YouVersion Logo
Search Icon

យេរេមា 30

30
ព្រះបន្ទូល​សន្យា​អំពី​ការស្រោច​ស្រង់​អ៊ីស្រា‌អែល និង​យូដាឡើង​វិញ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ថា៖ 2ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​អ្នក​សរសេរ​អស់​ទាំង​ពាក្យ ចុះ​ក្នុង​សៀវភៅ ដូច​យើង​បាន​ប្រាប់​អ្នក។ 3ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​នាំ​ប្រជា‌រាស្ត្រ​យើង ជា​ពួក​ឈ្លើយ គឺ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា ត្រឡប់​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា យើង​នឹង​ធ្វើ​ឲ្យ​គេ​វិល​ទៅ​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ​ជា​របស់​ខ្លួន។
4នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា
5ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
យើង​បាន​ឮ​សំឡេង​ញាប់‌ញ័រ
គឺ​មាន​សេចក្ដី​ភិត‌ភ័យ
មិន​មែន​ជា​សេចក្ដី​សុខ​ទេ។
6ចូរ​ស៊ើប​សួរ​ឥឡូវ ឲ្យ​ដឹង
តើ​មនុស្ស​ប្រុស​ដែល​ឈឺ​សម្រាល​កូន​ឬ?
ចុះ​ហេតុ​អ្វី​បាន​ជា​ឃើញ​ប្រុសៗ​ទាំង​អស់
កំពុង​តែ​យក​ដៃ​ស្ទឹម​ចុច​ចង្កេះ
ដូច​ជា​ស្រី​ដែល​ឈឺ​ចាប់ ហៀប​នឹង​សម្រាល​កូន
ហើយ​មុខ​គេ​ក៏​ស្លេក‌ស្លាំង​គ្រប់​គ្នា​ដូច្នេះ?
7វរ​ហើយ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​គួរ​ស្បើម
ដែល​គ្មាន​ថ្ងៃ​ណា​មួយ​ឲ្យ​ដូច​ឡើយ
នោះ​ជា​គ្រា​វេទនា​របស់​ពួក​យ៉ាកុប
ប៉ុន្តែ គេ​នឹង​បាន​ប្រោស​ឲ្យ​រួច​ចេញ​ពី​គ្រា​នោះ។
8ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​ថ្ងៃ​នោះ យើង​នឹង​បំបាក់​នឹម​ចេញ​ពី​ក​របស់​គេ ក៏​នឹង​ផ្តាច់​ចំណង​របស់​គេ​ដែរ។ ពួក​សាសន៍​ដទៃ​នឹង​លែង​ធ្វើ​ជា​ចៅ​ហ្វាយ​របស់​គេ​ទៀត​ហើយ។ 9គឺ​គេ​នឹង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ និង​ដាវីឌ ជា​ស្តេច​របស់​គេ ជា​អ្នក​ដែល​យើង​នឹង​តាំង​ឡើង​ឲ្យ​គ្រង​រាជ្យ​លើ​គេ។
10ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
ឱ​យ៉ាកុប ជា​អ្នក​បម្រើ​យើង​អើយ កុំ​ខ្លាច​ឡើយ
ឱ​អ៊ីស្រា‌អែល​អើយ កុំ​ស្រយុត​ចិត្ត​ដែរ
ដ្បិត​យើង​នឹង​ជួយ​សង្គ្រោះ​អ្នក​មក​ពី​ឆ្ងាយ
និង​ពូជ‌ពង្ស​អ្នក​មក​ពី​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ
នោះ​ពួក​យ៉ាកុប​នឹង​វិល​ត្រឡប់​មក​វិញ
ហើយ​នៅ​ដោយ​សុខ​សាន្ត និង​ស្ងប់‌ស្ងាត់
ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ។
11ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
យើង​នៅ​ជា‌មួយ ដើម្បី​ជួយ​សង្គ្រោះ​អ្នក
ពី​ព្រោះ​យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ
ដែល​យើង​បាន​កម្ចាត់‌កម្ចាយ​អ្នក​ទៅ​នោះ
ត្រូវ​ផុត​អស់​រលីង​ទៅ តែ​មិន​ធ្វើ​ឲ្យ​អ្នក​ផុត​ទេ
គឺ​យើង​នឹង​វាយ​ផ្ចាល​អ្នក​តាម​ខ្នាត
យើង​មិន​បណ្តោយ​ឲ្យ​អ្នក​នៅ​ដោយ​ឥត​វាយ​ផ្ចាល​ឡើយ។
12ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
ដំបៅ​អ្នក​មើល​មិន​ជា​ទេ
ហើយ​របួស​អ្នក​ក៏​ធ្ងន់​ណាស់​ផង។
13គ្មាន​អ្នក​ណា​កាន់​ក្ដី​អ្នក ដើម្បី​នឹង​រុំ​របួស​អ្នក​សោះ
អ្នក​ក៏​គ្មាន​ថ្នាំ​ណា​ផ្សះ។
14សហាយ​របស់​អ្នក​បាន​ភ្លេច​អ្នក​ហើយ
គេ​មិន​រក​អ្នក​ទៀត​ទេ ព្រោះ​យើង​បាន​វាយ​អ្នក​ឲ្យ​របួស
ដូច​ជា​ខ្មាំង​សត្រូវ​វាយ​ដែរ ហើយ​បាន​វាយ​ផ្ចាល​អ្នក
ដូច​ជា​មនុស្ស​សាហាវ
ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​អ្នក​មាន​ច្រើន​ណាស់
បាប​អ្នក​បាន​ចម្រើន​ជា​ច្រើន​ឡើង​ហើយ។
15ហេតុ​អ្វី​បាន​ជា​អ្នក​ស្រែក​ដោយ​ព្រោះ​ដំបៅ​អ្នក​ដូច្នេះ?
សេចក្ដី​ឈឺ​ចាប់​របស់​អ្នក មើល​មិន​ជា​ទេ
យើង​បាន​ធ្វើ​ដល់​អ្នក​យ៉ាង​នេះ
ដោយ​ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​អ្នក​មាន​ច្រើន​ពេក
បាប​អ្នក​បាន​ចម្រើន​ជា​ច្រើន​ឡើង​ហើយ។
16ដូច្នេះ អស់​អ្នក​ណា​ដែល​ត្របាក់​ស៊ី​អ្នក
នឹង​ត្រូវ​គេ​ត្របាក់​ស៊ី​វិញ អស់​ទាំង​ខ្មាំង​សត្រូវ​របស់​អ្នក
គេ​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​គ្រប់​គ្នា​ដែរ
ពួក​អ្នក​ដែល​ជិះ​ជាន់​អ្នក នឹង​ត្រូវ​គេ​ជិះ​ជាន់​ដូច​គ្នា
ហើយ​អស់​អ្នក​ដែល​ប្លន់​អ្នក
យើង​នឹង​ឲ្យ​មាន​គេ​ប្លន់​អ្នក​នោះ​វិញ។
17ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
យើង​នឹង​មើល​អ្នក​ឲ្យ​ជា
ហើយ​នឹង​ធ្វើ​ឲ្យ​របួស​អ្នក​បាន​សះ
ពី​ព្រោះ​គេ​បាន​ហៅ​អ្នក​ជា​ពួក​បំបរ‌បង់
ដោយ​ពាក្យ​ថា នេះ​ជា​ក្រុង​ស៊ីយ៉ូន
គ្មាន​អ្នក​ណា​រាប់​រក​សោះ។
18ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
មើល៍! យើង​នឹង​នាំ​ពួក​ឈ្លើយ
ដែល​ចាប់​ពី​ត្រសាល​របស់​យ៉ាកុបឲ្យ​ត្រឡប់​មក​វិញ
យើង​នឹង​មាន​សេចក្ដី​អាសូរ​ដល់​ទី​លំនៅ​របស់​គេ
ហើយ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញនៅ​លើ​គំនរ​ចាស់
ហើយ​ដំណាក់​នឹង​មាន​នៅ​ដូច​ពី​ដើម។
19ក៏​នឹង​ឮ​ពាក្យ​អរ​ព្រះ‌គុណ និង​សំឡេង​អរ​សប្បាយ
ចេញ​ពី​នោះ​មក យើង​នឹង​ធ្វើ​ឲ្យ​គេ​ចម្រើន​ឡើង
គេ​មិន​មាន​គ្នា​តិច​ឡើយ យើង​ក៏​នឹង​ធ្វើ​ឲ្យ​គេ​ថ្កុំថ្កើង​ឡើង
គេ​មិន​មែន​ជា​នគរ​តូច​ទា​ប​ទៀត​ទេ។
20កូន​ចៅ​របស់​គេ​នឹង​បាន​ដូច​កាល​ពី​ដើម
ហើយ​ក្រុម​ជំនុំ​របស់​គេនឹង​បាន​តាំង​ឡើង​នៅ​ចំពោះ​យើង
យើង​ធ្វើ​នឹង​ទោស​ដល់​អស់​អ្នក​ណា
ដែល​សង្កត់‌សង្កិន​គេ។
21ពួក​អ្នក​ធំ​របស់​គេ​នឹង​កើត​ពី​ពួក​គេ​មក
ហើយ​ចៅ‌ហ្វាយ​របស់​គេ​នឹង​ចេញ​ពី​កណ្ដាល​ពួក​គេ​ដែរ
យើង​នឹង​នាំ​គេ ហើយ​គេ​នឹង​ចូល​មក​ជិត​យើង
ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
តើ​ដែល​មាន​អ្នក​ណា​មាន​ចិត្ត​ក្លាហាន
ហ៊ាន​ចូល​មក​ជិត​យើង​ដូច្នេះ​ឬ?
22អ្នក​រាល់​គ្នា​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង
ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
23មើល៍! ព្យុះ​សង្ឃរា​របស់​ព្រះ‌យេហូវ៉ា
គឺ​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​ចេញ​មក​ហើយ
គឺ​ជា​ខ្យល់​កួច​ដែល​បោស​រំលីង
ខ្យល់​នោះ​នឹង​ធ្លាយ​មក​លើ​ក្បាល​របស់​ពួក​អាក្រក់។
24សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា
នឹង​មិន​វិល​មក​វិញ ដរាប​ដល់​ព្រះ‌អង្គ​បាន​ធ្វើ​សម្រេច
ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ
នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នោះ​អ្នក​រាល់​គ្នា​នឹង​យល់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in