ដានីយ៉ែល 9
9
សេចក្ដីអធិស្ឋានរបស់ដានីយ៉ែល
1នៅឆ្នាំទីមួយនៃរជ្ជកាលរបស់ដារីយុសបុត្ររបស់អ័ហាស៊ូរុស ជាពូជពង្សជនជាតិមេឌី ដែលទ្រង់សោយរាជ្យលើអាណាចក្ររបស់ជនជាតិខាល់ដេ 2គឺនៅឆ្នាំដំបូងនៃរជ្ជកាលរបស់ទ្រង់ ខ្ញុំ ដានីយ៉ែល បានចាប់ភ្លឹកក្នុងគម្ពីរ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលមកដល់ព្យាការីយេរេមា អំពីចំនួនឆ្នាំដែលការហិនវិនាសនៃយេរូសាឡិមត្រូវបានបំពេញឲ្យសម្រេច គឺចិតសិបឆ្នាំ។ 3ដូច្នេះ ខ្ញុំក៏បែរមុខទៅព្រះអម្ចាស់ដ៏ជាព្រះ ដើម្បីស្វែងរកព្រះអង្គដោយការអធិស្ឋាន ពាក្យអង្វរករ ការតមអាហារ ការពាក់ក្រណាត់ធ្មៃ និងការអង្គុយក្នុងផេះ។
4ខ្ញុំអធិស្ឋានទៅព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្ញុំ ហើយសារភាពថា៖ “ឱព្រះអម្ចាស់ដ៏ជាព្រះធំឧត្ដម និងគួរឲ្យកោតខ្លាច ជាព្រះដែលរក្សាសម្ពន្ធមេត្រី និងសេចក្ដីស្រឡាញ់ឥតប្រែប្រួលចំពោះអ្នកដែលស្រឡាញ់ព្រះអង្គ និងចំពោះអ្នកដែលកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គអើយ! 5យើងខ្ញុំបានប្រព្រឹត្តបាប បានប្រព្រឹត្តអំពើទុច្ចរិត បានប្រព្រឹត្តអាក្រក់ បានបះបោរ ព្រមទាំងបានបែរចេញពីសេចក្ដីបង្គាប់របស់ព្រះអង្គ និងច្បាប់របស់ព្រះអង្គផង។ 6យើងខ្ញុំមិនបានស្ដាប់តាមបណ្ដាព្យាការីជាបាវបម្រើរបស់ព្រះអង្គ ដែលនិយាយក្នុងព្រះនាមរបស់ព្រះអង្គ ដល់ពួកស្ដេចរបស់យើងខ្ញុំ ពួកមេដឹកនាំរបស់យើងខ្ញុំ ពួកដូនតារបស់យើងខ្ញុំ និងប្រជាជនទាំងអស់នៃទឹកដីនោះ។
7“ព្រះអម្ចាស់អើយ សេចក្ដីសុចរិតយុត្តិធម៌ជារបស់ព្រះអង្គ រីឯយើងខ្ញុំវិញ ដូចសព្វថ្ងៃនេះ ការអាម៉ាស់មុខយ៉ាងខ្លាំងជារបស់យើងខ្ញុំ គឺជារបស់មនុស្សនៃយូដា របស់អ្នកដែលរស់នៅយេរូសាឡិម និងរបស់អ៊ីស្រាអែលទាំងមូល ដែលនៅជិតនៅឆ្ងាយ នៅក្នុងអស់ទាំងស្រុកដែលព្រះអង្គបានបណ្ដេញពួកគេទៅនោះ ដោយព្រោះអំពើក្បត់របស់ពួកគេដែលពួកគេបានក្បត់នឹងព្រះអង្គ។ 8ព្រះយេហូវ៉ាអើយ ការអាម៉ាស់មុខយ៉ាងខ្លាំងជារបស់យើងខ្ញុំ គឺជារបស់ពួកស្ដេចយើងខ្ញុំ របស់ពួកមេដឹកនាំយើងខ្ញុំ និងរបស់ពួកដូនតាយើងខ្ញុំ ពីព្រោះយើងខ្ញុំបានប្រព្រឹត្តបាបទាស់នឹងព្រះអង្គ។ 9សេចក្ដីមេត្តា និងការលើកលែងទោសជារបស់ព្រះអម្ចាស់ដ៏ជាព្រះនៃយើងខ្ញុំ ទោះបីជាយើងខ្ញុំបានបះបោរនឹងព្រះអង្គ 10ហើយមិនបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំ ដោយដើរក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានដាក់នៅចំពោះយើងខ្ញុំ តាមរយៈបណ្ដាព្យាការីជាបាវបម្រើរបស់ព្រះអង្គក៏ដោយ។
11“អ៊ីស្រាអែលទាំងមូលបានរំលងក្រឹត្យវិន័យរបស់ព្រះអង្គហើយ ក៏បានបែរចេញ មិនស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គឡើយ ដោយហេតុនេះ បណ្ដាសា និងសម្បថដែលមានសរសេរទុកក្នុងក្រឹត្យវិន័យរបស់ម៉ូសេបាវបម្រើរបស់ព្រះ ត្រូវបានចាក់មកលើយើងខ្ញុំ ដ្បិតយើងខ្ញុំបានប្រព្រឹត្តបាបទាស់នឹងព្រះអង្គ។ 12ព្រះអង្គបានបំពេញព្រះបន្ទូលរបស់ព្រះអង្គឲ្យសម្រេច ដែលព្រះអង្គមានបន្ទូលទាស់នឹងយើងខ្ញុំ និងពួកចៅហ្វាយរបស់យើងខ្ញុំ ដែលគ្រប់គ្រងលើយើងខ្ញុំ ដោយនាំមហន្តរាយដ៏ធំមកលើយើងខ្ញុំ ដ្បិតនៅក្រោមមេឃទាំងមូល មិនដែលមានធ្វើ ដូចអ្វីដែលត្រូវបានធ្វើដល់យេរូសាឡិមឡើយ។ 13មហន្តរាយទាំងអស់នេះបានធ្លាក់មកលើយើងខ្ញុំ ដូចដែលមានសរសេរទុកមកក្នុងក្រឹត្យវិន័យរបស់ម៉ូសេហើយ ប៉ុន្តែយើងខ្ញុំមិនបានទូលសុំក្ដីសន្ដោសពីព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំ ដោយបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ និងដោយយកចិត្តទុកដាក់នឹងសេចក្ដីពិតរបស់ព្រះអង្គឡើយ។ 14ដោយហេតុនេះ ព្រះយេហូវ៉ាបានត្រៀមទុកមហន្តរាយនោះ ហើយឲ្យវាធ្លាក់មកលើយើងខ្ញុំ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំ ទ្រង់សុចរិតយុត្តិធម៌ក្នុងគ្រប់ទាំងកិច្ចការរបស់ព្រះអង្គដែលព្រះអង្គបានធ្វើ ប៉ុន្តែយើងខ្ញុំមិនបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គឡើយ។
15“ឥឡូវនេះ ព្រះអម្ចាស់ដ៏ជាព្រះនៃយើងខ្ញុំ ដែលនាំប្រជារាស្ត្ររបស់ព្រះអង្គចេញពីដែនដីអេហ្ស៊ីបដោយព្រះហស្តដ៏ខ្លាំងពូកែ ហើយបានសាងព្រះនាមសម្រាប់អង្គទ្រង់ ដូចសព្វថ្ងៃនេះអើយ យើងខ្ញុំបានប្រព្រឹត្តបាប ក៏បានប្រព្រឹត្តអាក្រក់ផង។ 16ព្រះអម្ចាស់អើយ ស្របតាមគ្រប់ទាំងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ សូមឲ្យព្រះពិរោធរបស់ព្រះអង្គ និងសេចក្ដីក្រេវក្រោធរបស់ព្រះអង្គបានបែរចេញពីយេរូសាឡិមជាទីក្រុងរបស់ព្រះអង្គ គឺភ្នំដ៏វិសុទ្ធរបស់ព្រះអង្គផង ដ្បិតដោយសារតែបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់ដូនតាយើងខ្ញុំ យេរូសាឡិម និងប្រជារាស្ត្ររបស់ព្រះអង្គបានទៅជាទីត្មះតិះដៀលដល់អស់អ្នកដែលនៅជុំវិញយើងខ្ញុំ។
17“ដូច្នេះឥឡូវនេះ ព្រះនៃយើងខ្ញុំអើយ សូមសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យអង្វរកររបស់បាវបម្រើព្រះអង្គ ហើយសូមឲ្យព្រះភក្ត្ររបស់ព្រះអង្គចាំងមកលើទីវិសុទ្ធដែលហិនហោចរបស់ព្រះអង្គ ដោយយល់ដល់ព្រះអម្ចាស់ផង។ 18ព្រះនៃទូលបង្គំអើយ សូមផ្ទៀងព្រះកាណ៌ព្រះអង្គសណ្ដាប់ផង! សូមបើកព្រះនេត្រព្រះអង្គទតមើលការហិនហោចរបស់យើងខ្ញុំ និងទីក្រុងដែលត្រូវបានហៅតាមព្រះនាមរបស់ព្រះអង្គផង ដ្បិតយើងខ្ញុំថ្វាយពាក្យអង្វរកររបស់យើងខ្ញុំនៅចំពោះព្រះអង្គ មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់យើងខ្ញុំទេ គឺដោយព្រោះសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គវិញ។ 19ព្រះអម្ចាស់អើយ សូមសណ្ដាប់ផង! ព្រះអម្ចាស់អើយ សូមលើកលែងទោសផង! ព្រះអម្ចាស់អើយ សូមប្រុងស្ដាប់ ហើយប្រព្រឹត្តផង! ព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ ដោយយល់ដល់អង្គទ្រង់ ដ្បិតទីក្រុងរបស់ព្រះអង្គ និងប្រជារាស្ត្ររបស់ព្រះអង្គត្រូវបានហៅតាមព្រះនាមរបស់ព្រះអង្គ”។
