YouVersion Logo
Search Icon

យ៉ូណាស 4

4
កំហឹង​របស់​ហោរាយ៉ូណាស
1ប៉ុន្តែ ការ​នោះ​ហោរា​យ៉ូណាស​មិន​ពេញ​ចិត្ត​សោះ ហើយ​លោក​ក៏​ខឹង។ 2រួច​លោក​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មិន​មែន​ការ​នេះ​ទេ​ឬ ដែល​ទូល‌បង្គំ​បាន​និយាយ​កាល​ទូល‌បង្គំ​នៅ​ស្រុក​របស់​ទូល‌បង្គំ​នោះ? គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​ខំ​រត់​ទៅ​ក្រុង​តើស៊ីស​វិញ ព្រោះ​ទូល‌បង្គំ​បាន​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ប្រកប​ដោយ​ករុណា ក៏​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ក៏​តែង‌តែ​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់​ផង។ 3ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​អង្វរ​ដល់​ព្រះ‌អង្គ សូម​ដក​ជីវិត​ទូល‌បង្គំ​ចុះ ដ្បិត​ស៊ូ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ទៅ​ជា​ជាង​រស់​នៅ»។ 4ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​នឹង​លោក​ថា៖ «ការ​ដែល​ឯង​ខឹង​ដូច្នេះ តើ​គួរ​ឬ?» 5ហោរា​យ៉ូណាស​ក៏​ចេញ​ទៅ​អង្គុយ​នៅ​ខាង​កើត​ទី​ក្រុង នៅ​ទី​នោះ​លោក​ធ្វើ​បង្ហា​មួយ ហើយ​អង្គុយ​ជ្រក​នៅ​ក្រោម​ម្លប់​នោះ ដើម្បី​ចាំ​មើល​ការ​អ្វី ដែល​នឹង​កើត​ដល់​ទី​ក្រុង។
6ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា​ក៏​ឲ្យ​មាន​ដើម​វល្លិដុះ​ឡើង​គ្រប​បាំង​ហោរា​យ៉ូណាស ដើម្បី​ឲ្យ​បាន​ជា​ម្លប់​ពី​លើ​ក្បាល ដើម្បី​កុំ​ឲ្យ​លោក​តប់‌ប្រមល់។ ហោរា​យ៉ូណាស​មាន​អំណរ​ណាស់ ដោយ​ព្រោះ​ដើម​វល្លិ​នោះ។ 7ប៉ុន្តែ ពេល​ដល់​ថ្ងៃ​ស្អែក​ឡើង ព្រះ​ឲ្យ​មាន​ដង្កូវ​មួយ​មក​ស៊ី​ដើម​វល្លិ​ស្វិត​ក្រៀម​វិញ។ 8ពេល​ថ្ងៃ​រះ​ឡើង ព្រះ​ឲ្យ​មាន​ខ្យល់​ក្តៅ បក់​មក​ពី​ទិស​ខាង​កើត ថ្ងៃ​ក៏​ចាំង​ក្បាល​លោក​ដែរ ឲ្យ​លោក​ខ្សោះ​ល្វើយ លោក​ក៏​សូម​ឲ្យ​ខ្លួន​បាន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា៖ «ស៊ូ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ទៅ ជា​ជាង​រស់​នៅ»។
ព្រះស្ដីបន្ទោស​យ៉ូណាស
9ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូណាស​ថា៖ «ការ​ដែល​ឯង​ខឹង​ពី​ដំណើរ​ដើម​វល្លិ​នោះ តើ​គួរ​ឬ?» លោក​តប​ថា៖ «ការ​ដែល​ទូល‌បង្គំ​ខឹង​នេះ​គួរ​ហើយ ទោះ​បើ​ដល់​ស្លាប់​ក៏​ដោយ»។ 10ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ឯង​បាន​អាល័យ​ចំពោះ​ដើម​វល្លិ ដែល​ឯង​មិន​បាន​ដាំ ឬ​ធ្វើ​ឲ្យ​ដុះ​ឡើង​ទេ ជា​ដើម​ដែល​ដុះ​ឡើង​ក្នុង​មួយ​យប់ ហើយ​បាន​វិនាស​ទៅ ក្នុង​មួយ​យប់​ដូច​គ្នា​នោះ។ 11ដូច្នេះ តើ​មិន​គួរ​ឲ្យ​យើង​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទី​ក្រុង​យ៉ាង​ធំ​នេះ ដែល​មាន​មនុស្ស​ជាង​មួយ​សែន​ពីរ​ម៉ឺន​នាក់ ជា​ពួក​អ្នក​ដែល​មិន​ស្គាល់​ស្តាំ មិន​ស្គាល់​ឆ្វេង​សោះ ព្រម​ទាំង​ហ្វូង​សត្វ​យ៉ាង​ច្រើន​ផង​ទេ​ឬ?»។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in