យ៉ូណាស 2
2
ទំនុកអរព្រះគុណ
1ពេលនោះ ហោរាយ៉ូណាសក៏អធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះរបស់ខ្លួន នៅក្នុងពោះត្រី។ 2លោកទូលថា៖
«ទូលបង្គំបានអំពាវនាវរកព្រះយេហូវ៉ា
ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ
ព្រះអង្គក៏បានឆ្លើយមកទូលបង្គំហើយ
ទូលបង្គំបានអំពាវនាវ
នៅក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់
ហើយព្រះអង្គបានឮសំឡេងរបស់ទូលបង្គំ។
3ដ្បិតព្រះអង្គបានបោះទូលបង្គំទៅក្នុងទីជម្រៅ
គឺចុះទៅក្នុងផ្ទៃនៃសមុទ្រ ទឹកបាននៅព័ទ្ធជុំវិញទូលបង្គំ
ហើយរលកទាំងប៉ុន្មាន
និងអស់ទាំងខ្សែទឹករបស់ព្រះអង្គបានហូរពីលើទូលបង្គំ។
4ទូលបង្គំបានពោលថា
ទូលបង្គំត្រូវបោះចោលពីព្រះនេត្ររបស់ព្រះអង្គហើយ
ប៉ុន្តែ ទូលបង្គំនឹងមើលទៅឯ
ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ
5ទឹកបានឡោមព័ទ្ធទូលបង្គំ សឹងតែនឹងផុតជីវិត
ទីជម្រៅបានហ៊ុមទូលបង្គំជិត
ហើយសារ៉ាយបានរុំព័ទ្ធក្បាលទូលបង្គំ។
6ទូលបង្គំបានចុះទៅដល់ឫសនៃភ្នំទាំងប៉ុន្មាន
រនុកនៃផែនដីបានបិទខ្ទប់ពីលើ
ទូលបង្គំទុកជាដរាបតទៅ
ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
ព្រះអង្គបាននាំទូលបង្គំឡើងចេញ
ពីរណ្តៅមកទាំងរស់។
7កាលព្រលឹងនៅក្នុងខ្លួន ទូលបង្គំបានសន្លប់ទៅ
នោះទូលបង្គំបាននឹកដល់ព្រះយេហូវ៉ា
ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានទៅព្រះអង្គ
គឺចូលទៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ។
8ពួកអ្នកដែលមើលរបស់ឥតប្រយោជន៍
ដែលមិនទៀងទាត់
គេរមែងលះបង់ចោលសេចក្ដីអាណិតអាសូររបស់ខ្លួន។
9ប៉ុន្តែ ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គ
ដោយសំឡេងនៃពាក្យអរព្រះគុណ
ហើយទូលបង្គំនឹងលាបំណន់របស់ទូលបង្គំផង
ឯសេចក្ដីសង្គ្រោះ
នោះកើតមកតែពីព្រះយេហូវ៉ាទេ»។
10ពេលនោះ ព្រះយេហូវ៉ាបង្គាប់ត្រី ហើយវាក៏ក្អែហោរាយ៉ូណាសចេញនៅលើដីគោក។
Currently Selected:
យ៉ូណាស 2: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies