YouVersion Logo
Search Icon

យ៉ូណាស 3

3
ព្រះ​លើក​លែង​ទោស​ឲ្យ​អ្នក​ក្រុង​នីនីវេ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​យ៉ូណាស​ម្តង​ទៀត​ថា៖ 2«ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ ជា​ក្រុង​ធំ ហើយ​ប្រកាស​ប្រាប់​គេ តាម​សេចក្ដី​ដែល​យើង​បង្គាប់»។ 3ដូច្នេះ ហោរា​យ៉ូណាស​ក៏​ក្រោក​ឡើង​ទៅ​ក្រុង​នីនីវេ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា រីឯ​នីនីវេ​ជា​ទី​ក្រុង​ធំ ដែល​ដើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ទើប​បាន​សព្វ។ 4កាល​ហោរា​យ៉ូណាស​បាន​ចាប់​ផ្ដើម​ដើរ​ចូល​ក្នុង​ទី​ក្រុង​នោះ ចម្ងាយ​ដើរ​អស់​មួយ​ថ្ងៃ​ហើយ នោះ​លោក​ប្រកាស​ថា «នៅ​តែ​សែសិប​ថ្ងៃ​ទៀត​ក្រុង​នីនីវេ​នឹង​ត្រូវ​បំផ្លាញ​ហើយ!»។ 5ពួក​បណ្ដា‌ជន​នៅ​ក្រុង​នីនីវេ​ក៏​ជឿ​ព្រះ‌អង្គ។ ដូច្នេះ គេ​ប្រកាស​ឲ្យ​មាន​ពេល​តម​អត់ ហើយ​ស្លៀក​សំពត់​ធ្មៃ ចាប់​តាំង​ពី​អ្នក​ធំ​បំផុត រហូត​ដល់​អ្នក​តូច​ជាង​គេ។
6ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​ស្តេច​នៃ​ក្រុង​នីនីវេ ស្ដេច​ក៏​យាង​ចុះ​ពី​បល្ល័ង្ក ដោះ​ព្រះ‌ពស្ត្រ​ចេញ ហើយ​ឃ្លុំ​អង្គ​ដោយ​សំពត់​ធ្មៃ ទៅ​គង់​នៅ​ក្នុង​ផេះ​វិញ។ 7ទ្រង់​ក៏​ឲ្យ​គេ​ប្រកាស​ប្រាប់​នៅ​ពេញ​ក្នុង​ក្រុង​នីនីវេ ជា​បង្គាប់​របស់​ស្តេច និង​ពួក​រដ្ឋ‌មន្ត្រី​ថា៖ «មិន​ត្រូវ​ឲ្យ​ពួក​មនុស្ស ឬ​សត្វ ហ្វូង​គោ ឬ​ហ្វូង​ចៀម​ភ្លក់​អ្វី​ឡើយ កុំ​ឲ្យ​ស៊ី ឬ​ផឹក​ឲ្យ​សោះ 8ទាំង​អស់​គ្នា​ត្រូវ​ឃ្លុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ គឺ​ទាំង​មនុស្ស និង​សត្វ​ផង ហើយ​គ្រប់​គ្នា​ត្រូវ​អំពាវ‌នាវ​យ៉ាង​ខ្លាំង​ដល់​ព្រះ អើ ត្រូវ​ឲ្យ​គេ​លាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន ហើយ​ពី​ការ​ច្រឡោត​ដែល​នៅ​ដៃ​ខ្លួន​ផង។ 9ប្រហែល​ជា​ព្រះ​នឹង​ប្រែ​ព្រះ‌ហឫ‌ទ័យ ហើយ​ផ្លាស់​គំនិត ព្រម​លាក​ចេញ​ពី​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស​ទៅ​ទេ​ដឹង»។
10ពេល​ព្រះ​ទត​ឃើញ​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​នោះ គឺ​ដែល​គេ​បាន​លាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ ព្រះ​ក៏​ប្រែ​គំនិត​ពី​ការ​អាក្រក់ ដែល​ព្រះ‌អង្គ​បាន​គំរាម​ថា នឹង​ធ្វើ​ដល់​គេ ហើយ​ព្រះ‌អង្គ​លែង​ធ្វើ​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in