32ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើមានអ្វីគួរឲ្យសរសើរដល់អ្នករាល់គ្នា? តាមពិត សូម្បីតែពួកមនុស្សបាបក៏ស្រឡាញ់អ្នកដែលស្រឡាញ់ពួកគេដែរ។ 33ប្រសិនបើអ្នករាល់គ្នាធ្វើល្អ ចំពោះតែអ្នកដែលធ្វើល្អដល់អ្នករាល់គ្នា តើមានអ្វីគួរឲ្យសរសើរដល់អ្នករាល់គ្នា? សូម្បីតែពួកមនុស្សបាបក៏ធ្វើដូច្នោះដែរ។ 34ប្រសិនបើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានពីគេមកវិញ តើមានអ្វីគួរឲ្យសរសើរដល់អ្នករាល់គ្នា? សូម្បីតែពួកមនុស្សបាបក៏ឲ្យមនុស្សបាបខ្ចីដែរ ដើម្បីទទួលបានគ្រប់ចំនួនវិញ។ 35ប៉ុន្តែចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ចូរធ្វើល្អដល់គេ ហើយចូរឲ្យគេខ្ចី ដោយមិនសង្ឃឹមថានឹងបានមកវិញឡើយ។ នោះរង្វាន់របស់អ្នករាល់គ្នានឹងបានជាធំ ហើយអ្នករាល់គ្នានឹងទៅជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ។ 36ចូរមានចិត្តមេត្តាករុណា ដូចដែលព្រះបិតារបស់អ្នករាល់គ្នាមានព្រះហឫទ័យមេត្តាករុណាដែរ។
កុំវិនិច្ឆ័យគេ
37 “កុំវិនិច្ឆ័យគេ នោះអ្នករាល់គ្នានឹងមិនត្រូវបានវិនិច្ឆ័យសោះឡើយ; កុំផ្ដន្ទាទោសគេ នោះអ្នករាល់គ្នានឹងមិនត្រូវបានផ្ដន្ទាទោសសោះឡើយ; ចូរលើកលែងទោសឲ្យគេ នោះអ្នករាល់គ្នាក៏នឹងត្រូវបានលើកលែងទោសដែរ។ 38ចូរឲ្យ នោះនឹងប្រទានឲ្យអ្នករាល់គ្នាដែរ។ រង្វាល់ដ៏គ្រប់បរិបូរ ទាំងញាត់ ទាំងរលាក់ រហូតដល់ហូរហៀរ នឹងត្រូវបានដាក់លើភ្លៅរបស់អ្នករាល់គ្នា។ ដ្បិតអ្នករាល់គ្នានឹងត្រូវបានវាល់ឲ្យ តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យគេ”។
39ព្រះអង្គមានបន្ទូលនឹងពួកគេជាពាក្យឧបមាទៀតថា៖“មនុស្សខ្វាក់ភ្នែកមិនអាចនាំផ្លូវមនុស្សខ្វាក់ភ្នែកបានទេ មែនទេ? តើមិនធ្លាក់ទៅក្នុងរណ្ដៅទាំងពីរនាក់ទេឬ? 40សិស្សមិនលើគ្រូទេ ប៉ុន្តែអស់អ្នកដែលទទួលការហ្វឹកហាត់ពេញលេញហើយ នោះនឹងបានដូចគ្រូរបស់ខ្លួន។
41 “ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេចនៅក្នុងភ្នែករបស់បងប្អូនអ្នក ប៉ុន្តែមិនចាប់អារម្មណ៍នឹងធ្នឹមនៅក្នុងភ្នែកខ្លួនឯង? 42តើអ្នកអាចនិយាយទៅបងប្អូនរបស់អ្នកថា: ‘បងប្អូនអើយ ឲ្យខ្ញុំយកកម្ទេចនៅក្នុងភ្នែករបស់អ្នកចេញ’ យ៉ាងដូចម្ដេចបាន នៅពេលខ្លួនអ្នកមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនឯងផង? មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែករបស់អ្នកជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចនៅក្នុងភ្នែករបស់បងប្អូនអ្នកចេញ។
ដើមឈើ និងផលរបស់វា
43 “គ្មានដើមឈើល្អណាដែលបង្កើតផលអាក្រក់ឡើយ ហើយក៏គ្មានដើមឈើអាក្រក់ណាដែលបង្កើតផលល្អដែរ។ 44ព្រោះថាដើមឈើនីមួយៗនឹងសម្គាល់បានដោយផលផ្លែរបស់វា។ ដ្បិតគេមិនដែលប្រមូលផ្លែល្វាពីគុម្ពបន្លាទេ ហើយក៏មិនដែលបេះផ្លែទំពាំងបាយជូរពីដើមបន្លាដែរ។ 45មនុស្សល្អតែងតែបញ្ចេញសេចក្ដីល្អពីសម្បត្តិដ៏ល្អនៃចិត្ត រីឯមនុស្សអាក្រក់ក៏តែងតែបញ្ចេញសេចក្ដីអាក្រក់ពីសម្បត្តិដ៏អាក្រក់នៃចិត្តដែរ ដ្បិតមាត់របស់មនុស្សតែងតែនិយាយចេញពីភាពបរិបូរនៃចិត្ត។
គ្រឹះពីរយ៉ាង
46 “ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា ‘ព្រះអម្ចាស់ ព្រះអម្ចាស់’ ប៉ុន្តែមិនប្រព្រឹត្តតាមពាក្យដែលខ្ញុំប្រាប់ដូច្នេះ? 47ខ្ញុំនឹងបង្ហាញដល់អ្នករាល់គ្នាថា អស់អ្នកដែលមករកខ្ញុំ ហើយឮពាក្យរបស់ខ្ញុំ រួចប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សបែបណា 48គឺប្រៀបដូចជាអ្នកសាងសង់ផ្ទះដែលជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះនៅលើថ្មដា។ នៅពេលមានទឹកជំនន់ ហើយចរន្តទឹកប៉ះទង្គិចនឹងផ្ទះនោះ ក៏មិនអាចធ្វើឲ្យផ្ទះនោះរង្គើបានទេ ពីព្រោះត្រូវបានសាងសង់យ៉ាងរឹងមាំ#6:48 យ៉ាងរឹងមាំ―ន័យត្រង់គឺ “យ៉ាងត្រឹមត្រូវ”។#6:48 ពីព្រោះត្រូវបានសាងសង់យ៉ាងរឹងមាំ―ឯកសារបុរាណខ្លះថា “ពីព្រោះត្រូវបានចាក់គ្រឹះនៅលើថ្ម”។។ 49ផ្ទុយទៅវិញ អ្នកដែលឮពាក្យរបស់ខ្ញុំ ហើយមិនប្រព្រឹត្តតាម ប្រៀបដូចជាអ្នកសាងសង់ផ្ទះនៅលើដីដោយគ្មានគ្រឹះ។ នៅពេលចរន្តទឹកប៉ះទង្គិចនឹងផ្ទះនោះ វាក៏រលំភ្លាម ហើយការខូចខាតនៃផ្ទះនោះធ្ងន់ធ្ងរណាស់”៕
Currently Selected:
លូកា 6: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative