ទំនុកតម្កើង 91
91
ការធានាអះអាងអំពីការការពាររបស់ព្រះ
1អ្នកណាដែលរស់នៅក្រោមជម្រក
នៃព្រះដ៏ខ្ពស់បំផុត
អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់
ព្រះចេស្តា ។
2ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា
«ព្រះអង្គជាទីពឹងពំនាក់
ជាបន្ទាយរបស់ទូលបង្គំ
ជាព្រះនៃទូលបង្គំ
ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
3ដ្បិតព្រះអង្គនឹងរំដោះអ្នកឲ្យរួចពីអន្ទាក់
របស់នាយព្រាន
និងពីជំងឺរាតត្បាតដែលនាំឲ្យអន្តរាយ។
4ព្រះអង្គនឹងក្រុងអ្នកដោយស្លាបរបស់ព្រះអង្គ
ហើយអ្នកនឹងជ្រកនៅក្រោម
ចំអេងស្លាបរបស់ព្រះអង្គ
ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គជាខែល
និងជាអាវក្រោះ។
5អ្នកនឹងមិនភ័យខ្លាចគ្រោះថ្នាក់
ដែលគួរឲ្យតក់ស្លុតនៅពេលយប់
ឬព្រួញដែលហើរនៅពេលថ្ងៃ
6ឬជំងឺរាតត្បាតដែលកើតមាននៅទីងងឹត
ឬមហន្តរាយដែលបំផ្លាញ
នៅពេលថ្ងៃត្រង់ឡើយ។
7៙ ទោះបើមានមនុស្សមួយពាន់នាក់
ដួលស្លាប់នៅក្បែរអ្នក
ហើយមួយម៉ឺននាក់នៅខាងដៃស្តាំអ្នកក្ដី
ក៏ការនោះនឹងមិនមកជិតអ្នកឡើយ។
8អ្នកនឹងបានឃើញការតបស្នង
ដល់មនុស្សអាក្រក់ ដោយភ្នែកតែប៉ុណ្ណោះ។
9៙ ដោយព្រោះអ្នកបានយក
ព្រះយេហូវ៉ាជាទីពឹងជ្រក
គឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់អ្នក
10នោះនឹងគ្មានសេចក្ដីអាក្រក់ណា
កើតមានដល់អ្នកឡើយ
ក៏គ្មានគ្រោះកាចណាមកជិត
ទីលំនៅរបស់អ្នកដែរ។
11៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា
របស់ព្រះអង្គពីដំណើរអ្នក
ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។
12ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ
ក្រែងជើងអ្នកទង្គិចនឹងថ្ម។
13អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក
ឯសិង្ហស្ទាវ និងនាគ
អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។
14៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា
«ដោយព្រោះគេបានយកយើងជាទីស្រឡាញ់
យើងនឹងរំដោះគេ យើងនឹងការពារគេ
ព្រោះគេទទួលស្គាល់ឈ្មោះយើង។
15កាលគេអំពាវនាវរកយើង
យើងនឹងឆ្លើយតបដល់គេ
យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក
យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
16យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ
ហើយនឹងបង្ហាញឲ្យគេឃើញ
ការសង្គ្រោះរបស់យើង»។
Currently Selected:
ទំនុកតម្កើង 91: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies