YouVersion Logo
Search Icon

យ៉ូណាស 2

2
ទំនុក​អរ​ព្រះគុណ
1ពេល​នោះ ហោរា​យ៉ូណាស​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន នៅ​ក្នុង​ពោះ​ត្រី។ 2លោក​ទូល​ថា៖
«ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា
ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូល‌បង្គំ
ព្រះ‌អង្គ​ក៏​បាន​ឆ្លើយ​មក​ទូល‌បង្គំ​ហើយ
ទូល‌បង្គំ​បាន​អំពាវ‌នាវ
នៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
ហើយ​ព្រះ‌អង្គ​បាន​ឮ​សំឡេង​របស់​ទូល‌បង្គំ។
3ដ្បិត​ព្រះ‌អង្គ​បាន​បោះ​ទូល‌បង្គំ​ទៅ​ក្នុង​ទី​ជម្រៅ
គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ទូល‌បង្គំ
ហើយ​រលក​ទាំង​ប៉ុន្មាន
និង​អស់​ទាំង​ខ្សែ​ទឹក​របស់​ព្រះ‌អង្គ​បាន​ហូរ​ពី​លើ​ទូល‌បង្គំ។
4ទូល‌បង្គំ​បាន​ពោល​ថា
ទូល‌បង្គំ​ត្រូវ​បោះ​ចោល​ពី​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ហើយ
ប៉ុន្តែ ទូល‌បង្គំ​នឹង​មើល​ទៅ​ឯ
ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ
5ទឹក​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ សឹង​តែ​នឹង​ផុត​ជីវិត
ទី​ជម្រៅ​បាន​ហ៊ុម​ទូល‌បង្គំ​ជិត
ហើយ​សារ៉ាយ​បាន​រុំ​ព័ទ្ធ​ក្បាល​ទូល‌បង្គំ។
6ទូល‌បង្គំ​បាន​ចុះ​ទៅ​ដល់​ឫស​នៃ​ភ្នំ​ទាំង​ប៉ុន្មាន
រនុក​នៃ​ផែនដី​បាន​បិទ​ខ្ទប់​ពី​លើ
ទូល‌បង្គំទុក​ជា​ដរាប​តទៅ
ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ព្រះ‌អង្គ​បាន​នាំ​ទូល‌បង្គំ​ឡើង​ចេញ
ពី​រណ្តៅ​មក​ទាំង​រស់។
7កាល​ព្រលឹង​នៅ​ក្នុង​ខ្លួន ទូល‌បង្គំ​បាន​សន្លប់​ទៅ
នោះ​ទូល‌បង្គំ​បាន​នឹក​ដល់​ព្រះ‌យេហូវ៉ា
ហើយ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំ​បានទៅ​ព្រះ‌អង្គ
គឺ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ។
8ពួក​អ្នក​ដែល​មើល​របស់​ឥត​ប្រយោជន៍
ដែល​មិន​ទៀង‌ទាត់
គេ​រមែង​លះ‌បង់​ចោល​សេចក្ដី​អាណិត‌អាសូរ​របស់​ខ្លួន។
9ប៉ុន្តែ ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អង្គ
ដោយ​សំឡេង​នៃ​ពាក្យ​អរ​ព្រះ‌គុណ
ហើយ​ទូល‌បង្គំ​នឹង​លា​បំណន់​របស់​ទូល‌បង្គំ​ផង
ឯ​សេចក្ដី​សង្គ្រោះ
នោះ​កើត​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ»។
10ពេល​នោះ ព្រះ‌យេហូវ៉ា​បង្គាប់​ត្រី ហើយ​វា​ក៏​ក្អែ​ហោរា​យ៉ូណាស​ចេញ​នៅ​លើ​ដី​គោក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in