“ប្រាំពីរគ្រា” គុណនឹងចិតសិប
20ខណៈដែលខ្ញុំកំពុងតែទូល និងអធិស្ឋាន ព្រមទាំងសារភាពបាបរបស់ខ្ញុំ និងបាបរបស់អ៊ីស្រាអែលប្រជាជនរបស់ខ្ញុំ ទាំងថ្វាយពាក្យទូលអង្វររបស់ខ្ញុំសម្រាប់ភ្នំដ៏វិសុទ្ធរបស់ព្រះនៃខ្ញុំ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះនៃខ្ញុំ 21គឺខណៈដែលខ្ញុំកំពុងតែទូលក្នុងការអធិស្ឋាន នោះមានបុរសម្នាក់ គឺកាពី្រយ៉ែល ដែលខ្ញុំបានឃើញក្នុងនិមិត្តលើកមុន បានហើរយ៉ាងលឿនមកដល់ខ្ញុំ ប្រហែលជាម៉ោងតង្វាយពេលល្ងាច។ 22គាត់ក៏ឲ្យខ្ញុំយល់ច្បាស់ ព្រមទាំងនិយាយនឹងខ្ញុំថា៖ “ដានីយ៉ែលអើយ ឥឡូវនេះខ្ញុំបានចេញមក ដើម្បីឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង។ 23នៅពេលអ្នកចាប់ផ្ដើមពាក្យអង្វរករ មានព្រះបន្ទូលចេញមកជាស្រេចហើយ ដូច្នេះខ្ញុំបានមកប្រាប់ ដ្បិតអ្នកជាមនុស្សសំណព្វ។ ដោយហេតុនេះ ចូរពិចារណាព្រះបន្ទូលនេះ ហើយយល់ច្បាស់នូវការបើកបង្ហាញនេះចុះ។
24“មាន ‘ប្រាំពីរគ្រា’ គុណនឹងចិតសិប ត្រូវបានកំណត់សម្រាប់ប្រជាជនរបស់អ្នក និងសម្រាប់ក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីបញ្ចប់ការបំពាន និងបញ្ឈប់បាប ដើម្បីលុបលាងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏អស់កល្បមក ដើម្បីបិទត្រានិមិត្ត និងពាក្យព្យាករ ព្រមទាំងដើម្បីចាក់ប្រេងអភិសេកលើទីវិសុទ្ធបំផុត#9:24 ទីវិសុទ្ធបំផុត―ឬ “អ្នកវិសុទ្ធបំផុត”។។ 25ដូច្នេះ ចូរដឹង ហើយយល់ថា ចាប់ពីចេញបង្គាប់ឲ្យសង់យេរូសាឡិមឡើងវិញ រហូតដល់អ្នកដឹកនាំដែលត្រូវបានចាក់ប្រេងអភិសេក គឺមាន ‘ប្រាំពីរគ្រា’ គុណនឹងប្រាំពីរ និង ‘ប្រាំពីរគ្រា’ គុណនឹងហុកសិបពីរ។ ពេលនោះ កន្លែងសាធារណៈ និងគូទឹកនឹងត្រូវបានសង់ឡើងវិញ ទោះបីជានៅក្នុងគ្រានៃទុក្ខវេទនាក៏ដោយ។ 26ក្រោយពី ‘ប្រាំពីរគ្រា’ គុណនឹងហុកសិបពីរនោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹងត្រូវបានកាត់ចេញ ហើយគាត់គ្មានអ្វីឡើយ រួចប្រជាជនរបស់អ្នកដឹកនាំដែលនឹងមកដល់ នឹងបំផ្លាញទីក្រុង និងទីវិសុទ្ធនោះ។ ចុងបញ្ចប់នៃហេតុការណ៍នោះនឹងមកដោយមានទឹកជំនន់ ក៏មានសង្គ្រាមរហូតដល់ចុងក្រោយ គឺការហិនហោចត្រូវបានកំណត់ហើយ។ 27គាត់នឹងតាំងសម្ពន្ធមេត្រីមួយយ៉ាងរឹងមាំ ជាមួយមនុស្សជាច្រើនក្នុង ‘ប្រាំពីរគ្រា’ មួយ ហើយដល់ពាក់កណ្ដាល ‘ប្រាំពីរគ្រា’ នោះ គាត់នឹងបញ្ឈប់ការថ្វាយយញ្ញបូជា និងតង្វាយ។ អ្នកបង្កការហិនវិនាស នឹងស្ថិតនៅលើស្លាបរបស់តួគួរឲ្យស្អប់ខ្ពើម រហូតដល់ការបំផ្លាញដែលត្រូវបានកំណត់ បានធ្លាក់មកលើអ្នកបង្កការហិនវិនាសនោះ”៕
Currently Selected:
ដានីយ៉ែល 9: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative