YouVersion Logo
Search Icon

ដានីយ៉ែល 10

10
និមិត្តអំពីម្នាក់ដ៏រុងរឿង
1នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជកាលរបស់​ស៊ីរូស​ស្ដេច​នៃ​ពើស៊ី មាន​សេចក្ដី​មួយ​ត្រូវបាន​បើកសម្ដែង​ដល់​ដានីយ៉ែល ដែល​ឈ្មោះ​របស់គាត់​ត្រូវបាន​ហៅថា បេលថិស្សាសារ​។ សេចក្ដី​នោះ​គឺ​ពិត ហើយ​ទាក់ទងនឹង​សង្គ្រាម​ធំ​មួយ គាត់​បាន​យល់ច្បាស់​នូវ​សេចក្ដី​នោះ ហើយ​មាន​ការយល់ជាក់​អំពី​ការបើកបង្ហាញ​នោះ​។
2នៅគ្រានោះ ខ្ញុំ ដានីយ៉ែល បាន​កាន់ទុក្ខ​រយៈពេល​បី​សប្ដាហ៍​។ 3ខ្ញុំ​មិន​បាន​ហូប​អាហារ​ដ៏ល្អប្រណិត រីឯ​សាច់ និង​ស្រា មិន​បាន​ចូល​ក្នុង​មាត់​ខ្ញុំ​ឡើយ ហើយ​ខ្ញុំ​មិន​បាន​លាបប្រេង រហូតដល់​រយៈពេល​បី​សប្ដាហ៍​បាន​ផុតទៅ​។ 4លុះដល់​ថ្ងៃ​ទី២៤ ខែ​ទីមួយ កាល​ខ្ញុំ​នៅ​មាត់​ទន្លេ​ធំ គឺ​ទន្លេ​ទីគ្រីស 5ខ្ញុំ​បាន​ងើបភ្នែកឡើង​មើល​ទៅ នោះ​មើល៍! មាន​បុរស​ម្នាក់​ស្លៀកពាក់​ក្រណាត់ផាឌិប ចង្កេះ​គាត់​ត្រូវបាន​ក្រវាត់​ដោយ​មាសសុទ្ធ​ពី​អ៊ូផាស​។ 6រូបកាយ​របស់គាត់​ដូចជា​ត្បូងបេរីល មុខ​របស់គាត់​ដូចជា​សណ្ឋាន​នៃ​ផ្លេកបន្ទោរ ភ្នែក​របស់គាត់​ដូចជា​ចន្លុះ​ភ្លើង ដើមដៃ និង​ជើង​របស់គាត់​ដូចជា​លង្ហិន​ខាត់​យ៉ាងភ្លឺ ហើយ​សូរ​សម្ដី​របស់គាត់​ដូចជា​សូរសំឡេង​នៃ​ហ្វូងមនុស្ស​។
7ខ្ញុំ ដានីយ៉ែល បាន​ឃើញ​និមិត្ត​នោះ​តែម្នាក់ឯង ហើយ​ពួក​មនុស្ស​ដែល​នៅ​ជាមួយ​ខ្ញុំ​មិន​បាន​ឃើញ​និមិត្ត​នោះ​ទេ ប៉ុន្តែ​ការភិតភ័យ​យ៉ាងខ្លាំង​បាន​ធ្លាក់​មកលើ​ពួកគេ ហើយ​ពួកគេ​រត់គេច​ទៅ​ពួន​។ 8ដូច្នេះ ខ្ញុំ​ត្រូវបាន​ទុកចោល​តែម្នាក់ឯង ក៏​ឃើញ​និមិត្ត​ដ៏ធំ​នោះ ហើយ​គ្មាន​កម្លាំង​នៅសល់​ក្នុង​ខ្ញុំ​ឡើយ​។ ទឹកមុខ​របស់ខ្ញុំ​បាន​ត្រឡប់ជា​ស្លេកស្លាំង ហើយ​ខ្ញុំ​រក្សាទុក​កម្លាំង​មិនបានឡើយ​។ 9ប៉ុន្តែ​ខ្ញុំ​ឮ​សូរ​សម្ដី​របស់គាត់ ហើយ​នៅពេល​ខ្ញុំ​បាន​ឮ​សូរ​សម្ដី​របស់គាត់ ខ្ញុំ​បាន​ផ្កាប់មុខ​លង់លក់​ទៅ ដោយ​មុខ​របស់ខ្ញុំ​ដល់​ដី​។
ចម្បាំងខាងទេវតា
10ពេលនោះ មើល៍! មាន​ដៃ​មួយ​ពាល់​ខ្ញុំ ហើយ​ធ្វើឲ្យ​ខ្ញុំ​ងើបឡើងទាំងញ័រ​ដោយ​លុត​ជង្គង់ និង​ច្រត់ដៃ​។ 11គាត់​ក៏​និយាយ​នឹង​ខ្ញុំ​ថា​៖ “ដានីយ៉ែល​មនុស្ស​សំណព្វ​អើយ ចូរ​យល់ច្បាស់​នូវ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក ហើយ​ឈរ​ឲ្យ​ត្រង់​ចុះ ដ្បិត​ឥឡូវនេះ ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ឯ​អ្នក”។ នៅពេល​គាត់​និយាយ​ពាក្យ​នោះ​នឹង​ខ្ញុំ​ហើយ ខ្ញុំ​ក៏​ឈរឡើង​ទាំង​ញ័ររន្ធត់​។
12រួច​គាត់​និយាយ​នឹង​ខ្ញុំ​ថា​៖ “ដានីយ៉ែល​អើយ កុំ​ខ្លាច​ឡើយ ដ្បិត​តាំងពី​ថ្ងៃ​ដំបូង​ដែល​អ្នក​បាន​ដាក់ចិត្ត​របស់អ្នក​ដើម្បី​យល់ច្បាស់ ហើយ​បាន​បន្ទាបខ្លួន​នៅចំពោះ​ព្រះ​របស់អ្នក ពាក្យ​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ ដូច្នេះ​ខ្ញុំ​បាន​មក​ដោយព្រោះ​ពាក្យ​របស់អ្នក​។ 13ប៉ុន្តែ​ទេវតាគ្រប់គ្រង#10:13 ទេវតាគ្រប់គ្រង―ន័យត្រង់គឺ “មេដឹកនាំ”។​នៃ​អាណាចក្រ​ពើស៊ី​បាន​ឈរឡើង​ទាស់នឹង​ខ្ញុំ​ម្ភៃមួយ​ថ្ងៃ រួច​មើល៍! មីកែល​ជា​ម្នាក់​ក្នុង​ពួក​មេ​ទេវតាគ្រប់គ្រង​បាន​មក​ជួយ​ខ្ញុំ ពីព្រោះ​ខ្ញុំ​ត្រូវបាន​ទុកចោល​នៅ​ទីនោះ​ជាមួយ​ពួក​ស្ដេច​នៃ​ពើស៊ី​។ 14ឥឡូវនេះ ខ្ញុំ​បាន​មក​ដើម្បី​ឲ្យ​អ្នក​យល់ច្បាស់​នូវ​អ្វីដែល​នឹង​កើតឡើង​ដល់​ប្រជាជន​របស់អ្នក​នៅ​គ្រា​ចុងបញ្ចប់ ដ្បិត​និមិត្ត​នេះ​សំដៅលើ​យូរ​ថ្ងៃ​ទៅមុខ​ទៀត”។
15នៅពេល​គាត់​បាន​និយាយ​នឹង​ខ្ញុំ​តាម​ពាក្យ​ទាំងនោះ​ហើយ ខ្ញុំ​ក៏​ក្រាបមុខដល់ដី ហើយ​ទៅជាគ​។ 16នោះ​មើល៍! មាន​ម្នាក់​ទ្រង់ទ្រាយ​ដូច​កូនមនុស្ស​ពាល់​បបូរមាត់​របស់ខ្ញុំ រួច​ខ្ញុំ​ក៏​បើក​មាត់​និយាយ​នឹង​អ្នកដែល​ឈរ​នៅចំពោះ​ខ្ញុំ​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ ដោយសារតែ​និមិត្ត​នេះ ការឈឺចុកចាប់​បាន​ធ្លាក់​មកលើ​ខ្ញុំ ហើយ​ខ្ញុំ​រក្សាទុក​កម្លាំង​មិនបានឡើយ​។ 17តើ​បាវបម្រើ​របស់​លោកម្ចាស់ អាច​និយាយ​នឹង​លោកម្ចាស់​នៃខ្ញុំ​ដូចម្ដេចកើត​? ដ្បិត​ឥឡូវនេះ គ្មាន​កម្លាំង​នៅសល់​ក្នុង​ខ្ញុំ​ឡើយ ក៏​គ្មាន​ដង្ហើម​សល់​នៅក្នុង​ខ្ញុំ​ដែរ”។
18ម្នាក់​ដែលមាន​ភិនភាគ​ដូច​មនុស្ស​បាន​ពាល់​ខ្ញុំ​ទៀត ក៏​ឲ្យ​ខ្ញុំ​មានកម្លាំងឡើង 19រួច​និយាយថា​៖ “មនុស្ស​សំណព្វ​អើយ កុំ​ខ្លាច​ឡើយ​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នក​! ចូរ​មានកម្លាំងឡើង មែនហើយ ចូរ​មានកម្លាំងឡើង​!”។
កាល​គាត់​និយាយ​នឹង​ខ្ញុំ ខ្ញុំ​ក៏​មានកម្លាំងឡើង ហើយ​និយាយថា​៖ “សូម​លោកម្ចាស់​នៃខ្ញុំ​មានប្រសាសន៍​ចុះ ពីព្រោះ​លោក​ឲ្យ​ខ្ញុំ​មានកម្លាំងវិញ​ហើយ”។
20គាត់​ក៏​តបថា​៖ “តើ​អ្នក​ដឹង​ថា​ហេតុអ្វីបានជា​ខ្ញុំ​មករក​អ្នក​ឬទេ​? ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ច្បាំង​នឹង​ទេវតាគ្រប់គ្រង#10:20 ទេវតាគ្រប់គ្រង―ន័យត្រង់គឺ “មេដឹកនាំ”។​នៃ​ពើស៊ី​វិញ​។ កាល​ខ្ញុំ​ចេញទៅ​ហើយ នោះ​មើល៍! ទេវតាគ្រប់គ្រង​នៃ​ក្រិក#10:20 ក្រិក―ន័យត្រង់គឺ “យ៉ាវ៉ាន”។​នឹង​មក​។ 21យ៉ាងណាមិញ ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​សេចក្ដី​ដែល​មាន​កត់ត្រាទុក​ក្នុង​សៀវភៅ​នៃ​សេចក្ដីពិត​។ គ្មានអ្នកណា​ម្នាក់​គាំទ្រ​ខ្ញុំ​ទាស់នឹង​ពួកទាំងនោះ​ឡើយ មានតែ​មីកែល​ទេវតាគ្រប់គ្រង#10:21 ទេវតាគ្រប់គ្រង―ន័យត្រង់គឺ “មេដឹកនាំ”។​របស់អ្នក​ប៉ុណ្ណោះ”៕

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in