យេរេមា 41
41
ការបះបោរប្រឆាំងនឹងលោកកេដាលា
1នៅខែទីប្រាំពីរ អ៊ីសម៉ាអែល ជាកូននេថានា ដែលជាកូនអេលីសាម៉ា ក្នុងវង្សាស្តេច ហើយជានាយកធំម្នាក់របស់ស្តេច ព្រមទាំងដប់នាក់ឯទៀត ក៏មករកកេដាលាជាកូនអ័ហ៊ីកាម នៅត្រង់មីសប៉ា ហើយគេបានបរិភោគអាហារជាមួយគ្នានៅទីនោះ។ 2អ៊ីសម៉ាអែល ជាកូននេថានា និងដប់នាក់ដែលនៅជាមួយ ក៏ក្រោកឡើងប្រហារកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផានដោយដាវ គឺគេសម្លាប់អ្នកដែលស្តេចបាប៊ីឡូនបានតាំងឡើង ធ្វើជាចៅហ្វាយលើស្រុកនោះ។ 3អ៊ីសម៉ាអែលក៏សម្លាប់ពួកយូដាទាំងអស់ ដែលនៅជាមួយកេដាលាត្រង់មីសប៉ាដែរ ព្រមទាំងពួកខាល់ ជាទាហានដែលនៅទីនោះផង។
4កន្លងបានពីរថ្ងៃ ក្រោយដែលសម្លាប់កេដាលាហើយ ឥតមានអ្នកណាដឹងសោះ 5នោះមានមនុស្សមកពីស៊ីគែម ស៊ីឡូរ និងសាម៉ារី ចំនួនប៉ែតសិបនាក់ គេបានកោរពុកចង្កា ព្រមទាំងហែកអាវ ហើយអារសាច់ខ្លួន ក៏កាន់តង្វាយម្សៅ និងកំញាន ដើម្បីនាំយកទៅឯព្រះវិហារនៃព្រះយេហូវ៉ា។ 6ឯអ៊ីសម៉ាអែល ជាកូននេថានា ក៏ចេញពីមីសប៉ាទៅទទួលគេទាំងយំបណ្តើរ កាលបានទៅដល់គេហើយ ក៏និយាយថា៖ សូមទៅរកកេដាលា ជាកូនអ័ហ៊ីកាម។ 7ពេលគេចូលទៅក្នុងទីក្រុងហើយ អ៊ីសម៉ាអែល ជាកូននេថានា និងពួកអ្នកដែលនៅជាមួយ ក៏សម្លាប់គេបោះចោលទៅក្នុងអណ្ដូង។ 8ប៉ុន្តែ មានដប់នាក់ក្នុងពួកគេ ដែលអង្វរដល់អ៊ីសម៉ាអែលថា៖ សូមកុំសម្លាប់យើងខ្ញុំឡើយ ពីព្រោះយើងខ្ញុំមានស្បៀងអាហារ ជាស្រូវសាលី ស្រូវឱក ប្រេង និងទឹកឃ្មុំកប់ទុកនៅចម្ការ។ ដូច្នេះ អ៊ីសម៉ាអែលក៏អាក់ខាន មិនបានសម្លាប់អ្នកទាំងនោះ ជាមួយបងប្អូនគេទេ។ 9រីឯអណ្ដូងដែលអ៊ីសម៉ាអែលបោះសាកសពនៃមនុស្ស ដែលគាត់បានសម្លាប់នោះ ជាអណ្ដូងមួយធំ ដែលស្តេចអេសាបានជីក នៅគ្រាធ្វើសឹកទាស់នឹងព្រះបាទប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ។ អ៊ីសម៉ាអែល ជាកូននេថានា បានបំពេញរណ្តៅនោះ ដោយសពរបស់មនុស្សដែលគាត់បានសម្លាប់។ 10អ៊ីសម៉ាអែលក៏ចាប់យកសំណល់បណ្ដាជន ដែលនៅមីសប៉ា នាំទៅជាឈ្លើយ គឺទាំងបុត្រីស្តេចទាំងប៉ុន្មាន និងជនទាំងឡាយដែលសល់នៅត្រង់មីសប៉ា ជាពួកអ្នកដែលនេប៊ូសារ៉ាដានមេទ័ពធំបានផ្ទុកផ្តាក់ដល់កេដាលា ជាកូនអ័កាម នោះអ៊ីសម៉ាអែល ជាកូននេថានា ក៏នាំគេទៅជាឈ្លើយទាំងអស់ រួចចេញដំណើរទៅ ដើម្បីឆ្លងទៅពួកកូនចៅអាំម៉ូន។
11កាលយ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងប៉ុន្មានដែលនៅជាមួយ បានឮនិយាយពីអស់ទាំងការអាក្រក់ ដែលអ៊ីសម៉ាអែល ជាកូននេថានាបានធ្វើ 12គេក៏នាំពួកទាហានរបស់ខ្លួនទាំងអស់ លើកចេញទៅច្បាំងនឹងអ៊ីសម៉ាអែល ជាកូននេថានា ក៏ប្រទះគ្នាត្រង់ស្រះធំនៅគីបៀន 13រីឯពួកជនទាំងឡាយ ដែលនៅជាមួយអ៊ីសម៉ាអែល កាលបានឃើញយ៉ូហាណាន ជាកូនការា និងពួកមេទ័ពដែលនៅជាមួយហើយ នោះគេមានចិត្តអរណាស់។ 14ដូច្នេះ ពួកជនដែលអ៊ីសម៉ាអែលបានចាប់ពីមីសប៉ាដឹកនាំទៅជាឈ្លើយទាំងប៉ុន្មាន គេក៏វិលត្រឡប់មកខាងយ៉ូហាណាន ជាកូនការាវិញ។ 15ប៉ុន្តែ អ៊ីសម៉ាអែលជាកូននេថានា គេចរួចពីយ៉ូហាណាន ទៅដល់ពួកកូនចៅអាំម៉ូនទៅ ហើយមានប្រាំបីនាក់ទៅជាមួយ។ 16ពេលនោះ យ៉ូហាណាន ជាកូនការា និងពួកមេទ័ពដែលនៅជាមួយ បាននាំយកប្រជាជនឯទៀតៗទាំងប៉ុន្មាន ដែលអ៊ីសម៉ាអែល ជាកូនបេថានា បានចាប់យកទៅជាឈ្លើយ ចេញពីក្រុងមីសប៉ា ក្រោយពីវាបានសម្លាប់កេដាលា ជាកូនអ័ហ៊ីកាម គឺមានពួកទាហាន ពួកស្ត្រី កូនក្មេង និងពួកកម្រៀវ ជាអ្នកដែលយ៉ូហាណាបាននាំត្រឡប់មកពីគីបៀនវិញ។ 17គេក៏ចេញទៅអាស្រ័យនៅត្រង់ទីសំណាក់របស់គីមហាំ ដែលនៅជិតបេថ្លេហិម ដើម្បីចូលទៅក្នុងស្រុកអេស៊ីព្ទ 18ពីព្រោះគេខ្លាចពួកខាល់ដេ ដោយព្រោះអ៊ីសម៉ាអែល ជាកូននេថានា បានសម្លាប់កេដាលា ជាកូនអ័ហ៊ីកាម ជាអ្នកដែលស្តេចបាប៊ីឡូនតាំងឡើង ជាចៅហ្វាយលើស្រុក។
Currently Selected:
យេរេមា 41: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies