យ៉ូណាស 4
4
កំហឹងរបស់ហោរាយ៉ូណាស
1ប៉ុន្តែ ការនោះហោរាយ៉ូណាសមិនពេញចិត្តសោះ ហើយលោកក៏ខឹង។ 2រួចលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ តើមិនមែនការនេះទេឬ ដែលទូលបង្គំបាននិយាយកាលទូលបង្គំនៅស្រុករបស់ទូលបង្គំនោះ? គឺដោយហេតុនោះបានជាទូលបង្គំខំរត់ទៅក្រុងតើស៊ីសវិញ ព្រោះទូលបង្គំបានដឹងថា ព្រះអង្គជាព្រះដ៏ប្រកបដោយករុណា ក៏មានព្រះហឫទ័យអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែងតែប្រែគំនិតចេញពីការអាក្រក់ផង។ 3ដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ព្រះអង្គ សូមដកជីវិតទូលបង្គំចុះ ដ្បិតស៊ូឲ្យទូលបង្គំស្លាប់ទៅជាជាងរស់នៅ»។ 4ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលតបនឹងលោកថា៖ «ការដែលឯងខឹងដូច្នេះ តើគួរឬ?» 5ហោរាយ៉ូណាសក៏ចេញទៅអង្គុយនៅខាងកើតទីក្រុង នៅទីនោះលោកធ្វើបង្ហាមួយ ហើយអង្គុយជ្រកនៅក្រោមម្លប់នោះ ដើម្បីចាំមើលការអ្វី ដែលនឹងកើតដល់ទីក្រុង។
6ព្រះដ៏ជាព្រះយេហូវ៉ាក៏ឲ្យមានដើមវល្លិដុះឡើងគ្របបាំងហោរាយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាល ដើម្បីកុំឲ្យលោកតប់ប្រមល់។ ហោរាយ៉ូណាសមានអំណរណាស់ ដោយព្រោះដើមវល្លិនោះ។ 7ប៉ុន្តែ ពេលដល់ថ្ងៃស្អែកឡើង ព្រះឲ្យមានដង្កូវមួយមកស៊ីដើមវល្លិស្វិតក្រៀមវិញ។ 8ពេលថ្ងៃរះឡើង ព្រះឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា៖ «ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ»។
ព្រះស្ដីបន្ទោសយ៉ូណាស
9ព្រះទ្រង់មានព្រះបន្ទូលទៅយ៉ូណាសថា៖ «ការដែលឯងខឹងពីដំណើរដើមវល្លិនោះ តើគួរឬ?» លោកតបថា៖ «ការដែលទូលបង្គំខឹងនេះគួរហើយ ទោះបើដល់ស្លាប់ក៏ដោយ»។ 10ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ឯងបានអាល័យចំពោះដើមវល្លិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើងទេ ជាដើមដែលដុះឡើងក្នុងមួយយប់ ហើយបានវិនាសទៅ ក្នុងមួយយប់ដូចគ្នានោះ។ 11ដូច្នេះ តើមិនគួរឲ្យយើងអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬ?»។:៚
Currently Selected:
យ៉ូណាស 4: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies