YouVersion Logo
Search Icon

យ៉ូប 13

13
1មើល៍! ភ្នែក​ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍
ទាំង​អស់​នេះ​ហើយ
ត្រចៀក​ខ្ញុំ​ក៏​បាន​ឮ ហើយ​យល់​ដែរ។
2អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ដឹង ខ្ញុំ​ក៏​ដឹង​ដែរ
ខ្ញុំ​មិន​អន់​ជាង​អ្នក​រាល់​គ្នា​ទេ។
3ប៉ុន្តែ ខ្ញុំ​ចង់​ទូល​ដល់​ព្រះ
ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា វិញ
ខ្ញុំ​ប៉ង​នឹង​ត​តប​នឹង​ព្រះ​តែ​ម្តង
4ឯ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក
បង្កើត​សេចក្ដី​កំភូត​ទទេ
អ្នក​រាល់​គ្នា​ជា​គ្រូ​ពេទ្យ​ឥត​ប្រយោជន៍​ទាំង​អស់។
5ឱ​បើ​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងៀម​វិញ​ទៅ​អេះ
នោះ​នឹង​សម្ដែង​ថា អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​មែន
6ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ត​តប​របស់​ខ្ញុំ
ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​អង្វរ
របស់​បបូរ​មាត់​ខ្ញុំ​សិន។
7តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​សេចក្ដី​ទុច្ចរិត
ដោយ​យល់​ដល់​ព្រះ
ព្រម​ទាំង​សេចក្ដី​កំភូត​ផង​ឬ?
8តើ​ចង់​យោគ‌យល់​ខាង​ព្រះ
ហើយ​តាំង​ខ្លួន​ជា​អ្នក​កាន់​ក្តី​ជំនួស​ព្រះ‌អង្គ​ឬ?
9អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ព្រះ‌អង្គ
ស្ទង់​ចិត្តរបស់​អ្នក​ឬ​ទេ?
ឬ​អ្នក​រាល់​គ្នា​គិត​បញ្ឆោត​ព្រះ‌អង្គ
ដូច​ជា​បញ្ឆោត​មនុស្ស​ដែរ?
10បើ​អ្នក​រាល់​គ្នា​លម្អៀង
ទៅ​ខាង​ណា​ដោយ​សម្ងាត់
នោះ​ប្រាកដ​ជា​ព្រះ‌អង្គ​នឹង​បន្ទោស
ដល់​អ្នក​រាល់​គ្នា​ហើយ។
11តើ​តេជា‌នុភាព​របស់​ព្រះ‌អង្គ
មិន​នាំ​អ្នក​រាល់​គ្នា​ឲ្យ​កោត​ខ្លាច
ហើយ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ
មិន​គ្រប​លើ​អ្នក​រាល់​គ្នា​ទេ​ឬ?
12សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ពោល​អាង
នោះ​សុទ្ធ​តែ​ជា​ផេះ​ទាំង​អស់
សេចក្ដី​ដោះ‌សា​របស់​អ្នក​រាល់​គ្នា
សុទ្ធ​តែ​ជា​ភក់​ទទេ។
13សូម​នៅ​ស្ងៀម​សិន កុំ​ធ្វើ​ខ្ញុំ
ខ្ញុំ​ចង់​និយាយ​នឹង​អ្នក​រាល់​គ្នា
រួច​តាម​តែ​កើត​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ។
14ខ្ញុំ​នឹង​ចាប់​ពាំ​សាច់​របស់​ខ្ញុំ
ហើយ​កាន់​ជីវិត​របស់​ខ្ញុំ​ទុក​នៅ​ក្នុង​ដៃ។
15ទោះ​បើ​ព្រះ‌អង្គ​សម្លាប់​ខ្ញុំ​ក៏​ដោយ
គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​ដែរ
ប៉ុន្តែ ខ្ញុំ​នឹង​ចេះ​តែ​ជជែក​ពី​សេចក្ដី​សុចរិត
នៃ​ផ្លូវ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌អង្គ។
16ហើយ​នេះ​នឹង​បាន​ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​ដែរ
គឺ​ថា​មនុស្ស​ទមិឡ​ល្មើស​នឹង​ចូល​ទៅ
នៅ​ចំពោះ​ព្រះ‌អង្គ​មិន​បាន។
17ចូរ​ប្រុង​ស្តាប់​សេចក្ដី​របស់​ខ្ញុំ​ចុះ
ហើយ​ឲ្យ​សេចក្ដី​ថ្លែង​ប្រាប់​របស់​ខ្ញុំ
បាន​ចូល​ក្នុង​ត្រចៀក​អ្នក​រាល់​គ្នា​ផង។
18មើល៍ ឥឡូវ​នេះ
ខ្ញុំ​បាន​រៀប‌រៀង​រឿង​ខ្ញុំ​ដោយ​លំដាប់
ខ្ញុំ​ដឹង​ហើយ ថា​ខ្ញុំ​នៅ​ខាង​សុចរិត។
19តើ​មាន​អ្នក​ណា​ហ៊ាន​តវ៉ា​នឹង​ខ្ញុំ?
បើ​មាន នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម
ហើយ​ព្រម​ប្រគល់​វិញ្ញាណ​ទៅ​វិញ។
លោក​យ៉ូប​អធិស្ឋានពីការ​ខូច​ចិត្ត
20ឱ​សូម​ព្រះ‌អង្គ​ប្រោស​សេចក្ដី​តែ​ពីរ​មុខ​នេះ
ដល់​ទូល‌បង្គំ​ចុះ
នោះ​ទូល‌បង្គំ​នឹង​មិន​លាក់​ខ្លួន
ពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ឡើយ
21គឺ​សូម​ព្រះ‌អង្គ​ដក​ព្រះ‌ហស្ត​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ចេញ
ហើយ​សូម​កុំ​ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ
មក​បំភ័យ​ទូល‌បង្គំ​ទៀត។
22នោះ​សូម​ព្រះ‌អង្គ​ហៅ​ទូល‌បង្គំ​ចុះ
ទូល‌បង្គំ​នឹង​ឆ្លើយ​តប
ឬ​សូម​ឲ្យ​ទូល‌បង្គំ​ទូល​ដល់​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​វិញ។
23តើ​អំពើ​ទុច្ចរិត និង​អំពើ​បាប
របស់​ទូល‌បង្គំ​មាន​ប៉ុន្មាន?
សូម​ព្រះ‌អង្គ​សម្ដែង​ឲ្យ​ទូល‌បង្គំ
បាន​ស្គាល់អស់​ទាំង​អំពើ​រំលង
និង​អំពើ​បាប​របស់​ទូល‌បង្គំ​ផង។
24ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ
ហើយ​ទុក​ទូល‌បង្គំ​ដូច​ជា​ខ្មាំង​សត្រូវ​ដូច្នេះ?
25ហេតុ​អ្វី​ព្រះ‌អង្គ​វាយ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់
ហើយ​ដេញ​តាម​ចំបើង​ក្រៀម?
26ដ្បិត​ព្រះ‌អង្គ​បាន​កត់​ទុក​អស់​ទាំង
សេចក្ដី​ជូរ​ល្វីង​ទាស់​នឹង​ទូល‌បង្គំ
ហើយ​ឲ្យ​ទូល‌បង្គំ​ទទួល​ទោស
នៃ​បាប​ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ក្មេង។
27ព្រះ‌អង្គ​ដាក់​ជើង​ទូល‌បង្គំ​ជាប់​នៅ​ខ្នោះ
ក៏​ចំណាំ​មើល​អស់​ទាំង​ផ្លូវ​ច្រក​នៃ​ទូល‌បង្គំ
ហើយ​ព្រះ‌អង្គ​គូស​ព្រំ‌ដែន
មិន​ឲ្យ​ដាន​ជើង​ទូល‌បង្គំ​រំលង​ឡើយ។
28ទូល‌បង្គំ​ប្រៀប​ដូច​ជា​ឈើ​ដែល​ខ្មូត​ស៊ី​សុស
ហើយ​ដូច​ជា​អាវ ដែល​កន្លាត
បាន​កាត់​អស់​ហើយ​ផង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in