YouVersion Logo
Search Icon

យេរេមា 41

41
ការ​បះបោរ​ប្រឆាំង​នឹង​លោក​កេដាលា
1នៅ​ខែ​ទីប្រាំពីរ អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ដែល​ជា​កូន​អេលីសាម៉ា ក្នុង​វង្សា​ស្តេច ហើយ​ជា​នាយក​ធំ​ម្នាក់​របស់​ស្តេច ព្រម​ទាំង​ដប់​នាក់​ឯ​ទៀត ក៏​មករក​កេដាលា​ជា​កូន​អ័ហ៊ី‌កាម នៅ​ត្រង់​មីសប៉ា ហើយ​គេ​បាន​បរិ‌ភោគ​អាហារ​ជា‌មួយ​គ្នា​នៅ​ទី​នោះ។ 2អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា និង​ដប់​នាក់​ដែល​នៅ​ជា‌មួយ ក៏​ក្រោក​ឡើង​ប្រហារ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន​ដោយ​ដាវ គឺ​គេ​សម្លាប់​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង​ឡើង ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ស្រុក​នោះ។ 3អ៊ីស‌ម៉ា‌អែល​ក៏​សម្លាប់​ពួក​យូដា​ទាំង​អស់ ដែល​នៅ​ជា‌មួយ​កេដាលា​ត្រង់​មីសប៉ា​ដែរ ព្រម​ទាំង​ពួក​ខាល់ ជា​ទាហាន​ដែល​នៅ​ទី​នោះ​ផង។
4កន្លង​បាន​ពីរ​ថ្ងៃ ក្រោយ​ដែល​សម្លាប់​កេដាលា​ហើយ ឥត​មាន​អ្នក​ណា​ដឹង​សោះ 5នោះ​មាន​មនុស្ស​មក​ពី​ស៊ីគែម ស៊ីឡូរ និង​សាម៉ារី ចំនួន​ប៉ែតសិប​នាក់ គេ​បាន​កោរ​ពុក‌ចង្កា ព្រម​ទាំង​ហែក​អាវ ហើយ​អារ​សាច់​ខ្លួន ក៏​កាន់​តង្វាយ​ម្សៅ និង​កំញាន ដើម្បី​នាំ​យក​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។ 6ឯ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ក៏​ចេញ​ពី​មីសប៉ា​ទៅ​ទទួល​គេ​ទាំង​យំ​បណ្តើរ កាល​បាន​ទៅ​ដល់​គេ​ហើយ ក៏​និយាយ​ថា៖ សូម​ទៅ​រក​កេដាលា ជា​កូន​អ័ហ៊ី‌កាម។ 7ពេល​គេ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ហើយ អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ ក៏​សម្លាប់​គេ​បោះ​ចោល​ទៅ​ក្នុង​អណ្ដូង។ 8ប៉ុន្តែ មាន​ដប់​នាក់​ក្នុង​ពួក​គេ ដែល​អង្វរ​ដល់​អ៊ីស‌ម៉ា‌អែល​ថា៖ សូម​កុំ​សម្លាប់​យើង​ខ្ញុំ​ឡើយ ពី​ព្រោះ​យើង​ខ្ញុំ​មាន​ស្បៀង​អាហារ ជា​ស្រូវ​សាលី ស្រូវ​ឱក ប្រេង និង​ទឹក​ឃ្មុំ​កប់​ទុក​នៅ​ចម្ការ។ ដូច្នេះ អ៊ីស‌ម៉ា‌អែល​ក៏​អាក់‌ខាន មិន​បាន​សម្លាប់​អ្នក​ទាំង​នោះ ជា‌មួយ​បង‌ប្អូន​គេ​ទេ។ 9រីឯ​អណ្ដូង​ដែល​អ៊ីស‌ម៉ា‌អែល​បោះ​សាក‌សព​នៃ​មនុស្ស ដែល​គាត់​បាន​សម្លាប់​នោះ ជា​អណ្ដូង​មួយ​ធំ ដែល​ស្តេច​អេសាបាន​ជីក នៅ​គ្រា​ធ្វើ​សឹក​ទាស់​នឹង​ព្រះបាទ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ។ អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា បាន​បំពេញ​រណ្តៅនោះ ដោយ​សព​របស់​មនុស្ស​ដែលគាត់​បាន​សម្លាប់។ 10អ៊ីស‌ម៉ា‌អែល​ក៏​ចាប់​យក​សំណល់​បណ្ដា‌ជន ដែល​នៅ​មីសប៉ា នាំ​ទៅ​ជា​ឈ្លើយ គឺ​ទាំង​បុត្រី​ស្តេច​ទាំង​ប៉ុន្មាន និង​ជន​ទាំង‌ឡាយ​ដែល​សល់​នៅ​ត្រង់​មីសប៉ា ជា​ពួក​អ្នក​ដែល​នេប៊ូសា‌រ៉ាដាន​មេ‌ទ័ព​ធំ​បាន​ផ្ទុក‌ផ្តាក់​ដល់​កេដាលា ជា​កូន​អ័កាម នោះ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ក៏​នាំ​គេ​ទៅ​ជា​ឈ្លើយ​ទាំង​អស់ រួច​ចេញ​ដំណើរ​ទៅ ដើម្បី​ឆ្លង​ទៅ​ពួក​កូន​ចៅ​អាំម៉ូន។
11កាល​យ៉ូ‌ហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ បាន​ឮ​និយាយ​ពី​អស់​ទាំង​ការ​អាក្រក់ ដែល​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា​បាន​ធ្វើ 12គេ​ក៏​នាំ​ពួក​ទាហាន​របស់​ខ្លួន​ទាំង​អស់ លើក​ចេញ​ទៅ​ច្បាំង​នឹង​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ក៏​ប្រទះ​គ្នា​ត្រង់​ស្រះ​ធំ​នៅ​គីបៀន 13រីឯ​ពួក​ជន​ទាំង‌ឡាយ ដែល​នៅ​ជា‌មួយ​អ៊ីស‌ម៉ា‌អែល កាល​បាន​ឃើញ​យ៉ូ‌ហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ដែល​នៅ​ជា‌មួយ​ហើយ នោះ​គេ​មាន​ចិត្ត​អរ​ណាស់។ 14ដូច្នេះ ពួក​ជន​ដែល​អ៊ីស‌ម៉ា‌អែល​បាន​ចាប់​ពី​មីសប៉ា​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​ប៉ុន្មាន គេ​ក៏​វិល​ត្រឡប់​មក​ខាង​យ៉ូ‌ហា‌ណាន ជា​កូន​ការា​វិញ។ 15ប៉ុន្តែ អ៊ីស‌ម៉ា‌អែល​ជា​កូន​នេថានា គេច​រួច​ពី​យ៉ូ‌ហា‌ណាន ទៅដល់​ពួក​កូន​ចៅ​អាំម៉ូន​ទៅ ហើយ​មាន​ប្រាំបី​នាក់​ទៅ​ជា‌មួយ។ 16ពេល​នោះ យ៉ូ‌ហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ដែល​នៅ​ជា‌មួយ បាន​នាំ​យក​ប្រជា​ជនឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​អ៊ីសម៉ាអែល ជា​កូន​បេថា​នា បាន​ចាប់​យក​ទៅ​ជា​ឈ្លើយ ចេញ​ពី​ក្រុង​មីសប៉ា ក្រោយ​ពី​វា​បាន​សម្លាប់​កេដាលា ជា​កូន​អ័ហ៊ី‌កាម គឺ​មាន​ពួក​ទាហាន ពួក​ស្ត្រី កូន​ក្មេង និង​ពួក​កម្រៀវ ជា​អ្នក​ដែល​យ៉ូហាណា​បាន​នាំ​ត្រឡប់​មក​ពី​គីបៀន​វិញ។ 17គេ​ក៏​ចេញ​ទៅ​អាស្រ័យ​នៅ​ត្រង់​ទី​សំណាក់​របស់​គីមហាំ ដែល​នៅ​ជិត​បេថ្លេ‌ហិម ដើម្បី​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ 18ពី​ព្រោះ​គេ​ខ្លាច​ពួក​ខាល់ដេ ដោយ​ព្រោះ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា បាន​សម្លាប់​កេដាលា ជា​កូន​អ័ហ៊ី‌កាម ជា​អ្នក​ដែល​ស្តេច​បាប៊ីឡូន​តាំង​ឡើង ជា​ចៅ‌ហ្វាយ​លើ​ស្រុក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in