ដានីយ៉ែល 12
12
គ្រាចុងបញ្ចប់
1“នៅគ្រានោះ មីកែលទេវតាគ្រប់គ្រង#12:1 ទេវតាគ្រប់គ្រង―ន័យត្រង់គឺ “មេដឹកនាំ”។ដ៏ធំឧត្ដមដែលថែរក្សាកូនចៅនៃប្រជាជនរបស់អ្នក នឹងក្រោកឡើង រួចនឹងមានគ្រានៃទុក្ខវេទនាដែលមិនដែលកើតមាន តាំងពីមានប្រជាជាតិ រហូតដល់ពេលនោះ។ ប៉ុន្តែនៅគ្រានោះ ប្រជាជនរបស់អ្នកនឹងត្រូវបានរំដោះ គឺអស់អ្នកដែលឃើញមានកត់ទុកក្នុងបញ្ជី។ 2មនុស្សជាច្រើនក្នុងចំណោមអ្នកដែលដេកលក់ក្នុងធូលីដីនឹងភ្ញាក់ឡើង ខ្លះនឹងទៅឯជីវិតអស់កល្បជានិច្ច ហើយខ្លះនឹងទៅឯសេចក្ដីអាម៉ាស់ និងសេចក្ដីខ្ពើមរអើមអស់កល្បជានិច្ច។ 3ពួកមនុស្សមានប្រាជ្ញានឹងភ្លឺត្រចះត្រចង់ដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិត នឹងបានដូចជាផ្កាយ គឺជារៀងរហូតអស់កល្បជានិច្ច។ 4រីឯអ្នកវិញ ដានីយ៉ែលអើយ ចូរបំបិទពាក្យទាំងនេះ ហើយបិទត្រាលើសៀវភៅនេះ រហូតដល់គ្រាចុងបញ្ចប់។ មនុស្សជាច្រើននឹងទៅណេះទៅណោះ ហើយចំណេះដឹងនឹងកើនឡើង”។
5ពេលនោះ ខ្ញុំ ដានីយ៉ែល បានមើល នោះមើល៍! មានពីរនាក់ទៀតកំពុងឈរ ម្នាក់នៅមាត់ទន្លេខាងនេះ ហើយម្នាក់ទៀតនៅមាត់ទន្លេខាងនោះ។ 6មានម្នាក់និយាយនឹងមនុស្សស្លៀកពាក់ក្រណាត់ផាឌិប ដែលនៅលើទឹកទន្លេនោះថា៖ “តើរហូតដល់ពេលណា ទើបជាចុងបញ្ចប់នៃកិច្ចការដ៏អស្ចារ្យទាំងនេះ?”។ 7នោះខ្ញុំឮមនុស្សស្លៀកពាក់ក្រណាត់ផាឌិប ដែលនៅលើទឹកទន្លេនោះ។ គាត់លើកដៃស្ដាំ និងដៃឆ្វេងទៅលើមេឃ ហើយស្បថដោយអាងព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ចថា៖ “ក្នុងមួយគ្រា ពីរគ្រា និងកន្លះគ្រា គឺកាលណាការកម្ទេចអំណាចនៃប្រជារាស្ត្រដ៏វិសុទ្ធត្រូវបានបញ្ចប់ហើយ ការទាំងអស់នេះនឹងត្រូវបានបញ្ចប់ដែរ”។
8ខ្ញុំបានឮ ប៉ុន្តែមិនយល់ច្បាស់ទេ ដូច្នេះខ្ញុំសួរថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើចុងបញ្ចប់នៃការទាំងនេះជាអ្វី?”។
9គាត់ក៏តបថា៖ “ដានីយ៉ែលអើយ ចូរទៅចុះ ដ្បិតពាក្យទាំងនេះត្រូវបានបំបិទ ហើយត្រូវបានបិទត្រា រហូតដល់គ្រាចុងបញ្ចប់។ 10មនុស្សជាច្រើននឹងជម្រះខ្លួន ហើយធ្វើឲ្យខ្លួនស ព្រមទាំងបន្សុទ្ធខ្លួនផង រីឯពួកមនុស្សអាក្រក់នឹងប្រព្រឹត្តអាក្រក់។ អស់ទាំងមនុស្សអាក្រក់នឹងមិនយល់ច្បាស់ឡើយ ចំណែកឯមនុស្សមានប្រាជ្ញានឹងយល់ច្បាស់វិញ។ 11ចាប់ពីគ្រាដែលតង្វាយប្រចាំថ្ងៃត្រូវបានបញ្ឈប់ ហើយតួគួរឲ្យស្អប់ខ្ពើមដែលបង្កការហិនវិនាសត្រូវបានតាំងឡើង គឺ ១ ២៩០ ថ្ងៃ។ 12មានពរហើយ អ្នកដែលរង់ចាំ ហើយបានដល់ ១ ៣៣៥ ថ្ងៃ។ 13រីឯអ្នកវិញ ចូរទៅរហូតដល់ចុងបញ្ចប់ចុះ! ដ្បិតអ្នកនឹងសម្រាក ហើយឈរឡើងនៅក្នុងចំណែករបស់អ្នកនៅគ្រាចុងបញ្ចប់”៕៚
Currently Selected:
ដានីយ៉ែល 12: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative