YouVersion Logo
Search Icon

យេរេមា 31

31
ពួក​និរទេស​បាន​វិល​ត្រឡប់​មកវិញ​ដោយ​អំណរ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គ្រប់​ទាំង​គ្រួ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​គេ​ជា​ប្រជា‌រាស្ត្រ​របស់​យើង។
2ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
ពួក​ជន​ដែល​សល់​នៅ​ពី​ដាវ គឺ​ជា​ពួក​អ៊ីស្រា‌អែល
គេ​បាន​ប្រកប​ដោយ​គុណ​នៅ​ទី​រហោ‌ស្ថាន
ក្នុង​កាល​ដែល​យើង​ទៅ​ប្រោស
ឲ្យ​បាន​សេចក្ដី​សម្រាក។
3ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​គាត់ ឃើញ​ពី​ចម្ងាយ
ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​ស្រឡាញ់​អ្នក
ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប
ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាញ​អ្នក​មក
ដោយ​សេចក្ដី​សប្បុរស។
4ឱ​នាង​ព្រហ្មចារី​អ៊ីស្រា‌អែល​អើយ!
យើង​នឹង​សង់​អ្នក​ឡើង​វិញ​ម្ដងទៀត
ហើយ​អ្នក​នឹង​បាន​តាំង​ឡើង
អ្នក​នឹង​បាន​តាក់‌តែង​ដោយ​ក្រាប់​ជា​ថ្មី
ព្រម​ទាំង​ចេញ​ទៅ​លោត​កព្ឆោង
ជា‌មួយ​ពួក​អ្នក​ដែល​លេង​សប្បាយ។
5អ្នក​នឹង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ
នៅ​លើ​ភ្នំ​ស្រុក​សាម៉ារី​ទៀត
ម្ចាស់​ដំណាំ​នឹង​ដាំ​ទៅ ហើយ​ទទួល​ផល​ផង។
6ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់
ដែល​ពួក​យាម​នៅ​លើ​ភ្នំ​ស្រុក​អេប្រាអិម
នឹង​ស្រែក​ឡើង​ថា៖ ចូរ​ក្រោក​ឡើង
យើង​នឹង​ឡើង​ទៅ​ឯ​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​យើង​នៅ​ក្រុង​ស៊ីយ៉ូន។
7ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
ចូរ​ច្រៀង​ដោយ​ចិត្ត​អរ​សប្បាយ ព្រោះ​ពួក​យ៉ាកុប
ហើយ​ស្រែក​ឡើង​ដោយ​អំណរ
ដោយ​ព្រោះ​មេ​ប្រធាន​នៃ​អស់​ទាំង​សាសន៍
ចូរ​ប្រកាស​ប្រាប់​ចុះ ចូរ​លើក​សរសើរ
ដោយ​ពាក្យ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ជួយ​សង្គ្រោះ​សំណល់​នៃ​សាសន៍​អ៊ីស្រា‌អែល
ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង។
8មើល៍! យើង​នឹង​នាំ​គេ​មក​ស្រុក​ខាង​ជើង
ហើយ​ប្រមូល​គេ​ពី​ចុង​ផែនដី​បំផុត
មាន​ទាំង​ពួក​ខ្វាក់ ពួក​ខ្វិន ស្រី​មាន​ទម្ងន់
និង​ស្រី​ដែលហៀប​សម្រាល​កូន​ផង
ជា​ក្រុម​មនុស្ស​យ៉ាង​ធំ
ដែល​នឹង​វិល​មក​នៅ​ទី​នេះ​វិញ។
9គេ​នឹង​មក​ទាំង​យំ
និង​ទាំង​ពាក្យ​ទូល‌អង្វរ​សូម​សេចក្ដី​មេត្តា​ករុណា
យើង​នឹង​នាំ​គេ​ត្រឡប់​មក​វិញ
យើង​នឹង​ឲ្យ​គេ​ដើរ​ក្បែរ​កន្លែង​ដែល​មាន​ទឹក​ហូរ
តាម​ផ្លូវ​ត្រង់ជា​ផ្លូវ​ដែល​គេ​មិន​ចំពប់​ដួល​ឡើយ
ដ្បិត​យើង​ជា​ឪពុក​ដល់​សាសន៍​អ៊ីស្រា‌អែល
ហើយ​ពួក​អេប្រាអិម​ជា​កូន​ច្បង​របស់​យើង។
10ឱ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​អើយ
ចូរ​អ្នក​រាល់​គ្នា​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា
ហើយ​ថ្លែង​ប្រាប់​ដល់​ពួក​កោះ​ដែល​នៅ​ឆ្ងាយ​ថា៖
ព្រះ​ដែល​បាន​កម្ចាត់‌កម្ចាយ​សាសន៍​អ៊ីស្រា‌អែល
ព្រះ‌អង្គ​នឹង​ប្រមូល​គេ​មក​វិញ ហើយ​នឹង​រក្សា​គេ
ដូច​ជា​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។
11ព្រោះ​ព្រះ‌យេហូវ៉ា​បាន​លោះ​យ៉ាកុប​ហើយ
ព្រះ‌អង្គ​បាន​ដោះ​គេ​ចេញ​ពី​កណ្ដាប់​ដៃ
នៃ​ពួក​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន។
12គេ​នឹង​មក ហើយ​ច្រៀង​នៅ​លើ​ទី​ខ្ពស់​នៃ​ភ្នំ​ស៊ីយ៉ូន
ហើយ​មក​ហូរ‌ហែដល់​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា
គឺ​មក​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ប្រេង
និង​កូន​ចៀម កូន​គោ ពី​ហ្វូង​សត្វ
ហើយ​ព្រលឹង​គេ​នឹង​បាន​ដូច​ជា​សួន​ច្បារ
ដែល​មាន​ទឹក​ស្រោច នោះ​គេ​នឹង​មិន​មាន
សេចក្ដី​ព្រួយ​ទៀត​ឡើយ។
13គ្រា​នោះ នាង​ក្រមុំ​នឹង​មាន​ចិត្ត​រីក‌រាយ
ក្នុង​ការ​លោត​កព្ឆោង ព្រម​ទាំង​ពួក​កំលោះៗ
និង​ពួក​ចាស់ៗ​ទាំង​អស់​គ្នា​ផង
ដ្បិត​យើង​នឹង​បំប្រែ​សេចក្ដី​សោក‌សៅ​របស់​គេ
ទៅ​ជា​អំណរ​វិញ ហើយ​កម្សាន្ត​ចិត្ត​គេ
ព្រម​ទាំង​ឲ្យ​គេ​រីក‌រាយ
ចេញ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ។
14យើ​ង​នឹង​ចម្អែត​ព្រលឹង​ពួក​សង្ឃ
ដោយ​សេចក្ដី​បរិបូរ
ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ស្កប់​ចិត្ត
ដោយ​សេចក្ដី​សប្បុរស​របស់​យើង
នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
15ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
មាន​ឮ​សូរ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ
និង​សូរ​យំ​យ៉ាង​ជូរ‌ចត់ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង
ហើយ​មិន​ព្រម​កម្សាន្ត​ចិត្ត ពី​ដំណើរ​កូន​សោះ
ដ្បិត​វា​វិនាស​បាត់​ហើយ។
16ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
ចូរ​ទប់​សំឡេង​អ្នក​មិន​ឲ្យ​យំ
និង​ភ្នែក​អ្នក​មិន​ឲ្យ​ហូរ​សស្រាក់​ឡើយ
ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
កិច្ច‌ការ​របស់​អ្នក​នឹង​បាន​រង្វាន់​ជា​ពិត
ហើយ​វា​រាល់​គ្នា​នឹង​វិល​មក​ពី​ស្រុក​របស់​ខ្មាំង​សត្រូវ​វិញ។
17ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​ថា៖
មាន​សេចក្ដី​សង្ឃឹម​សម្រាប់​ចុង​បំផុត​របស់​អ្នក
កូន​ចៅ​អ្នក​នឹង​វិល​មក​ព្រំ‌ដែន​របស់​គេ​វិញ។
18ពិត​ប្រាកដ​ជា​យើង​បាន​ឮ​ពួក​អេប្រាអិម
កំពុង​តែ​ត្អូញ‌ត្អែរ​ថា៖ ព្រះ‌អង្គ​បាន​វាយ​ផ្ចាល​ទូល‌បង្គំ
គឺ​ទូល‌បង្គំ​ត្រូវ​វាយ​ពង្រាប​ដូច​ជា​កូន​គោ
ដែល​មិន​ធ្លាប់​ទឹម
សូម​ព្រះ‌អង្គ​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ
នោះ​ទូល‌បង្គំ​នឹង​វិល​បែរ​មក​ហើយ
ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ជា​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​ទូល‌បង្គំ។
19ក្រោយ​ដែល​ព្រះ‌អង្គ​បាន​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ
នោះ​ទូល‌បង្គំ​បាន​ប្រែ​គំនិត​ឡើង​ជា​ពិត
កាល​ទូល‌បង្គំ​បាន​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ហើយ
នោះ​ក៏​វាយ​ទះ​ភ្លៅ​ខ្លួន ទូល‌បង្គំ​មាន​សេចក្ដី​ខ្មាស
អើ ក៏​ជ្រប់​មុខ​ផង ពី​ព្រោះ​ទូល‌បង្គំ​ធន់​រង
សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​វ័យ​ក្មេង។
20តើ​អេប្រាអិម​ជា​កូន​សម្លាញ់​របស់​យើង​ឬ?
តើ​ជា​កូន​សំណព្វ​ឬ?
ដ្បិត​ដែល​យើង​និយាយ​ទាស់​នឹង​វា​វេលា​ណា
នោះ​យើង​ក៏​នឹក​រឭក​ដល់​វា​នៅ​វេលា​នោះ។
ដូច្នេះ យើង​មាន​ចិត្ត​រំជួល​ដល់​វា
និង​អាណិត​មេត្តា​ដល់​វា​ជា​មិន​ខាន
នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
21ចូរ​ធ្វើ​ទី​សម្គាល់​តាម​ផ្លូវ ហើយ​ដោត​តម្រុយ​ចុះ
ចូរ​តាំង​ចិត្ត​តម្រង់​ទៅ​ឯ​ថ្នល់
គឺ​ជា​ផ្លូវ​ដែល​អ្នក​បាន​ទៅ​តាម​នោះ
ឱ​ព្រហ្មចារី​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ
ចូរ​វិល​មក​វិញ ចូរ​វិល​មក​ឯ​ទី​ក្រុង​របស់​អ្នក​ទាំង​នេះ​ចុះ
22ឱ​កូន​ស្រី​ដែល​រា​ថយ​អើយ
តើ​នាង​នៅ​តែ​ដើរ​សាត់​អណ្តែត​ដល់​កាល​ណា​ទៀត?
ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បង្កើត​ការ​មួយ​ថ្មី​នៅ​លើ​ផែនដី
គឺ​ស្ត្រី​ហ៊ុម​ព័ទ្ធ​បុរស ។
23ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល
មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កាល​ណា​យើង​នាំ​ពួក​គេ
ដែល​ជា​ឈ្លើយ​មក​វិញ នៅ​ក្នុង​ស្រុក​យូដា
ហើយ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​នោះ
គេ​នឹង​និយាយ​ពាក្យ​នេះ​ឡើង​ជា​ថ្មី​ទៀត
គឺ​ថា ឱ​ទី​លំនៅ​នៃ​សេចក្ដី​សុចរិត
ហើយ​ភ្នំ​នៃ​សេចក្ដី​បរិសុទ្ធ​អើយ
សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​អ្នក
24ស្រុក​យូដា និង​ទី​ក្រុងទាំង​ប៉ុន្មាន​របស់​ស្រុក​នោះ នឹង​នៅ​ទី​នោះជា‌មួយ​គ្នា ហើយ​ពួក​អ្នក​ធ្វើ​ស្រែ​ចម្ការ និង​អស់​អ្នក​ដែល​ដើរ​ចុះ​ឡើង ក៏​នៅជា‌មួយ​ហ្វូង​សត្វ​របស់​គេ​ដែរ។ 25ដ្បិត​យើង​បាន​ចម្អែត​ព្រលឹង​មនុស្ស​ដែល​ល្វើយ ឯ​ព្រលឹង​ព្រួយ​លំបាក យើង​បាន​ឲ្យ​ស្កប់​ចិត្ត​ឡើង​វិញ។ 26មក​ដល់​ត្រឹម​នេះ ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ហើយ​ពេល​នោះ ខ្ញុំ​ដេក​លក់​ស្កប់​ស្កល់​ណាស់។ 27ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​យក​ពូជ​មនុស្ស និង​ពូជ​សត្វ​ព្រោះ​ចុះ​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា 28ដែល​យើង​បាន​មើល​គេ ដើម្បី​នឹង​ដក​រំលើង កាច់​បំបាក់ រំលំ បំផ្លាញ ហើយ​ធ្វើ​ទុក្ខ​ជា​យ៉ាង​ណា នោះ​យើង​នឹង​មើល​គេ ដើម្បី​នឹង​សង់​គេ​ឡើង ហើយ​ដាំ​គេ​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ 29នៅ​គ្រា​នោះ គេ​លែង​និយាយ​ថា៖ ឪពុក​បាន​ស៊ី​ផ្លែ​ទំពាំង​បាយ​ជូរ ហើយ​កូនបែរ​ជា​សង្កៀរ​ធ្មេញ 30គឺ​គ្រប់​គ្នា​នឹង​ត្រូវ​ស្លាប់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​រៀង​ខ្លួន អស់​អ្នក​ណា​ដែល​ស៊ី​ផ្លែ​ទំពាំង​បាយ​ជូរ គឺ​អ្នក​នោះ​ឯង​ដែល​នឹង​សង្កៀរ​ធ្មេញ។
សេចក្ដីសញ្ញា​ថ្មី
31ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​តាំង​សញ្ញា​ថ្មី​នឹង​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា 32មិន​មែន​តាម​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​ជា‌មួយ​បុព្វបុរស​របស់​គេ នៅគ្រា​ដែល​យើង​បាន​ដឹក​ដៃ​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ជា​សេចក្ដី​សញ្ញា​ដែល​គេ​បាន​ផ្តាច់​ចេញ ទោះ​បើ​យើង​ជា​ប្ដី​របស់​គេ​ក៏​ដោយ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ 33គឺ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ សេចក្ដី​សញ្ញា​ដែល​យើង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រា‌អែល ក្នុង​ពេល​ក្រោយ​គ្រា គឺ​យ៉ាង​ដូច្នេះ យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង។ 34បន្ទាប់​មក គេ​នឹង​លែង​បង្រៀន​អ្នក​ជិត​ខាង ហើយ​បង‌ប្អូន​គេ​រៀង​ខ្លួន​ទៀត​ថា៖ ចូរ​ឲ្យ​ស្គាល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ ព្រោះ​យើង​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​រៀង​រហូត​ទៅ។
35ព្រះ​ដែល​ប្រទាន​ព្រះ‌អាទិត្យ
សម្រាប់​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ
ហើយ​តាំង​របៀប​នៃ​ព្រះ‌ចន្ទ
និង​តារា​ទាំង​ប៉ុន្មាន​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់
ជា​ព្រះ​ដែល​បណ្ដាល​ឲ្យ​សមុទ្រ​កម្រើក​ឡើង
ដល់‌ម៉្លេះ​បាន​ជា​ឮ​សន្ធឹក​រលក
ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
36បើ​បញ្ញត្តិ​ច្បាប់​ទាំង​នេះ
ឃ្លាត​ចេញ​ពី​មុខ​យើង​ទៅ​កាល​ណា
នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
ពូជ​អ៊ីស្រា‌អែល​ក៏​នឹង​លែង​ធ្វើ​ជា​នគរ
នៅ​មុខ​យើង​ជា​រៀង​រហូត​ដែរ។
37ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
បើ​អាច​នឹង​វាស់​ផ្ទៃ​មេឃ​ខាង​លើ
ហើយ​ស្ទង់​ឫស​ផែនដី​នៅ​ខាង​ក្រោម​បាន
យើង​នឹង​បោះ‌បង់​ចោល​ពូជ​អ៊ីស្រា‌អែល
ដោយ​ព្រោះ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ
នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
38ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! នឹង​មាន​គ្រា​មក​ដល់ ដែល​ទី​ក្រុង​នេះ​នឹង​បាន​សង់​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ប៉ម​ហាណានាល រហូត​ដល់​ទ្វារ​ជ្រុង​កំផែង។ 39គេ​នឹង​យក​ខ្សែ​រង្វាស់​វាស់​ចេញ​ទៅ​ដល់​ភ្នំ​ការេប ហើយ​បត់​មក​ដល់​កូអាត។ 40ឯ​ច្រក​ភ្នំ​ទាំង​មូល​នៃ​សាក‌សព និង​ផេះ ព្រម​ទាំង​ចម្ការ​ទាំង​ប៉ុន្មាន​រហូត​ដល់​ជ្រោះ​កេដ្រុន និង​ដល់​ជ្រុង​កំផែង​ទ្វារ​សេះ ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​នឹង​បាន​ជា​ទី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់ មិន​ត្រូវ​ដក​រំលើង ឬ​រំលំ​បំផ្លាញ​ទៀត​ឡើយ នៅ​ជា​ដរាប​តទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in