YouVersion Logo
Search Icon

ទំនុកតម្កើង 92

92
ពាក្យ​ព្រះគុណ​សម្រាប់​ព្រះ​ពរ​របស់​ព្រះ
ទំនុក​តម្កើង។ ជា​បទ​ចម្រៀង​សម្រាប់​ថ្ងៃ​សប្ប័ទ។
1នេះ​ជា​ការប្រពៃ​ណាស់
ដែល​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា
ហើយ​ច្រៀង​សរសើរតម្កើង​ព្រះ‌នាម​ព្រះ‌អង្គ
ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ!
2ដើម្បី​ប្រកាស​អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស
របស់​ព្រះ‌អង្គ​នៅ​ពេល​ព្រឹក
និង​អំពីព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់
របស់​ព្រះ‌អង្គ​នៅពេល​យប់
3ដោយ​ប្រដាប់​ភ្លេង​មាន​ខ្សែ​ដប់ និង​ពិណ
ដោយ​សូរ​ចាប់​ស៊ុង​យ៉ាង​រងំ
4ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឲ្យ​ទូល‌បង្គំ
រីក​រាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អង្គ
ទូល‌បង្គំ​ច្រៀង​ដោយ​អំណរ
ចំពោះ​កិច្ច​ការ​ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​ធ្វើ។
5៙ ឱ​ព្រះ‌យេហូវ៉ា​អើយ
ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ធំ​អស្ចារ្យ​ណាស់
ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ក៏​ជ្រៅ​ពន់​ពេក!
6មនុស្ស​កំរោល​មិន​ដឹង​អ្វី​ទេ
ហើយ​មនុស្ស​ឆោត​ល្ងង់
ក៏​មិន​យល់​សេចក្ដី​នេះ​ដែរ
7ទោះ​ជា​មនុស្ស​អាក្រក់​ដុះ​ឡើង​ដូច​ជា​ស្មៅ
ហើយមនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
លូត​លាស់​ឡើង​ក៏​ដោយ
ក៏​គង់តែ​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​ជា​រៀង​រហូត
8រីឯ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ខ្ពស់​អស់‌កល្ប​ជានិច្ច។
9ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ទត​មើល​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មើល៍ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ នឹង​ត្រូវ​វិនាស​ទៅ
អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់។
10៙ ប៉ុន្ដែ ព្រះ‌អង្គ​បាន​តម្កើង​ស្នែង
របស់​ទូល‌បង្គំ​ឡើង ដូច​ស្នែង​គោ​ព្រៃ
ព្រះ‌អង្គ​បាន​ចាក់​ប្រេង​ថ្មីមក​លើ​ទូល‌បង្គំ។
11ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ខ្មាំង​សត្រូវ
របស់​ទូល‌បង្គំ​ធ្លាក់​ចុះ
ហើយ​ត្រចៀក​ទូល‌បង្គំ​ក៏​បាន​ឮ​ពី​មហន្តរាយ
របស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់
មក​លើ​ទូល‌បង្គំ​ដែរ។
12៙ មនុស្ស​សុចរិត​នឹង​លូត​លាស់​ឡើង
ដូច​ដើម​លម៉ើ
ក៏​ចម្រើន​ឡើង ដូច​ដើម​តា‌ត្រៅ
នៅ​លើ​ភ្នំ​ល្បាណូន។
13គេ​ដូច​ជា​ដើម​ឈើដែល​ដុះ
នៅ​ក្នុង​ដំណាក់នៃ​ព្រះ‌យេហូវ៉ា
គេ​លូត​លាស់​នៅ​ក្នុង​ទី‌លាន​របស់​ព្រះ​នៃ​យើង។
14គេ​នឹង​នៅ​តែ​អាច​បង្កើត​ផល​ក្នុង​វ័យ​ចាស់
គេ​នៅ​តែ​មាន​ជ័រ​ជា​បរិបូរ
ហើយ​នៅ​តែ​ខៀវ​ខ្ចី​ជានិច្ច
15ដើម្បី​សម្ដែង​ឲ្យ​ឃើញ​ថា
ព្រះ‌យេហូវ៉ា​ទៀង​ត្រង់
ព្រះ‌អង្គ​ជា​ថ្ម​ដា​របស់​ខ្ញុំ
ហើយ​គ្មាន​អំពើ​ទុច្ចរិត​ណា
នៅ​ក្នុង​ព្រះ‌អង្គ​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in