យេរេមា 40
40
ហោរាយេរេមាមានសេរីភាព
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាយេរេមា ក្រោយដែលនេប៊ូសារ៉ាដាន ជាមេទ័ពធំ បានលែងលោកនៅត្រង់រ៉ាម៉ា ក្នុងកាលដែលគេបានចាប់លោកដាក់ច្រវាក់ ជាមួយពួកក្រុងយេរូសាឡិម និងពួកស្រុកយូដាទាំងប៉ុន្មាន ដែលគេនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូននោះ។ 2មេទ័ពធំយកហោរាយេរេមាមកនិយាយថា៖ «ព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបានប្រកាសសេចក្ដីអាក្រក់នេះទម្លាក់លើទីនេះ 3ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ពីព្រោះអ្នករាល់គ្នាបានធ្វើបាបនឹងព្រះអង្គ ហើយមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គឡើយ ហេតុនោះបានជាការនេះកើតដល់អ្នករាល់គ្នា។ 4ដូច្នេះ មើល៍! នៅថ្ងៃនេះ ខ្ញុំដោះច្រវាក់ចេញពីដៃអ្នក ប្រសិនបើអ្នកចូលចិត្តទៅស្រុកបាប៊ីឡូនជាមួយខ្ញុំ ក៏ចូលមកចុះ ខ្ញុំនឹងទំនុកបម្រុងអ្នកដោយល្អ តែបើមិនពេញចិត្តទៅឯស្រុកបាប៊ីឡូនជាមួយខ្ញុំទេ នោះតាមតែចិត្តចុះ ស្រុកទាំងមូលនៅមុខអ្នកហើយ នៅកន្លែងណាដែលអ្នកគិតថាស្រួល ហើយគួរឲ្យអ្នកទៅ អ្នកទៅចុះ។ 5ប្រសិនបើអ្នកសម្រេចថាស្នាក់នៅ ចូរវិលទៅរកកេដាលា ជាកូនអ័ហ៊ីកាម និងជាចៅសាផាន ជាអ្នកដែលស្តេចបាប៊ីឡូនបានតែងតាំងជាទេសាភិបាលនៅស្រុកយូដាចុះ។ ចូរស្នាក់នៅទីនោះជាមួយលោក ក្នុងចំណោមប្រជាជនរបស់លោក ឬទៅកន្លែងណាក៏បាន តាមដែលអ្នកយល់ឃើញ»។ ដូច្នេះ មេទ័ពធំក៏ចែកស្បៀងអាហារ និងរង្វាន់ឲ្យហោរាយេរេមា រួចលែងគាត់ឲ្យចេញទៅ។ 6ដូច្នេះ ហោរាយេរេមាក៏ទៅជួបកេដាលា ជាកូនអ័ហ៊ីកាមនៅត្រង់មីសប៉ា ហើយស្នាក់នៅជាមួយគាត់ នៅក្នុងចំណោមប្រជាជនដែលសល់នៅក្នុងស្រុក។
7ពេលពួកមេទ័ពទាំងប៉ុន្មាន ដែលពួននៅស្រុកស្រែចម្ការ ព្រមទាំងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលា ជាកូនអ័ហ៊ីកាមឡើងជាចៅហ្វាយលើស្រុក ហើយបានផ្ទុកផ្តាក់មនុស្សទាំងប្រុសទាំងស្រី និងកូនក្មេងជាអ្នកក្រីក្របំផុតក្នុងស្រុក ដែលមិនបានចាប់ទៅជាឈ្លើយ នៅស្រុកបាប៊ីឡូន ឲ្យនៅក្នុងអំណាចលោក។ 8គេក៏មកឯកេដាលា ត្រង់មីសប៉ា គឺមានអ៊ីសម៉ាអែល ជាកូននេថានា យ៉ូហាណាន និងយ៉ូណាថាន ជាកូនការា សេរ៉ាយ៉ា ជាកូនថានហ៊ូមែត និងពួកកូនរបស់អេផាយ ពីស្រុកនថូផា ហើយយេសានា ជាកូនរបស់ម្នាក់នៅម៉ាកាធី ព្រមទាំងពួកទាហានរបស់គេផង។ 9កេដាលា ជាកូនអ័ហ៊ីកាម និងជាចៅសាផាន ក៏ស្បថនឹងមេទ័ពទាំងនោះ និងទាហានរបស់គេ ដោយពាក្យថា៖ កុំខ្លាចនឹងបម្រើពួកខាល់ដេឡើយ ចូរអាស្រ័យនៅក្នុងស្រុកនេះ ហើយបម្រើដល់ស្តេចបាប៊ីឡូនចុះ នោះអ្នករាល់គ្នានឹងបានសេចក្ដីសុខ។ 10ចំណែកខ្ញុំ ខ្ញុំនឹងនៅត្រង់មីសប៉ា ដើម្បីធ្វើជាអ្នកដំណាង នៅមុខពួកខាល់ដេណាដែលមករកយើងរាល់គ្នា។ ប៉ុន្តែ អ្នករាល់គ្នាវិញ ចូរទៅប្រមូលផលទំពាំងបាយជូរ និងផលរដូវក្តៅ ព្រមទាំងប្រេងទុកដាក់ក្នុងភាជនៈរបស់អ្នករាល់គ្នាទៅ ហើយនៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលអ្នករាល់គ្នាចាប់បាននោះ។ 11មួយទៀត ពួកយូដាទាំងប៉ុន្មាន ដែលនៅស្រុកម៉ូអាប់ និងនៅកណ្ដាលពួកកូនចៅអាំម៉ូន និងនៅស្រុកអេដុម ព្រមទាំងនៅគ្រប់ទាំងស្រុកផ្សេងៗទៀតផង កាលបានឮថា ស្តេចបាប៊ីឡូនបានទុកសំណល់ពួកយូដាឲ្យនៅសល់ ហើយបានតាំងកេដាលា ជាកូនអ័ហ៊ីកាម និងជាចៅសាផាន ឲ្យត្រួតត្រាលើគេ 12ពួកយូដាទាំងនោះ ក៏ចេញពីគ្រប់ទីកន្លែងដែលគេត្រូវបណ្តេញទៅវិលមកក្នុងស្រុកយូដា ជួបកេដាលាត្រង់មីសប៉ា ហើយគេក៏ប្រមូលផលទំពាំងបាយជូរ និងផលរដូវក្តៅជាច្រើន។
13យ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងប៉ុន្មាន ដែលពួននៅស្រុកស្រែចម្ការ គេក៏មកជួបកេដាលានៅត្រង់មីសប៉ា។ 14គេជម្រាបលោកថា៖ តើលោកជ្រាបឬទេថា ប្អាលីស ជាស្តេចពួកកូនចៅអាំម៉ូន បានចាត់អ៊ីសម៉ាអែល ជាកូននេថានា ឲ្យមកសម្លាប់លោក? តែកេដាលា ជាកូនអ័ហ៊ីកាមមិនជឿគេទេ។ 15គ្រានោះ យ៉ូហាណាន ជាកូនការា ក៏ពិគ្រោះនឹងកេដាលា ដោយសម្ងាត់នៅត្រង់មីសប៉ាថា៖ សូមអនុញ្ញាតឲ្យខ្ញុំទៅចុះ ខ្ញុំនឹងសម្លាប់អ៊ីសម៉ាអែល ជាកូននេថានា ឥតឲ្យអ្នកណាដឹងឡើយ តើទុកឲ្យវាមកសម្លាប់លោកធ្វើអ្វី? យ៉ាងនោះពួកយូដាទាំងប៉ុន្មាន ដែលបានមូលមកឯលោក គេនឹងត្រូវខ្ចាត់ខ្ចាយទៅ ហើយសំណល់ពួកយូដានឹងត្រូវវិនាស។ 16ប៉ុន្តែ កេដាលា ជាកូនអ័ហ៊ីកាម ប្រាប់ដល់យ៉ូហាណាន ជាកូនការាថា៖ កុំធ្វើដូច្នោះឡើយ ដ្បិតអ្នកនិយាយកុហកអំពីអ៊ីសម៉ាអែលទេ។
Currently Selected:
យេរេមា 40: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies