YouVersion Logo
Search Icon

ទំនុកតម្កើង 56

56
ពេល​ជួប​ការ​បៀត​បៀន ចូរ​ទុក​ចិត្តដល់​ព្រះ
ទំនុក​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង។ តាម​បទ «សត្វ​ព្រាប​គ​នៅ​ស្រុក​ឆ្ងាយ» នៅ​គ្រា​ដែល​សាសន៍​ភីលី‌ស្ទីន​ចាប់​ព្រះ‌អង្គ​នៅ​ក្រុង​កាថ។
1ឱ​ព្រះ​អើយ
សូម​ប្រណី​សន្ដោស​ទូល‌បង្គំ
ដ្បិត​មនុស្ស​ជាន់​ឈ្លីទូល‌បង្គំ​ហើយ
គេ​វាយ​ប្រហារ ហើយ​សង្កត់‌សង្កិន
ទូល‌បង្គំ​រាល់​ថ្ងៃ។
2ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ
ជាន់​ឈ្លី​ទូល‌បង្គំ​រាល់​ថ្ងៃ
ដ្បិត​មាន​មនុស្ស​ជា​ច្រើន​វាយ​ប្រហារ​ទូល‌បង្គំ
ទាំង​ចិត្ត​អួត​អាង។
3ពេល​ទូល‌បង្គំ​ភ័យ​ខ្លាច
ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។
4៙ នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង
ព្រះ‌បន្ទូល​ព្រះ‌អង្គ
នៅ​ក្នុង​ព្រះ ខ្ញុំ​ទុក​ចិត្ត
ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។
តើ​សាច់​ឈាម​អាចធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?
5គេ​មួល​បង្កាច់​ពាក្យ​ខ្ញុំ​វាល់​ព្រឹក​វាល់​ល្ងាច
អស់​ទាំង​គំនិត​របស់​គេ
សុទ្ធ​តែ​ប៉ង​ធ្វើ​អាក្រក់​ដល់​ខ្ញុំ។
6គេរក​រឿង​ឈ្លោះប្រកែក គេ​ពួន​ខ្លួន
គេ​ឃ្លាំ​មើល​ជំហាន​របស់​ខ្ញុំ
ព្រោះ​គេ​រក​ឱកាស​នឹង​សម្លាប់​ខ្ញុំ។
7៙ តើ​គេ​នឹង​គេច​ផុត​ដោយ​អំពើ​អាក្រក់
រប​ស់​គេ​បាន​ឬ?
ឱ​ព្រះ​អើយ សូម​ទម្លាក់​ប្រជាជនទាំង​នោះ
ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ទៅ។
8ព្រះ‌អង្គ​បាន​កត់​ត្រា​ទុក​អស់​ការ​សាត់​អណ្តែត
របស់​ទូល‌បង្គំ
ក៏​ដាក់​ទឹក​ភ្នែក​ទូល‌បង្គំទុក​ក្នុង​ដប​របស់​ព្រះ‌អង្គ
តើ​ទឹក​ភ្នែក​ទាំង​នោះ
មិន​នៅ​ក្នុង​បញ្ជី​ព្រះ‌អង្គ​ទេ​ឬ?
9ពេល​នោះ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​នឹង​ដក​ថយ
នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ
ហើយ​ទូល‌បង្គំ​ដឹងច្បាស់​ថា
ព្រះ‌អង្គ​គង់​ខាង​ទូល‌បង្គំ។
10៙ នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង
ព្រះ‌បន្ទូល​ព្រះ‌អង្គ
នៅ​ក្នុង​ព្រះ‌យេហូវ៉ា
ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​ព្រះ‌អង្គ
11នៅ​ក្នុង​ព្រះ ខ្ញុំ​ទុក​ចិត្ត
ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។
តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?
12៙ ឱ​ព្រះ​អើយ ទូល‌បង្គំត្រូវ​តែ​លា​បំណន់
តាម​ពាក្យ​ដែល​ទូល‌បង្គំ​បាន​បន់​ដល់​ព្រះ‌អង្គ
ទូល‌បង្គំ​នឹង​ថ្វាយ​តង្វាយ​អរ​ព្រះ‌គុណ
ដល់​ព្រះ‌អង្គ។
13ដ្បិត​ព្រះ‌អង្គ​បាន​រំដោះព្រលឹង​ទូល‌បង្គំ
ឲ្យ​រួច​ពី​ស្លាប់
អើ ក៏​បានជួយ​ជើង​ទូល‌បង្គំ​មិនឲ្យ​ដួលដែរ
ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ដើរ​នៅ​ចំពោះ​ព្រះ
ក្នុង​ពន្លឺ​នៃ​ជីវិត។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in