YouVersion Logo
Search Icon

ដានីយ៉ែល 8

8
និមិត្តអំពីចៀមឈ្មោល និងពពែឈ្មោល
1នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជកាល​របស់​ព្រះបាទ​បេលសាសារ មាន​និមិត្ត​មួយ​លេចមក​ដល់​ខ្ញុំ ដានីយ៉ែល ក្រោយពី​និមិត្ត​លើកមុន​បាន​លេចមក​ដល់​ខ្ញុំ​។ 2ខ្ញុំ​ឃើញ​ក្នុង​និមិត្ត​នោះ ហើយ​ខណៈដែល​ខ្ញុំ​សង្កេតមើល នោះ​ខ្លួនខ្ញុំ​នៅក្នុង​រាជធានី​ស៊ូសាន ដែល​នៅក្នុង​ខេត្ត​អេឡាំ​។ ក្នុង​និមិត្ត​នោះ​ខ្ញុំ​ឃើញ​ថា ខ្ញុំ​នៅ​ក្បែរ​ទន្លេ​អ៊ូឡាយ​។ 3ខ្ញុំ​ក៏​ងើបភ្នែកឡើង ហើយ​សង្កេតមើល នោះ​មើល៍! មាន​ចៀមឈ្មោល​មួយ​ក្បាល​ឈរ​នៅ​មាត់​ទន្លេ​។ វា​មាន​ស្នែង​ពីរ ហើយ​ស្នែង​ទាំងពីរ​នោះ​វែង​ណាស់ ប៉ុន្តែ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយទៀត ហើយ​ស្នែង​ដែល​វែង​ជាង​នោះ គឺ​បាន​ដុះឡើង​តាមក្រោយ​។ 4ខ្ញុំ​ឃើញ​ចៀមឈ្មោល​នោះ​ជល់​ទៅ​ទិសខាងលិច ទៅ​ទិសខាងជើង និង​ទៅ​ទិសខាងត្បូង​។ គ្មាន​សត្វ​ណាមួយ​ឈរ​នៅមុខ​វា​បាន​ឡើយ ក៏​គ្មានអ្នកណា​រំដោះឲ្យរួច​ពី​កណ្ដាប់ដៃ​របស់វា​បាន​ដែរ គឺ​វា​បាន​ធ្វើ​តាម​អំពើចិត្ត ហើយ​វា​បាន​លើក​ខ្លួន​ឡើង​។
5ខណៈដែល​ខ្ញុំ​កំពុង​រិះគិត នោះ​មើល៍! មាន​ពពែឈ្មោល​មួយ​ក្បាល​មក​ពី​ទិសខាងលិច ឆ្លងកាត់​ផ្ទៃ​ផែនដី​ទាំងមូល​ដោយ​ឥត​ប៉ះ​ដី​។ ពពែឈ្មោល​នោះ​មាន​ស្នែង​មួយ​គួរឲ្យចាប់អារម្មណ៍​នៅចន្លោះ​ភ្នែក​ទាំងពីរ​របស់វា​។ 6វា​ក៏​មក​រក​ចៀមឈ្មោល​មាន​ស្នែង​ពីរ ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​នៅ​មាត់​ទន្លេ ហើយ​សម្រុក​ទៅរក​ចៀមឈ្មោល​ដោយ​សេចក្ដីក្ដៅក្រហាយ​យ៉ាងខ្លាំង​។ 7ខ្ញុំ​បាន​ឃើញ​វា​ខិតទៅជិត​ចៀមឈ្មោល វា​មួម៉ៅយ៉ាងខ្លាំង​ចំពោះ​ចៀមឈ្មោលនោះ ហើយ​ជល់​ចៀមឈ្មោល​នោះ ក៏​បំបាក់​ស្នែង​ទាំង​ពីរ​របស់វា នោះ​ចៀមឈ្មោល​គ្មាន​កម្លាំង​នៅឈរ​នៅចំពោះ​វា​ឡើយ​។ វា​បាន​ផ្ដួល​ចៀមឈ្មោល​ដល់​ដី រួច​ជាន់ឈ្លី ហើយ​គ្មានអ្នកណា​រំដោះ​ចៀមឈ្មោល​នោះ​ពី​កណ្ដាប់ដៃ​របស់វា​បាន​ឡើយ​។ 8ពពែឈ្មោល​នោះ​បាន​លើក​ខ្លួន​ឡើង​យ៉ាងក្រៃលែង ប៉ុន្តែ​នៅពេល​វា​បានជាខ្លាំង ស្នែង​ធំ​ក៏​បាក់​ទៅ រួច​មាន​ស្នែង​បួន​ដែល​គួរឲ្យចាប់អារម្មណ៍​ដុះឡើង​ជំនួស​ស្នែងនោះ ឆ្ពោះទៅ​ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ​។ 9មាន​ស្នែង​តូច​មួយ​ដុះចេញ​ពី​ស្នែង​មួយ​ក្នុងចំណោម​ស្នែងទាំងនោះ ក៏​បានជាធំ​ក្រៃលែង​ឆ្ពោះទៅ​ទិសខាងត្បូង និង​ទិសខាងកើត ព្រមទាំង​ឆ្ពោះទៅ​ស្រុក​ដ៏រុងរឿង​ផង​។ 10វា​បានជាធំ​រហូតដល់​ពលបរិវារ​នៃ​មេឃ ហើយ​បាន​ទម្លាក់​ពលបរិវារ​ខ្លះ និង​ផ្កាយ​ខ្លះ​ដល់​ដី ព្រមទាំង​ជាន់ឈ្លី​ពួកវា​ផង​។ 11វា​បាន​លើក​ខ្លួន​ឡើង​រហូតដល់​ព្រះអម្ចាស់​នៃ​ពលបរិវារ ហើយ​ដក​តង្វាយប្រចាំថ្ងៃ​ចេញ​ពី​ព្រះអង្គ ព្រមទាំង​រំលំ​កន្លែង​នៃ​ទីវិសុទ្ធ​របស់ព្រះអង្គ​ផង​។ 12រីឯ​ពលបរិវារ​ត្រូវបាន​ប្រគល់ទៅ​ជាមួយនឹង​តង្វាយប្រចាំថ្ងៃ ដោយព្រោះ​ការបំពាន​។ វា​ផ្ដួលរំលំ​សេចក្ដីពិត​ដល់​ដី វា​បាន​ប្រព្រឹត្ត ហើយ​ជោគជ័យ​ផង​។
13បន្ទាប់មក ខ្ញុំ​ឮ​អ្នក​វិសុទ្ធ​មួយ​រូប​កំពុងតែ​និយាយ នោះ​មាន​អ្នក​វិសុទ្ធ​មួយរូបទៀត​និយាយ​នឹង​ម្នាក់​ដែល​កំពុង​និយាយ​នោះ​ថា​៖ “តើ​និមិត្ត​អំពី​តង្វាយប្រចាំថ្ងៃ និង​ការបំពាន​ដែល​បង្កការហិនវិនាស ការ​ប្រគល់​ទីវិសុទ្ធ និង​ការជាន់ឈ្លី​ពលបរិវារ​នេះ នៅ​រហូតដល់​ពេលណា​?”។
14គាត់​ក៏​ឆ្លើយ​នឹង​ខ្ញុំ​ថា​៖ “រហូតដល់​ពីរពាន់បីរយ​ល្ងាច​ព្រឹក នោះ​ទីវិសុទ្ធ​នឹង​ត្រូវបាន​ស្ដារឡើងវិញ”។
សេចក្ដីកាត់ស្រាយអំពីនិមិត្ត
15កាល​ខ្ញុំ ដានីយ៉ែល បាន​ឃើញ​និមិត្ត​នោះ ខ្ញុំ​ក៏​ស្វែងរក​ការយល់ នោះ​មើល៍! មានម្នាក់ដែលមាន​ភិនភាគ​ដូច​មនុស្ស ឈរ​នៅចំពោះ​ខ្ញុំ​។ 16រួច​ខ្ញុំ​ឮ​សំឡេង​មនុស្ស​នៅកណ្ដាល​ទន្លេអ៊ូឡាយ ស្រែកហៅ​ថា​៖ “កាពី្រយ៉ែល​អើយ ចូរឲ្យ​ម្នាក់នេះ​យល់​និមិត្ត​នេះ​ចុះ​!”។
17ដូច្នេះ គាត់​មក​ជិត​កន្លែងដែល​ខ្ញុំ​ឈរ​។ នៅពេល​គាត់​មកដល់ ខ្ញុំ​ក៏​ភ័យខ្លាច ហើយ​ក្រាបមុខដល់ដី ប៉ុន្តែ​គាត់​និយាយ​នឹង​ខ្ញុំ​ថា​៖ “កូនមនុស្ស​អើយ ចូរ​យល់ច្បាស់​ថា និមិត្ត​នេះ​គឺ​សម្រាប់​គ្រា​ចុងបញ្ចប់”។ 18ខណៈដែល​គាត់​កំពុង​និយាយ​នឹង​ខ្ញុំ ខ្ញុំ​ក៏​លង់លក់​ទាំង​ផ្កាប់មុខដល់ដី ប៉ុន្តែ​គាត់​បាន​ពាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ឈរឡើង​លើ​កន្លែងដែល​ខ្ញុំ​បាន​ឈរ​។ 19គាត់​និយាយថា​៖ “មើល៍! ខ្ញុំ​នឹង​ឲ្យ​អ្នក​ដឹង​អ្វីដែល​នឹង​កើតឡើង​នៅ​ចុងបញ្ចប់​នៃ​សេចក្ដីក្រេវក្រោធ ដ្បិត​វា​សំដៅលើ​ពេលកំណត់​នៃ​ទីបញ្ចប់​។ 20ឯ​ចៀមឈ្មោល​មាន​ស្នែង​ពីរ​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ស្ដេច​នៃ​មេឌី និង​ពើស៊ី​។ 21ពពែឈ្មោល​រោមស្រមូវ​នោះ គឺ​ស្ដេច​នៃ​ក្រិក#8:21 ក្រិក―ន័យត្រង់គឺ “យ៉ាវ៉ាន”។ ហើយ​ស្នែង​ធំ​មួយ​ដែល​នៅចន្លោះ​ភ្នែក​របស់វា គឺ​ស្ដេច​ទីមួយ​។ 22ស្នែងមួយដែល​បាក់ និង​ស្នែង​បួន​ដែល​ក្រោកឡើង​ជំនួស​វា គឺ​អាណាចក្រ​បួន​ដែល​នឹង​ក្រោកឡើង​ពី​ប្រជាជាតិ​នោះ ប៉ុន្តែ​គ្មាន​អំណាច​របស់​ស្នែងមុន​នៅជាមួយ​ទេ​។
23នៅ​ចុងបញ្ចប់​នៃ​អាណាចក្រ​របស់ពួកគេ
កាល​មនុស្ស​បះបោរ​បាន​គ្រប់​ចំនួន​ហើយ
នឹង​មាន​ស្ដេច​មួយ​អង្គ​ទឹកមុខ​សាហាវ និង​ជា​អ្នកដែល​ចេះកលល្បិច#8:23 ចេះកលល្បិច―ន័យត្រង់គឺ “យល់ប្រស្នា”។​ក្រោកឡើង​។
24អំណាច​របស់ទ្រង់​នឹង​បានជាខ្លាំង
ប៉ុន្តែ​មិនមែន​ដោយ​អំណាច​របស់អង្គទ្រង់​ទេ​។
ទ្រង់​នឹង​បំផ្លាញ​បែបគួរឲ្យស្ញែង
ទ្រង់​នឹង​ប្រព្រឹត្ត ហើយ​ជោគជ័យ​ផង
ទ្រង់​នឹង​បំផ្លាញ​ពួកមនុស្ស​ខ្លាំងពូកែ និង​ប្រជាជន​ដ៏វិសុទ្ធ​។
25ដោយ​ការប៉ិនប្រសប់​របស់ទ្រង់
ទ្រង់​នឹង​ធ្វើឲ្យ​ការបោកបញ្ឆោត​ចម្រើនឡើង​ដោយ​ព្រះហស្ត​របស់ទ្រង់
ក៏​លើក​ខ្លួន​ឡើង​ក្នុង​ព្រះទ័យ​របស់ទ្រង់​;
ទ្រង់​នឹង​បំផ្លាញ​មនុស្ស​ជាច្រើន​ក្នុង​សេចក្ដីសុខសាន្ត​របស់ពួកគេ
រហូតដល់​ក្រោកឡើង​ប្រឆាំងនឹង​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់
ប៉ុន្តែ​ទ្រង់​នឹង​ត្រូវបាន​កម្ទេច គឺ​មិនមែន​ដោយ​ដៃ​មនុស្ស#8:25 មនុស្ស​―ជាពាក្យជំនួយ។​ឡើយ​។
26រីឯ​និមិត្ត​អំពី​ល្ងាច និង​ព្រឹក ដែល​ត្រូវបាន​ប្រាប់​មក​នោះ គឺ​ពិត
ប៉ុន្តែ​អ្នក​ត្រូវ​បំបិទ​និមិត្ត​នេះ
ដ្បិត​វា​សំដៅលើ​យូរ​ថ្ងៃ​ទៅមុខទៀត”។
27នោះ​ខ្ញុំ ដានីយ៉ែល បាន​ខ្សោយល្វើយ ហើយ​ឈឺ​ជាច្រើន​ថ្ងៃ​។ បន្ទាប់មក ខ្ញុំ​ក៏​ក្រោកឡើង ហើយ​បំពេញ​មុខងារ​របស់​ស្ដេច ប៉ុន្តែ​ខ្ញុំ​តក់ស្លុត​ដោយ​និមិត្ត​នោះ ហើយក៏​មិន​យល់​អត្ថន័យនិមិត្តនោះ​ដែរ​៕

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in