ដានីយ៉ែល 11
11
1“រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលរបស់ដារីយុសជនជាតិមេឌី ខ្ញុំបានឈរឡើងដើម្បីជាអ្នកទ្រទ្រង់ និងជាការការពារដល់ទ្រង់។ 2ឥឡូវនេះ ខ្ញុំនឹងប្រាប់សេចក្ដីពិតដល់អ្នក”។
ពាក្យព្យាករអំពីពើស៊ី និងក្រិក
“មើល៍! នឹងមានស្ដេចបីអង្គទៀតឈរឡើងនៅពើស៊ី។ បន្ទាប់មក ស្ដេចទីបួននឹងមានទ្រព្យសម្បត្តិច្រើនជាងស្ដេចទាំងអស់នោះ ហើយកាលណាទ្រង់មានអំណាចខ្លាំងតាមរយៈទ្រព្យសម្បត្តិរបស់ទ្រង់ នោះទ្រង់ដាស់អាណាចក្រទាំងមូលឡើង ទាស់នឹងអាណាចក្រក្រិក។ 3ពេលនោះ នឹងមានស្ដេចដ៏ខ្លាំងពូកែមួយអង្គក្រោកឡើង ហើយគ្រងរាជ្យដោយអំណាចដ៏លើសលប់ ព្រមទាំងធ្វើតាមអំពើចិត្តផង។ 4ប៉ុន្តែកាលណាស្ដេចនោះក្រោកឡើង អាណាចក្ររបស់ទ្រង់នឹងបាក់បែក ហើយត្រូវបានបែងចែកទៅខ្យល់ទាំងបួនទិសនៃមេឃ គឺមិនមែនទៅពូជពង្សរបស់ទ្រង់ទេ ក៏មិនមែនដោយអំណាចរបស់ទ្រង់ដែលគ្រប់គ្រងនោះដែរ ដ្បិតអាណាចក្ររបស់ទ្រង់នឹងត្រូវបានរម្លើងចេញ ហើយទៅជារបស់អ្នកដទៃក្រៅពីពូជពង្សរបស់ទ្រង់”។
ស្ដេចខាងត្បូង និងស្ដេចខាងជើង
5“បន្ទាប់មក ស្ដេចនៃទិសខាងត្បូងនឹងមានកម្លាំងឡើង ប៉ុន្តែម្នាក់ក្នុងពួកមេដឹកនាំរបស់ទ្រង់នឹងមានកម្លាំងជាងទ្រង់ ហើយឡើងសោយរាជ្យវិញ; អំណាចរបស់អ្នកនោះជាអំណាចដ៏លើសលប់។ 6លុះច្រើនឆ្នាំក្រោយមក ស្ដេចទាំងនោះនឹងចងសម្ពន្ធមិត្តជាមួយគ្នា ហើយបុត្រីរបស់ស្ដេចនៃទិសខាងត្បូងនឹងទៅឯស្ដេចនៃទិសខាងជើង ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀង។ ប៉ុន្តែនាងរក្សាទុកអំណាចក្នុងកណ្ដាប់ដៃរបស់នាងមិនបានទេ ហើយស្ដេចនៃទិសខាងត្បូង និងអំណាចរបស់ទ្រង់ក៏នៅឈរមិនបានដែរ គឺនាង និងពួកអ្នកដែលនាំនាងមក ព្រមទាំងអ្នកដែលផ្ដល់កំណើតដល់នាង និងអ្នកដែលទ្រទ្រង់នាងក្នុងគ្រានោះ នឹងត្រូវបានប្រគល់ទៅ។ 7យ៉ាងណាមិញ នឹងមានម្នាក់ពីវង្សត្រកូល#11:7 វង្សត្រកូល―ន័យត្រង់គឺ “មែកនៃឫស”។របស់នាងក្រោកឡើងជំនួសតំណែងរបស់ស្ដេចនោះ។ ទ្រង់នឹងចេញទៅទាស់នឹងកងទ័ពនោះ ហើយចូលទៅក្នុងបន្ទាយរបស់ស្ដេចនៃទិសខាងជើង ក៏ចាត់វិធានការលើពួកគេ ហើយមានជ័យជម្នះ។ 8ទ្រង់ក៏នឹងយកបណ្ដាព្រះរបស់ពួកគេ និងរូបសិតរបស់ពួកគេ ព្រមទាំងភាជនៈដ៏ល្អប្រណិតរបស់ពួកគេដែលធ្វើពីប្រាក់ និងមាស ជាជ័យភណ្ឌទៅអេហ្ស៊ីបដែរ។ រួចមក ទ្រង់នឹងនៅឃ្លាតពីស្ដេចនៃទិសខាងជើងជាច្រើនឆ្នាំ។ 9រីឯស្ដេចនៃទិសខាងជើងនឹងឈ្លានពានអាណាចក្ររបស់ស្ដេចនៃទិសខាងត្បូង ប៉ុន្តែទ្រង់នឹងត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។
10“ក្រោយមក ពួកបុត្ររបស់ស្ដេចនៃទិសខាងជើងនឹងបង្កសង្គ្រាម ហើយប្រមូលកម្លាំងទ័ពដ៏ច្រើនសន្ធឹក។ ពួកគេនឹងវាយគំហុក ព្រមទាំងជន់លិចគេ ហើយហូរកាត់ ក៏ប្រយុទ្ធម្ដងហើយម្ដងទៀត រហូតដល់បន្ទាយរបស់ស្ដេចនៃទិសខាងត្បូង។ 11ពេលនោះ ស្ដេចនៃទិសខាងត្បូងមួម៉ៅយ៉ាងខ្លាំង ហើយចេញទៅតយុទ្ធនឹងស្ដេចនៃទិសខាងជើង។ ស្ដេចនៃទិសខាងជើងក៏តម្រៀបទ័ពដ៏ច្រើនសន្ធឹក ប៉ុន្តែទ័ពនោះនឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនៃទិសខាងត្បូង។ 12នៅពេលដកទ័ពនោះចេញ ព្រះទ័យរបស់ទ្រង់នឹងឆ្មើងឆ្មៃ ហើយទ្រង់នឹងវាយផ្ដួលមនុស្សរាប់ម៉ឺននាក់ ប៉ុន្តែទ្រង់នឹងមិនឈ្នះឡើយ។ 13ដ្បិតស្ដេចនៃទិសខាងជើងនឹងតម្រៀបទ័ពម្ដងទៀត ដែលច្រើនជាងមុន។ ប៉ុន្មានឆ្នាំក្រោយមក ទ្រង់នឹងមកជាមួយកងទ័ពដ៏ធំ និងជាមួយឧបករណ៍យោធាយ៉ាងច្រើនសន្ធឹក។
14“នៅគ្រានោះ មនុស្សជាច្រើននឹងក្រោកឡើងប្រឆាំងនឹងស្ដេចនៃទិសខាងត្បូង ហើយមនុស្សកំណាចក្នុងប្រជាជនរបស់អ្នកនឹងលើកខ្លួនឡើង ដើម្បីបំពេញនិមិត្តឲ្យសម្រេច ប៉ុន្តែពួកគេនឹងដួលចុះ។ 15ដូច្នេះ ស្ដេចនៃទិសខាងជើងនឹងមក ហើយសង់របាំងឡោមព័ទ្ធ ក៏វាយយកទីក្រុងដ៏រឹងមាំ។ កងទ័ព#11:15 កងទ័ព―ន័យត្រង់គឺ “ដើមដៃ”។នៃទិសខាងត្បូងនឹងនៅឈរមិនបានឡើយ គឺសូម្បីតែពលទ័ពសម្រិតសម្រាំងរបស់ស្ដេចនោះផង ដ្បិតគេគ្មានកម្លាំងនឹងនៅឈរឡើយ។ 16ស្ដេចដែលមកទាស់នឹងស្ដេចនៃទិសខាងត្បូង នឹងធ្វើតាមអំពើចិត្ត ហើយគ្មានអ្នកណាឈរនៅចំពោះទ្រង់បានឡើយ។ ទ្រង់នឹងឈរនៅទឹកដីដ៏រុងរឿង ទាំងមានអំណាចបំផ្លាញក្នុងកណ្ដាប់ដៃរបស់ទ្រង់ផង។ 17ទ្រង់សម្រេចព្រះទ័យចូលមកដោយកម្លាំងនៃអាណាចក្រទាំងមូលរបស់ទ្រង់ ហើយអនុវត្តតាមកិច្ចព្រមព្រៀងជាមួយស្ដេចនៃទិសខាងត្បូង។ ទ្រង់នឹងប្រទានបុត្រីរបស់អង្គទ្រង់ដល់ស្ដេចនៃទិសខាងត្បូង ដើម្បីបំផ្លាញអាណាចក្រនោះ ប៉ុន្តែនាងនឹងមិនឈរខាងទ្រង់ឡើយ ក៏មិនគាំទ្រទ្រង់ដែរ។ 18ក្រោយមក ទ្រង់នឹងបែរព្រះភក្ត្ររបស់ទ្រង់ទៅរកកោះទាំងឡាយ ហើយវាយយកជាច្រើនផង ប៉ុន្តែនឹងមានអ្នកដឹកនាំម្នាក់បញ្ឈប់ការត្មះតិះដៀលរបស់ទ្រង់ មិនត្រឹមតែប៉ុណ្ណោះ គាត់នឹងធ្វើឲ្យការត្មះតិះដៀលរបស់ទ្រង់ត្រឡប់ទៅលើទ្រង់វិញ។ 19ទ្រង់នឹងបែរព្រះភក្ត្ររបស់ទ្រង់ទៅបន្ទាយនៅទឹកដីរបស់ទ្រង់វិញ ប៉ុន្តែទ្រង់នឹងជំពប់ ហើយដួល ក៏គ្មានអ្នកណាឃើញទ្រង់ទៀតឡើយ។
20“បន្ទាប់មក នឹងមានម្នាក់ក្រោកឡើងជំនួសតំណែងរបស់ទ្រង់ ជាអ្នកដែលចាត់អ្នកទារពន្ធហួសប្រមាណឲ្យទៅសម្រាប់ភាពរុងរឿងរបស់អាណាចក្រ ប៉ុន្តែក្នុងប៉ុន្មានថ្ងៃ អ្នកនោះនឹងត្រូវបានកម្ទេច មិនមែនដោយកំហឹង ក៏មិនមែនដោយសង្គ្រាមដែរ។
21“បន្ទាប់ពីនេះ នឹងមានម្នាក់ដែលគួរឲ្យមើលងាយក្រោកឡើងជំនួសតំណែងរបស់អ្នកនោះ ដែលរាជ្យអំណាចដ៏រុងរឿងមិនត្រូវបានប្រគល់ដល់វា គឺវាមកដល់ក្នុងពេលមានសេចក្ដីសុខស្រួល ហើយឆក់យករាជ្យអំណាចដោយការបញ្ជោរ។ 22កងទ័ព#11:22 កងទ័ព―ន័យត្រង់គឺ “ដើមដៃ”។ដូចទឹកជំនន់នឹងត្រូវបានបោសចេញនៅចំពោះវា ហើយពួកគេក៏ត្រូវបានបំបាក់បំបែក គឺសូម្បីតែអ្នកដឹកនាំនៃសម្ពន្ធមេត្រីផង។ 23ក្រោយពីចងសម្ពន្ធមិត្តជាមួយអ្នកដឹកនាំនៃសម្ពន្ធមេត្រីហើយ វានឹងប្រព្រឹត្តដោយសេចក្ដីបោកបញ្ឆោត ហើយវានឹងឡើងមក ក៏បានជាខ្លាំងដោយប្រជាជនតែបន្តិចប៉ុណ្ណោះ។ 24វានឹងឈ្លានពានខេត្តដ៏ល្អបំផុតក្នុងពេលមានសេចក្ដីសុខស្រួល ហើយធ្វើអ្វីដែលសូម្បីតែដូនតារបស់វា និងដូនតានៃដូនតារបស់វាមិនដែលធ្វើ។ វានឹងចែករបឹប ជ័យភណ្ឌ និងទ្រព្យសម្បត្តិដល់មនុស្សរបស់ខ្លួន ហើយគិតគូរឧបាយកលទាស់នឹងទីមាំមួន ប៉ុន្តែបានតែមួយគ្រាប៉ុណ្ណោះ។
25“វានឹងដាស់កម្លាំង និងចិត្តរបស់ខ្លួនឡើងទាស់នឹងស្ដេចនៃទិសខាងត្បូង ដោយកងទ័ពដ៏ធំ។ ស្ដេចនៃទិសខាងត្បូងនឹងលើកទ័ពមកតទល់ ដោយកងទ័ពដ៏ធំ និងខ្លាំងពូកែក្រៃលែងផង ប៉ុន្តែទ្រង់នៅឈរមិនបានឡើយ ពីព្រោះគេនឹងគិតគូរឧបាយកលទាស់នឹងទ្រង់។ 26សូម្បីតែពួកអ្នកដែលហូបអាហាររបស់ទ្រង់នឹងកម្ទេចទ្រង់ ហើយកងទ័ពរបស់ទ្រង់នឹងត្រូវបានបោសចេញ ក៏មានមនុស្សជាច្រើនដួលស្លាប់ដែរ។ 27ស្ដេចទាំងពីរអង្គនេះ ដែលចិត្តរបស់ពួកទ្រង់ទៅរកការប្រព្រឹត្តអាក្រក់ ក៏និយាយភូតភរនៅតុអាហារជាមួយគ្នា ប៉ុន្តែការនោះមិនជោគជ័យឡើយ ដ្បិតមិនទាន់ដល់ចុងបញ្ចប់នៅឡើយ រហូតទាល់តែពេលកំណត់បានមកដល់។ 28ស្ដេចនៃទិសខាងជើងនឹងត្រឡប់ទៅទឹកដីរបស់ទ្រង់វិញ ជាមួយទ្រព្យសម្បត្តិជាច្រើន ប៉ុន្តែព្រះទ័យរបស់ទ្រង់ប្រឆាំងនឹងសម្ពន្ធមេត្រីដ៏វិសុទ្ធ ហើយទ្រង់នឹងចាត់វិធានការ រួចត្រឡប់ទៅទឹកដីរបស់ទ្រង់វិញ។
29“លុះដល់ពេលកំណត់ ទ្រង់នឹងត្រឡប់មកវិញ ហើយឈ្លានពានស្រុកខាងត្បូង ប៉ុន្តែលើកក្រោយនេះ មិនដូចលើកមុនទេ។ 30ដ្បិតនាវាចម្បាំងនៃគីទីមនឹងមកទាស់នឹងទ្រង់ នោះទ្រង់នឹងបាក់ទឹកចិត្ត ហើយត្រឡប់ទៅវិញ។ ពេលនោះ ទ្រង់នឹងខ្ញាល់នឹងសម្ពន្ធមេត្រីដ៏វិសុទ្ធ ហើយចាត់វិធានការ។ នៅពេលត្រឡប់ទៅវិញ ទ្រង់នឹងយកចិត្តទុកដាក់នឹងពួកអ្នកដែលបោះបង់ចោលសម្ពន្ធមេត្រីដ៏វិសុទ្ធ។ 31កងទ័ពពីទ្រង់នឹងក្រោកឡើង ហើយបន្ទាបបន្ថោកទីវិសុទ្ធដែលជាបន្ទាយ ព្រមទាំងបញ្ឈប់តង្វាយប្រចាំថ្ងៃ ហើយតាំងតួគួរឲ្យស្អប់ខ្ពើមដែលបង្កការហិនវិនាសវិញ។ 32ទ្រង់នឹងបង្ខូចពួកអ្នកដែលប្រព្រឹត្តអាក្រក់ទាស់នឹងសម្ពន្ធមេត្រីដោយពាក្យបញ្ជោរ ប៉ុន្តែប្រជារាស្ត្រដែលស្គាល់ព្រះរបស់ខ្លួននឹងមានកម្លាំងឡើង ហើយចាត់វិធានការ។ 33ពួកអ្នកដែលមានប្រាជ្ញាក្នុងប្រជារាស្ត្រនឹងធ្វើឲ្យមនុស្សជាច្រើនមានការយល់ច្បាស់ ប៉ុន្តែពួកគេនឹងដួលដោយមុខដាវ ដោយអណ្ដាតភ្លើង ដោយភាពជាឈ្លើយសឹក និងដោយរបស់រឹបអូស ក្នុងមួយរយៈ។ 34កាលណាពួកគេដួល ពួកគេនឹងទទួលជំនួយបន្តិចបន្តួច ប៉ុន្តែមនុស្សជាច្រើននឹងចូលរួមជាមួយពួកគេដោយការបញ្ជោរ។ 35មានអ្នកខ្លះក្នុងពួកអ្នកមានប្រាជ្ញានឹងដួល ដើម្បីឲ្យពួកគេត្រូវបានបន្សុទ្ធ ត្រូវបានជម្រះ និងត្រូវបានធ្វើឲ្យស រហូតដល់គ្រានៃទីបញ្ចប់ ដ្បិតនៅតែមិនទាន់ដល់ពេលកំណត់នៅឡើយ។
36“ស្ដេចនោះនឹងធ្វើតាមអំពើចិត្ត ក៏នឹងតម្កើងខ្លួនឡើង ហើយលើកខ្លួនឡើងលើអស់ទាំងព្រះ ព្រមទាំងនិយាយអាក្រក់ក្រៃលែងទាស់នឹងព្រះលើអស់ទាំងព្រះ។ ទ្រង់នឹងចម្រើនឡើង រហូតដល់សេចក្ដីក្រេវក្រោធបានបញ្ចប់ ដ្បិតអ្វីដែលត្រូវបានកំណត់ នឹងត្រូវបានបំពេញឲ្យសម្រេច។ 37ទ្រង់នឹងមិនយកចិត្តទុកដាក់ចំពោះបណ្ដាព្រះនៃដូនតារបស់ទ្រង់ ឬចំពោះព្រះដែលមនុស្សស្រីប្រាថ្នាចង់បាននោះទេ ក៏មិនយកចិត្តទុកដាក់ចំពោះព្រះណាមួយឡើយ ពីព្រោះទ្រង់នឹងលើកខ្លួនឡើងលើអ្វីៗទាំងអស់។ 38ក៏ប៉ុន្តែទ្រង់នឹងគោរពព្រះនៃបន្ទាយជំនួសព្រះទាំងនោះ ជាព្រះមួយដែលដូនតារបស់ទ្រង់មិនដែលស្គាល់សោះ គឺទ្រង់នឹងគោរពព្រះនោះដោយមាស ប្រាក់ ត្បូងដ៏មានតម្លៃ និងរបស់ល្អប្រណិត។ 39ទ្រង់នឹងចាត់វិធានការទាស់នឹងបន្ទាយដ៏រឹងមាំដោយពឹងលើព្រះដទៃ។ ទ្រង់នឹងបង្កើនសិរីរុងរឿងដល់អ្នកដែលទទួលស្គាល់ទ្រង់ ហើយឲ្យពួកគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកដីធ្លីឲ្យសម្រាប់ជារង្វាន់ផង។
40“លុះដល់គ្រាចុងបញ្ចប់ ស្ដេចនៃទិសខាងត្បូងនឹងច្រានផ្ដួលទ្រង់ ប៉ុន្តែស្ដេចនៃទិសខាងជើងនឹងមកដូចជាខ្យល់ព្យុះទាស់នឹងទ្រង់ជាមួយរទេះចម្បាំង ទ័ពសេះ និងនាវាជាច្រើន។ ទ្រង់នឹងឈ្លានពានប្រទេសនានា ព្រមទាំងជន់លិចគេ ហើយហូរកាត់ផង។ 41ទ្រង់ក៏នឹងឈ្លានពានទឹកដីដ៏រុងរឿងដែរ ហើយអាណាចក្រ#11:41 អាណាចក្រ―ជាពាក្យជំនួយ។ជាច្រើននឹងដួលចុះ ប៉ុន្តែអេដំ ម៉ូអាប់ និងមេដឹកនាំនៃកូនចៅអាំម៉ូន នឹងត្រូវបានរំដោះពីកណ្ដាប់ដៃរបស់ទ្រង់។ 42ទ្រង់នឹងលូកព្រះហស្តរបស់ទ្រង់ទាស់នឹងប្រទេសនានា ហើយដែនដីអេហ្ស៊ីបក៏គេចមិនរួចដែរ។ 43ទ្រង់នឹងគ្រប់គ្រងលើរតនសម្បត្តិជាមាស និងប្រាក់ ព្រមទាំងលើគ្រប់ទាំងរបស់ល្អប្រណិតនៃអេហ្ស៊ីបផង ហើយជនជាតិលីប៊ី និងជនជាតិអេត្យូពីនឹងជាប់តាមជំហានរបស់ទ្រង់។ 44ប៉ុន្តែដំណឹងពីទិសខាងកើត និងទិសខាងជើងនឹងធ្វើឲ្យទ្រង់តក់ស្លុត ហើយទ្រង់នឹងចេញទៅដោយសេចក្ដីក្ដៅក្រហាយដ៏ខ្លាំងក្លា ដើម្បីបំផ្លាញ និងញែកចេញបំផ្លាញមនុស្សជាច្រើន។ 45ទ្រង់នឹងបោះពន្លាហ្លួងរបស់ទ្រង់នៅចន្លោះសមុទ្រ និងភ្នំវិសុទ្ធដ៏រុងរឿង ប៉ុន្តែទ្រង់នឹងមកដល់ចុងបញ្ចប់របស់ទ្រង់ ហើយគ្មានអ្នកណាជួយទ្រង់ឡើយ”៕
Currently Selected:
ដានីយ៉ែល 11: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative