YouVersion Logo
Search Icon

លូកា 5

5
សិស្សដំបូង
1កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​ហ្វូងមនុស្ស​កំពុង​ប្រជ្រៀត​ព្រះយេស៊ូវ ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ព្រះអង្គ​កំពុង​ឈរ​នៅ​មាត់បឹង​គេនេសារ៉ែត#5:1 បឹង​គេនេសារ៉ែត​―គឺ “បឹងកាលីឡេ”។​។ 2ព្រះអង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់បឹង រីឯ​ពួក​អ្នកនេសាទ​បាន​ចុះ​ពី​ទូកទាំងនោះ​ទៅ​លាង​អួន​ហើយ។ 3ដូច្នេះ ព្រះអង្គ​ក៏​យាង​ចុះ​ទូក​មួយ​ដែល​ជា​ទូក​របស់​ស៊ីម៉ូន ហើយ​សុំ​គាត់​ឲ្យ​ចេញទូក​ពី​ច្រាំង​បន្តិច​។ រួច​ព្រះអង្គ​ក៏​គង់ចុះ បង្រៀន​ហ្វូងមនុស្ស​ពីក្នុង​ទូក​នោះ​។
4នៅពេល​បង្រៀន​ចប់​ហើយ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ស៊ីម៉ូន​ថា៖“ចូរ​ចេញទូក​ទៅ​ទឹក​ជ្រៅ ហើយ​ទម្លាក់​អួន​ចាប់ត្រី​ចុះ”។
5ស៊ីម៉ូន​ទូល​តប​ថា៖ “លោកគ្រូ យើងខ្ញុំ​បាន​ធ្វើការនឿយហត់​ពេញ​មួយ​យប់ ចាប់​មិន​បាន​អ្វីសោះ ប៉ុន្តែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់លោក”។
6នៅពេល​ធ្វើ​ដូច្នេះ ពួកគេ​ក៏​ចាប់​បាន​ត្រី​ដ៏ច្រើនសន្ធឹក ហើយ​អួន​របស់​ពួកគេ​ស្ទើរតែនឹង​ធ្លាយ​។ 7ពួកគេ​ធ្វើសញ្ញា​ទៅ​គូកន​នៅក្នុង​ទូក​មួយទៀត​ឲ្យ​មក​ជួយ​។ គេ​ក៏​មក ហើយ​ដាក់​ត្រី​ពេញ​ទូក​ទាំងពីរ រហូតដល់​ទូកទាំងនោះ​ស្ទើរតែនឹង​លិច។
8នៅពេល​ឃើញ​ដូច្នេះ ស៊ីម៉ូន​ពេត្រុស​ក៏​ក្រាប​ទៀប​ព្រះបាទា#5:8 ព្រះបាទា​―ន័យត្រង់គឺ “ជង្គង់”។​របស់​ព្រះយេស៊ូវ ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​យាង​ចេញ​ពី​ទូលបង្គំ​ទៅ ដ្បិត​ទូលបង្គំ​ជា​មនុស្សបាប​!”។ 9ដ្បិត​គាត់ និង​អស់អ្នក​ដែល​នៅ​ជាមួយ​គាត់​ភ្ញាក់ផ្អើល​នឹង​ត្រី​ដែល​ចាប់​បាន​។ 10យ៉ាកុប និង​យ៉ូហាន​ជា​កូន​សេបេដេ ដែល​ជា​ដៃគូ​របស់​ស៊ីម៉ូន ក៏​ភ្ញាក់ផ្អើល​ដូចគ្នា​ដែរ​។
ព្រះយេស៊ូវ​មានបន្ទូល​នឹង​ស៊ីម៉ូន​ថា៖“កុំ​ខ្លាច​ឡើយ! ចាប់ពីឥឡូវនេះទៅ អ្នក​នឹង​នេសាទ​មនុស្ស​វិញ”។ 11ពួកគេ​ក៏​ចត​ទូក​នៅ​មាត់ច្រាំង ហើយ​ទុក​អ្វីៗ​ទាំងអស់​ចោល រួច​ទៅតាម​ព្រះអង្គ។
មនុស្សឃ្លង់បានបរិសុទ្ធ
12កាលមួយ ពេល​ព្រះយេស៊ូវ​គង់នៅ​ទីក្រុង​មួយ មើល៍! មាន​បុរស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន​នៅទីនោះ​។ គាត់​ឃើញ​ព្រះយេស៊ូវ ក៏​ក្រាប​មុខ​ដល់ដី ទូល​អង្វរ​ព្រះអង្គ​ថា៖ “ព្រះអម្ចាស់​អើយ បើសិន​ព្រះអង្គ​សុខចិត្ត ព្រះអង្គ​អាច​ប្រោស​ទូលបង្គំ​ឲ្យបរិសុទ្ធ​បាន”។
13ព្រះយេស៊ូវ​ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ទាំង​មានបន្ទូលថា​៖“ខ្ញុំ​សុខចិត្ត​! ចូរឲ្យ​បានបរិសុទ្ធ​ចុះ”។ ភ្លាមនោះ ជំងឺឃ្លង់​ក៏​ចាកចេញ​ពី​បុរសនោះ​។ 14ព្រះយេស៊ូវ​ទ្រង់​បង្គាប់​គាត់​ថា៖“កុំ​ប្រាប់​អ្នកណាឡើយ ផ្ទុយទៅវិញ ចូរ​ទៅ​បង្ហាញ​ខ្លួនអ្នក​ដល់​បូជាចារ្យ ហើយ​ថ្វាយ​តង្វាយ​សម្រាប់​ពិធីជម្រះ​របស់អ្នក​តាមដែល​ម៉ូសេ​បាន​បង្គាប់​ចុះ ដើម្បី​ជា​ទីបន្ទាល់​ដល់​គេ”។
15ប៉ុន្តែ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​កាន់តែខ្លាំងឡើង​។ មាន​ហ្វូងមនុស្ស​ជាច្រើន​មកផ្ដុំគ្នា ដើម្បី​ស្ដាប់​ព្រះអង្គ និង​ដើម្បី​ទទួល​ការ​ប្រោសឲ្យជា​ពី​ជំងឺ​របស់​ពួកគេ។ 16រីឯ​ព្រះអង្គ​តែងតែ​បណ្ដោះខ្លួន​ទៅ​ទីរហោស្ថាន ហើយ​អធិស្ឋាន។
ប្រោសមនុស្សស្លាប់មួយចំហៀងខ្លួនឲ្យជា
17នៅ​គ្រានោះ មាន​ថ្ងៃ​មួយ​ដែល​ព្រះយេស៊ូវ​កំពុងតែ​បង្រៀន ហើយ​មាន​ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​អង្គុយ​នៅទីនោះ​។ ពួកគេ​បាន​មក​ពី​គ្រប់​ភូមិ​ក្នុង​កាលីឡេ យូឌា និង​យេរូសាឡិម​។ ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ស្ថិតនៅ​ក្នុង​ព្រះអង្គ ដើម្បី​ប្រោសឲ្យជា​។ 18ពេលនោះ មើល៍! មាន​គេ​នាំ​បុរស​ម្នាក់​ដែល​ស្លាប់មួយចំហៀងខ្លួន​មក​ទាំង​ដេក​នៅលើ​គ្រែ​។ គេ​ព្យាយាម​នាំ​គាត់​ចូលទៅ​ដាក់​នៅមុខ​ព្រះយេស៊ូវ 19ប៉ុន្តែ​ពួកគេ​រកវិធី​នាំ​គាត់​ចូល​ទៅ​មិនបាន​ទេ ដោយសារតែ​ហ្វូងមនុស្ស​។ ពួកគេ​ក៏​ឡើងទៅ​លើ​ដំបូលផ្ទះ ហើយ​សម្រូត​គាត់​ចុះ​ទាំង​គ្រែ​តាម​ក្បឿងដំបូល ចំ​កណ្ដាលចំណោម នៅពីមុខ​ព្រះយេស៊ូវ​។
20ព្រះយេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​បុរសស្លាប់មួយចំហៀងខ្លួននោះ​ថា៖“សម្លាញ់​អើយ#5:20 សម្លាញ់​អើយ―ន័យត្រង់គឺ “មនុស្សអើយ”។បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស​ឲ្យ​អ្នក​ហើយ”។
21ពួកគ្រូវិន័យ និងពួកផារិស៊ី​ក៏​ចាប់ផ្ដើម​រិះគិត​ថា​៖ “តើ​អ្នកនេះ​ដែល​និយាយ​ពាក្យប្រមាថព្រះ ជា​នរណា​? ក្រៅពី​ព្រះ​តែមួយអង្គ​គត់ តើ​នរណា​អាច​លើកលែងទោស​បាប​បាន​?”។
22ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិត​របស់​ពួកគេ ក៏​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ក្នុង​ចិត្ត​ដូច្នេះ​? 23ការ​ដែល​និយាយថា​: ‘បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស​ឲ្យ​អ្នក​ហើយ’ ឬ​ថា​: ‘ចូរ​ក្រោកឡើង ដើរ​ទៅចុះ’ តើ​មួយណា​ងាយ​ថា​ជាង​? 24យ៉ាងណាមិញ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា កូនមនុស្ស​មាន​សិទ្ធិអំណាច​នៅលើ​ផែនដី​ដើម្បី​លើកលែងទោស​បាប​...” ព្រះអង្គ​ក៏​មានបន្ទូល​នឹង​បុរស​ស្លាប់មួយចំហៀងខ្លួន​ថា​៖“ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោកឡើង យក​គ្រែ​របស់អ្នក ហើយ​ទៅផ្ទះវិញ​ចុះ​!”។
25បុរសនោះ​ក៏​ក្រោកឡើង​ភ្លាម​នៅមុខ​មនុស្សទាំងអស់ យក​គ្រែ​ដែល​គាត់​បាន​ដេក​នោះ ហើយ​ទៅផ្ទះ​របស់​គាត់​វិញ ទាំង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​។ 26ពេលនោះ ភាពស្ញប់ស្ញែង​បាន​កើតមាន​ដល់​មនុស្ស​ទាំងអស់ ហើយ​ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ព្រមទាំង​ពេញ​ដោយ​សេចក្ដីភ័យខ្លាច ក៏​និយាយថា​៖ “ថ្ងៃនេះ យើង​បាន​ឃើញ​ការ​ដ៏អស្ចារ្យ​!”។
ការត្រាស់ហៅម៉ាថាយ
27បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​ក៏​យាង​ចេញទៅ ហើយ​ទត​ឃើញ​អ្នកទារពន្ធ​ម្នាក់​ឈ្មោះ​លេវី#5:27 លេវី​―គឺ “ម៉ាថាយ”។ អង្គុយ​នៅ​កន្លែងយកពន្ធ​។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​មកតាម​ខ្ញុំ​!”។ 28គាត់​ក៏​ក្រោកឡើង លះបង់​អ្វីៗ​ទាំងអស់ ហើយ​ទៅតាម​ព្រះអង្គ​។
ហូបជាមួយពួកមនុស្សបាប
29លេវី​បាន​រៀបចំ​ពិធីជប់លៀង​ធំ​មួយ​សម្រាប់​ព្រះយេស៊ូវ​នៅ​ផ្ទះ​របស់​គាត់ ហើយ​មាន​អ្នកទារពន្ធ និង​មនុស្ស​ឯទៀត​ជាច្រើន​រួមតុអាហារ​ជាមួយ​ពួកគេ​ដែរ​។ 30ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​របស់​ពួកគេ​ក៏​រអ៊ូរទាំ​ដាក់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “ម្ដេចក៏​អ្នករាល់គ្នា​ស៊ីផឹក​ជាមួយ​អ្នកទារពន្ធ និង​មនុស្សបាប​ដូច្នេះ​?”។
31ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“អ្នក​ដែល​មានសុខភាពល្អ​មិន​ត្រូវការ​គ្រូពេទ្យ​ទេ គឺ​អ្នក​ដែល​មានជំងឺ​វិញ ដែល​ត្រូវការ​។ 32ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​ដើម្បី​ហៅ​មនុស្សបាប​ឲ្យ​កែប្រែចិត្តវិញ”។
សំណួរអំពីការតមអាហារ
33បន្ទាប់មក មាន​គេ​ទូល​ព្រះយេស៊ូវ​ថា​៖ “សិស្ស​របស់​យ៉ូហាន​តមអាហារ និង​អធិស្ឋាន​ជាញឹកញាប់ ហើយ​សិស្ស​របស់​ពួកផារិស៊ី​ក៏​ធ្វើ​ដូចគ្នា​ដែរ ប៉ុន្តែ​សិស្ស​របស់លោក​បែរជា​ហូប និង​ផឹក​ទៅវិញ”។
34ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“នៅពេល​កូនកំលោះ​នៅ​ជាមួយ​ភ្ញៀវ#5:34 ភ្ញៀវ​―ឬ “អ្នកកំដរ”; ន័យត្រង់គឺ “កូនរបស់បន្ទប់កូនក្រមុំ”។អ្នករាល់គ្នា​មិន​អាច​ឲ្យ​ភ្ញៀវ​តមអាហារ​បាន​ទេ មែនទេ​? 35ប៉ុន្តែ​នឹង​មាន​ថ្ងៃ​មកដល់ ដែល​កូនកំលោះ​ត្រូវបាន​យកចេញ​ពី​ពួកគេ នៅ​គ្រានោះ​ទើប​ពួកគេ​តមអាហារ”។
36ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ទៀត​ថា​៖“គ្មានអ្នកណា​ហែក​យក​កំណាត់​ពី​សម្លៀកបំពាក់​ថ្មី​ប៉ះ​លើ​សម្លៀកបំពាក់​ចាស់​ឡើយ បើធ្វើដូច្នោះ ទាំង​សម្លៀកបំពាក់​ថ្មី​ក៏​រហែក ហើយ​កំណាត់​ពី​សម្លៀកបំពាក់​ថ្មី​ក៏​មិន​ត្រូវ​នឹង​សម្លៀកបំពាក់​ចាស់​ដែរ​។ 37ហើយក៏​គ្មានអ្នកណា​ចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ចាស់​ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរ​ថ្មី​នឹង​ទម្លាយ​ថង់ស្បែក នោះ​ស្រាទំពាំងបាយជូរ​ក៏​ហូរចេញ ហើយ​ថង់ស្បែក​ក៏​ខូច​។ 38ផ្ទុយទៅវិញ ត្រូវតែចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ថ្មី#5:38 ឯកសារបុរាណខ្លះបន្ថែម “ទើបរក្សាទុកបាន​ទាំងពីរ”។ 39គ្មានអ្នកណា​ចង់បាន​ស្រាទំពាំងបាយជូរ​ថ្មី​ឡើយ ក្រោយពី​ផឹក​ស្រាទំពាំងបាយជូរ​ចាស់​ហើយ ដ្បិត​គេ​ថា​: ‘របស់​ចាស់​ល្អ​ហើយ#5:39 ល្អ​ហើយ―ឯកសារបុរាណខ្លះថា “ល្អជាង”។’”៕

Currently Selected:

លូកា 5: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy