ទំនុកតម្កើង 99
99
ព្រះយេហូវ៉ាជាព្រះនៃយើងព្រះអង្គបរិសុទ្ធ
1ព្រះយេហូវ៉ាសោយរាជ្យ
ចូរឲ្យប្រជាជនទាំងឡាយញាប់ញ័រ!
ព្រះអង្គគង់ពីលើចេរូប៊ីម
ចូរឲ្យផែនដីកក្រើករំពើកចុះ!
2ព្រះយេហូវ៉ាធំអស្ចារ្យនៅក្រុងស៊ីយ៉ូន
ព្រះអង្គថ្កើងឡើងលើសជាតិសាសន៍ទាំងអស់។
3ចូរឲ្យគេសរសើរតម្កើងព្រះនាមដ៏ធំ
ហើយគួរឲ្យស្ញែងខ្លាចរបស់ព្រះអង្គ
ដ្បិតព្រះអង្គបរិសុទ្ធ។
4ព្រះមហាក្សត្រដែលប្រកបដោយឫទ្ធានុភាព
ព្រះអង្គស្រឡាញ់យុត្តិធម៌
ព្រះអង្គបានតាំងឲ្យមានសេចក្ដីទៀតត្រង់
ព្រះអង្គសម្រេចតាមសេចក្ដីយុត្តិធម៌
និងសេចក្ដីសុចរិតនៅក្នុងពួកយ៉ាកុប។
5ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើង
ហើយថ្វាយបង្គំនៅទៀបព្រះបាទរបស់ព្រះអង្គ
ដ្បិតព្រះអង្គបរិសុទ្ធ!
6៙ លោកម៉ូសេ និងលោកអើរ៉ុន
ក្នុងចំណោមពួកសង្ឃរបស់ព្រះអង្គ
ហើយលោកសាំយូអែល
ក៏នៅក្នុងចំណោមអស់អ្នក
ដែលអំពាវនាវរកព្រះនាមព្រះអង្គ។
គេបានអំពាវនាវរកព្រះយេហូវ៉ា
ហើយព្រះអង្គក៏ឆ្លើយតបពួកលោក។
7ព្រះអង្គមានព្រះបន្ទូលមកកាន់ពួកលោក
ពីក្នុងបង្គោលពពក
ពួកលោកបានកាន់តាមសេចក្ដីបន្ទាល់
របស់ព្រះអង្គ
ព្រមទាំងក្រឹត្យក្រមដែលព្រះអង្គ
បានប្រទានដល់ពួកលោក។
8៙ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ
ព្រះអង្គបានឆ្លើយតបដល់ពួកលោក
ព្រះអង្គជាព្រះដែលអត់ទោសដល់ពួកលោក
តែព្រះអង្គធ្វើទោសចំពោះកំហុស
ដែលពួកលោកបានប្រព្រឹត្ត។
9ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើង
ហើយថ្វាយបង្គំនៅឯភ្នំបរិសុទ្ធរបស់ព្រះអង្គចុះ
ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គបរិសុទ្ធ។
Currently Selected:
ទំនុកតម្កើង 99: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies