ទំនុកតម្កើង 56
56
ពេលជួបការបៀតបៀន ចូរទុកចិត្តដល់ព្រះ
ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។ តាមបទ «សត្វព្រាបគនៅស្រុកឆ្ងាយ» នៅគ្រាដែលសាសន៍ភីលីស្ទីនចាប់ព្រះអង្គនៅក្រុងកាថ។
1ឱព្រះអើយ
សូមប្រណីសន្ដោសទូលបង្គំ
ដ្បិតមនុស្សជាន់ឈ្លីទូលបង្គំហើយ
គេវាយប្រហារ ហើយសង្កត់សង្កិន
ទូលបង្គំរាល់ថ្ងៃ។
2ខ្មាំងសត្រូវរបស់ទូលបង្គំ
ជាន់ឈ្លីទូលបង្គំរាល់ថ្ងៃ
ដ្បិតមានមនុស្សជាច្រើនវាយប្រហារទូលបង្គំ
ទាំងចិត្តអួតអាង។
3ពេលទូលបង្គំភ័យខ្លាច
ទូលបង្គំទុកចិត្តដល់ព្រះអង្គ។
4៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង
ព្រះបន្ទូលព្រះអង្គ
នៅក្នុងព្រះ ខ្ញុំទុកចិត្ត
ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។
តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន?
5គេមួលបង្កាច់ពាក្យខ្ញុំវាល់ព្រឹកវាល់ល្ងាច
អស់ទាំងគំនិតរបស់គេ
សុទ្ធតែប៉ងធ្វើអាក្រក់ដល់ខ្ញុំ។
6គេរករឿងឈ្លោះប្រកែក គេពួនខ្លួន
គេឃ្លាំមើលជំហានរបស់ខ្ញុំ
ព្រោះគេរកឱកាសនឹងសម្លាប់ខ្ញុំ។
7៙ តើគេនឹងគេចផុតដោយអំពើអាក្រក់
របស់គេបានឬ?
ឱព្រះអើយ សូមទម្លាក់ប្រជាជនទាំងនោះ
ដោយសេចក្ដីក្រោធរបស់ព្រះអង្គទៅ។
8ព្រះអង្គបានកត់ត្រាទុកអស់ការសាត់អណ្តែត
របស់ទូលបង្គំ
ក៏ដាក់ទឹកភ្នែកទូលបង្គំទុកក្នុងដបរបស់ព្រះអង្គ
តើទឹកភ្នែកទាំងនោះ
មិននៅក្នុងបញ្ជីព្រះអង្គទេឬ?
9ពេលនោះ ខ្មាំងសត្រូវរបស់ទូលបង្គំនឹងដកថយ
នៅថ្ងៃដែលទូលបង្គំស្រែករកព្រះអង្គ
ហើយទូលបង្គំដឹងច្បាស់ថា
ព្រះអង្គគង់ខាងទូលបង្គំ។
10៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង
ព្រះបន្ទូលព្រះអង្គ
នៅក្នុងព្រះយេហូវ៉ា
ខ្ញុំសរសើរតម្កើងព្រះបន្ទូលព្រះអង្គ
11នៅក្នុងព្រះ ខ្ញុំទុកចិត្ត
ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។
តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
12៙ ឱព្រះអើយ ទូលបង្គំត្រូវតែលាបំណន់
តាមពាក្យដែលទូលបង្គំបានបន់ដល់ព្រះអង្គ
ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណ
ដល់ព្រះអង្គ។
13ដ្បិតព្រះអង្គបានរំដោះព្រលឹងទូលបង្គំ
ឲ្យរួចពីស្លាប់
អើ ក៏បានជួយជើងទូលបង្គំមិនឲ្យដួលដែរ
ដើម្បីឲ្យទូលបង្គំបានដើរនៅចំពោះព្រះ
ក្នុងពន្លឺនៃជីវិត។
Currently Selected:
ទំនុកតម្កើង 56: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies