YouVersion Logo
Search Icon

យ៉ូប 12

12
ចម្លើយ​របស់​យ៉ូប៖ ខ្ញុំ​ជាម្នាក់​ធ្វើ​ឲ្យ​គេ​អស់​សំណើច
1ពេល​នោះ លោក​យ៉ូប​ឆ្លើយ​ឡើង​ថា៖
2«គ្មាន​ផ្លូវ​សង្ស័យ​ឡើយ
មាន​តែ​អ្នក​រាល់​គ្នា​ទេ​ដែល​ជា​មនុស្ស
ហើយ​ប្រាជ្ញា​នឹង​រលត់​ទៅ
ជា‌មួយ​អ្នក​រាល់​គ្នា​ជា​ពិត។
3ប៉ុន្តែ ខ្ញុំ​ក៏​មាន​យោបល់​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ
ខ្ញុំ​មិន​អន់​ជាង​អ្នក​រាល់​គ្នា​ទេ
តើ​នរណា​មិន​ស្គាល់​សេចក្ដី​នេះ?
4ខ្ញុំ​ជា​ទី​សើច​ឡក​ដល់​មិត្ត​សម្លាញ់​ខ្ញុំ
ជា​អ្នក​ដែល​បាន​អំពាវ‌នាវ​ដល់​ព្រះ
ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​មក
គឺ​ជា​មនុស្ស​សុចរិត​ត្រឹម​ត្រូវ
ដែល​ត្រូវ​គេ​សើច​ចំអក​ឲ្យ។
5ក្នុង​គំនិត​របស់​អ្នក​ដែល​មាន​សេចក្ដី​សុខ
តែង​មើល‌ងាយ​ចំពោះ​អ្នក​វេទនា
សេចក្ដី​នោះ​ប្រុង‌ប្រៀប​សម្រាប់​អ្នក​ណា
ដែល​ភ្លាត់​ជើង។
6ទី​លំនៅ​របស់​ពួក​ចោរ​ចេះ​តែ​ចម្រើន
ហើយ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ
ថ្នាំង‌ថ្នាក់​ព្រះ‌ហឫ‌ទ័យ ក៏​តែង​មាន​សេចក្ដី​សុខ
គឺ​ជា​ពួក​អ្នក​ដែល​ទទួល​តែ​អំណាច
របស់​ខ្លួន​ទុក​ជា​ព្រះ។
7ប៉ុន្តែ សួរ​សត្វ​តិរច្ឆាន​ឥឡូវ​ចុះ វា​នឹង​បង្រៀន​អ្នក
ហើយ​សត្វ​ស្លាប ដែល​ហើរ​លើ​អាកាស
វា​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង
8ឬ​សួរ​ទៅ​រុក្ខជាតិ​នៅ​លើ​ផែន​ដី​ចុះ
វា​នឹង​បង្រៀន​អ្នក​ដែរ
ហើយ​សួរ​ត្រី​នៅ​សមុទ្រ វា​នឹង​ថ្លែង​ប្រាប់​អ្នក។
9ក្នុង​ពួក​ទាំង​នោះ
តើ​មាន​ណា​មួយ​ដែល​មិន​ដឹង​ថា
ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​បង្កើត​ទាំង​អស់?
10ដែល​ជីវិត​នៃ​សត្វ​ទាំង‌ឡាយ
សុទ្ធ​តែ​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ
ព្រម​ទាំង​ខ្យល់​ដង្ហើម​របស់​មនុស្ស​ផង​ដូច្នេះ។
11ឯ​ត្រចៀក តើ​មិន​ស្តាប់​យល់​ពាក្យ​សម្ដី
ដូច​ជា​មាត់​ភ្លក់​ឲ្យ​ដឹង​រស​អាហារ​ដែរ​ទេ​ឬ?
12មនុស្ស​ចាស់ៗ​តែង​មាន​ប្រាជ្ញា
ហើយ​មនុស្ស​មាន​អាយុ​យឺនយូ
ទើប​មាន​យោបល់។
13ឯ​ព្រះ​មាន​ទាំង​ប្រាជ្ញា និង​ឥទ្ធិ‌ឫទ្ធិ​ផង
ព្រះ‌អង្គ​ក៏​មាន​ព្រះ‌តម្រិះ និង​យោបល់​ដែរ។
14មើល៍ ព្រះ‌អង្គ​រំលំ ហើយ​គេ​នឹង​សង់​ឡើង​វិញ​មិន​បាន
ប្រសិន​បើ​ព្រះ‌អង្គ​ឃុំ​អ្នក​ណា​ទុក​ហើយ
គ្មាន​អ្នក​ណា​អាច​នឹង​បើក​បាន​ឡើយ។
15ប្រសិន‌បើ​ព្រះ‌អង្គ​ទប់​ទឹក
នោះ​ទាំង​អស់​ក៏​រីង​ស្ងួត​ទៅ
ប្រសិន‌បើ​ព្រះ‌អង្គ​បើក
នោះ​ក៏​លិច​លង់​ផែនដី​អស់។
16ព្រះ‌អង្គ​មាន​កម្លាំង​ឫទ្ធិ និង​ប្រាជ្ញា
មនុស្ស​ដែល​គេឆ​បោក និង​មនុស្ស​ឆ​បោក​គេ
សុទ្ធ​តែ​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។
17ព្រះ‌អង្គ​ដឹក‌នាំ​ពួក​អ្នក​ជួយ​គំនិត​ទៅ​ខ្លួន​ទទេ
ហើយ​ប្រគល់​ពួក​ចៅ‌ក្រម​ទៅ​ក្នុង​សេចក្ដី​ល្ងី‌ល្ងើ។
18ព្រះ‌អង្គ​រំលាយ​អំណាច​នៃ​ពួក​ស្តេច
ហើយ​ចង​ខ្សែ​ភ្ជាប់​នៅ​ចង្កេះ​ផង។
19ព្រះ‌អង្គ​ដឹក‌នាំ​ពួក​សង្ឃ​ទៅ​តែ​ខ្លួន​ទទេ
ហើយ​ទម្លាក់​ងារ​ពួក​មាន​អំណាច។
20ព្រះ‌អង្គ​ដក​ពាក្យ​សម្ដី​ពី​ពួក​អ្នក
ដែល​គួរ​ទុក​ចិត្ត​បាន
ហើយ​ក៏​ដក​យក​យោបល់​ពី​ពួក​ចាស់​ទុំ​ចេញ។
21ព្រះ‌អង្គ​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​សេដ្ឋី
ក៏​បន្ធូរ​ខ្សែ​ក្រវាត់​នៃ​ពួក​ខ្លាំង​ពូកែ។
22ព្រះ‌អង្គ​បើក​អស់​ទាំង​សេចក្ដី​ជ្រៅ‌ជ្រះ
ចេញ​ពី​ងងឹត​មក
ក៏​នាំ​យក​ម្លប់​សេចក្ដី​ស្លាប់​ចេញ​មក
ដាក់​នៅ​ពន្លឺ​ដែរ។
23ព្រះ‌អង្គ​ចម្រើន​សាសន៍​ទាំង​ប៉ុន្មាន
ហើយ​ក៏​បំផ្លាញ​គេ​វិញ
ព្រះ‌អង្គ​ពង្រីក​ឲ្យ​គេ​ធំ​ឡើង
រួច​ក៏​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ។
24ព្រះ‌អង្គ​ដក​ប្រាជ្ញា​ពី​ពួក​អ្នក​ជា​ប្រធាន
នៃ​ប្រជា​ជន​នៅ​ផែនដី​ចេញ
ហើយ​បណ្ដាល​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់
នៅ​ទី​រហោ‌ស្ថាន​ដែល​ឥត​មាន​ផ្លូវ​សោះ។
25គេ​ដើរ​ទ្រាប​ក្នុង​ទី​ងងឹត​ឥត​មាន​ពន្លឺ​សោះ
ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​គេ​ដើរ​ទ្រេត‌ទ្រោត
ដូច​ជា​មនុស្ស​ស្រវឹង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in