YouVersion Logo
Search Icon

យេរេមា 32

32
ហោរា​យេរេមា​ទិញ​ដី​មួយ​កន្លែង
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ហោរា​យេរេមា ក្នុង​ឆ្នាំ​ទីដប់ នៃ​រជ្ជ​កាល​ព្រះបាទ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​ដប់​ប្រាំបី​នៃ​រាជ្យ​ព្រះបាទ​នេប៊ូក្នេសា។ 2គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោម‌ព័ទ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​ហោរា​យេរេមា​ត្រូវ​ឃុំ​នៅ​ក្នុង​ទី‌លាន​គុក ដែល​នៅ​ក្នុង​វាំង​នៃ​ស្តេច​យូដា។ 3ព្រះបាទ​សេដេគា​ជា​ស្តេច​យូដា បាន​ឃុំ​លោក ដោយ​មាន​រាជ‌ឱង្ការ​ថា៖ ហេតុ​អ្វី​បាន​ជា​អ្នក​ថ្លែងទំនាយ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! យើង​នឹង​ប្រគល់​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក 4ហើយ​សេដេគា ជា​ស្តេច​យូដា​នឹង​មិន​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ​ឡើយ គឺ​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​ស្រុក​បាប៊ីឡូន ហើយ​និយាយ​នឹង​គេ​ផ្ទាល់​មាត់ ទ្រង់​ក៏​នឹង​ឃើញ​គេ​ផ្ទាល់​នឹង​ភ្នែក​ដែរ។ 5គេ​នឹង​នាំ​ស្ដេច​សេដេគា​ទៅ​ក្រុង​បាប៊ីឡូន ហើយ​ទ្រង់​នឹង​ត្រូវ​នៅ​ទី​នោះ​ទាល់​តែ​យើង​ប្រោស នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ទោះ​បើ​អ្នក​រាល់​គ្នា​តស៊ូ​នឹង​ពួក​ខាល់ដេ​ក៏​ដោយ គង់​តែ​នឹង​ឈ្នះ​មិន​បាន​ដែរ?
6ហោរា​យេរេមា​មាន​ប្រសាស​ថា៖ ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា 7ហាណាមាល ជា​កូន​សាលូម ឪពុក​មា​របស់​អ្នក នឹង​មក​និយាយ​ជាមួយ​អ្នក​ថា សូម​ទទួល​ទិញ​ចម្ការ​របស់​ខ្ញុំ​ដែល​នៅ​អាណាថោត​ទៅ ដ្បិត​អំណាច​ដែល​នឹង​លោះ​បង‌ប្អូន នោះ​ស្រេច​នឹង​អ្នក​ទេ។ 8ដូច្នេះ ហាណាមាល ជា​កូន​របស់​ឪពុក​មា​ខ្ញុំ ក៏​មក​រក​ខ្ញុំ​នៅ​ក្នុង​ទី‌លាន​គុក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​គាត់​និយាយ​មក​ខ្ញុំ​ថា៖ សូម​ទិញ​ចម្ការ​របស់​ខ្ញុំ ដែល​នៅ​អាណាថោត ក្នុង​ស្រុក​បេនយ៉ាមីន​ទៅ ដ្បិត​អ្នក​មាន​ច្បាប់​នឹង​គ្រង​បាន​ជា​មត៌ក ហើយ​អំណាច​លោះ​ក៏​ស្រេច​នៅ​លើ​អ្នក​ដែរ ដូច្នេះ សូម​ទទួល​ទិញ ទុក​សម្រាប់​ខ្លួន​អ្នក​ចុះ​យ៉ាង​នោះ ទើប​ខ្ញុំ​បាន​ដឹង​ថា ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពិត។ 9ខ្ញុំ​ក៏​ទទួល​ទិញ​ចម្ការ ដែល​នៅ​អាណាថោត ពី​ហាណាមាល ជា​កូន​របស់​ឪពុក​មា​ខ្ញុំ ហើយ​បាន​ថ្លឹង​ប្រាក់ដប់​ប្រាំ​ពីរ​សេកែល​ឲ្យ​គាត់។ 10ក៏​ធ្វើ​សំបុត្រ ហើយ​បិទ​ត្រា ព្រម​ទាំង​ហៅ​ស្មរ​បន្ទាល់​មក ហើយ​ថ្លឹង​ប្រាក់​ក្នុង​ជញ្ជីង​ប្រគល់​ដល់​គាត់។ 11ដូច្នេះ ខ្ញុំ​បាន​យក​សំបុត្រ​ទិញ​ដី ទាំង​សំបុត្រ​ដែល​បិទ​ត្រា​តាម​ច្បាប់ តាម​ទំនៀម និង​សំបុត្រ​មួយ​ដែល​នៅ​បើក​ដែរ 12ខ្ញុំ​ក៏​ប្រគល់​សំបុត្រ​ទិញដី​ដល់​បារូក ជា​កូន​នេរីយ៉ា​ដែល​ជា​កូន​ម៉ាសេយ៉ា​នៅ​ចំពោះ​មុខ​ហាណាមាល​ជា​កូន​របស់​ឪពុក​មា​ខ្ញុំ និង​នៅ​ចំពោះ​ពួក​ស្មរ​បន្ទាល់ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​សំបុត្រ​ទិញដី​នោះ នៅ​មុខ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​ទី‌លាន​នៃ​គុក។ 13ខ្ញុំ​ផ្តាំ​បារូក​នៅ​មុខ​គេ​ថា 14ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​យក​សំបុត្រ​ទិញដី​នេះ គឺ​ជា​សំបុត្រ​ទិញដី​ដែល​បិទ​ត្រា និង​សំបុត្រ​ដែល​នៅ​ចំហ ទៅ​ដាក់​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​បាន​ទុក​ជា​យូរ​ថ្ងៃ​តទៅ 15ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ នឹង​មាន​គេ​ទិញ​ទាំង​ផ្ទះ និង​ចម្ការ ហើយ​នឹង​ដំណាំ​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ស្រុក​នេះ​ទៀត។
ពាក្យ​អធិស្ឋាន​របស់​ហោរា​យេរេមា
16ក្រោយ​ដែល​ខ្ញុំ​បាន​ប្រគល់​សំបុត្រ​ទិញដី​ដល់​បារូក​ជា​កូន​នេរីយ៉ា​ហើយ នោះ​ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ 17ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ាអើយ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ និង​ព្រះ‌ពាហុ​ដ៏​លើក​សម្រេច គ្មាន​អ្វី​ដែល​ពិបាក​សម្រាប់​ព្រះ‌អង្គ​ទេ។ 18គឺ​ព្រះ‌អង្គ​សម្ដែង​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ទាំង​ពាន់ៗ ហើយ​ក៏​សង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស ទៅ​លើ​ទ្រូង​នៃ​ពួក​កូន​ចៅ​គេ នៅ​តាម​ក្រោយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ធំ ហើយ​មាន​ឫទ្ធិ ព្រះ‌នាម​ព្រះ‌អង្គ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ 19ព្រះ‌អង្គ​ប្រសប់​ក្នុង​ការ​ជួយ​គំនិត ហើយ​ក៏​មាន​ឫទ្ធិ​ធ្វើ​ការ​ផ្សេងៗ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទត​ឃើញ​យើង ទាំង​ផ្លូវ​របស់​ពួក​មនុស្ស​ជាតិ ដើម្បី​នឹង​សង​គ្រប់​គ្នា​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ​រៀង​ខ្លួន។ 20ព្រះ‌អង្គ​ក៏​បាន​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​នៅ​ស្រុក​អេស៊ីព្ទ ដរាប​ដល់​សព្វ​ថ្ងៃ ព្រម​ទាំង​នៅ​ពួក​អ៊ីស្រា‌អែល ហើយ​កណ្ដាល​ពួក​មនុស្ស​ដទៃ​ផង ព្រះ‌អង្គ​ក៏​បាន​តាំង​កិត្តិនាម​របស់​ព្រះ‌អង្គ​ឡើង​ដូច​ជា​មាន​សព្វ​ថ្ងៃ។ 21ព្រះ‌អង្គ​បាន​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដោយ​ទី​សម្គាល់ និង​ការ​អស្ចារ្យ ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ព្រម​ទាំង​ការ​ស្ញែង​ខ្លាច​យ៉ាង​ធំ។ 22ព្រះ‌អង្គ​បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​ដល់​គេ ជា​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស ថា​នឹង​ឲ្យ​ដល់​គេ គឺ​ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ​ហៀរ។ 23គេ​ក៏​ចូល​មក​ចាប់​យក​ស្រុក ប៉ុន្តែ មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌អង្គ ឬ​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ធ្វើ​អ្វី​មួយ​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ដល់​គេ​ដែរ។ ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ការ​អាក្រក់​ទាំង​នេះ​មក​លើ​គេ។ 24មើល៍! ប្រដាប់​ចម្បាំង​របស់​ពួក​ខាល់ដេ​បាន​មក​ដល់ ដើម្បី​នឹង​ចាប់​យក​ទី​ក្រុង ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ ដែល​មក​តយុទ្ធ​ហើយ គឺ​ត្រូវ​ប្រគល់​ទៅ​ដោយ​ចាញ់​ដាវ អំណត់ និង​អាសន្ន‌រោគ ឯ​អស់​ទាំង​ការ​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល នោះ​បាន​កើត​មក​ហើយ ទ្រង់​ក៏​ទត​ឃើញ​ដែរ។ 25ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ថា៖ ចូរ​អ្នក​ទទួល​ទិញ​ចម្ការ​ដោយ​ប្រាក់ ហើយ​ហៅ​ស្មរ​បន្ទាល់​មក តែ​ទី​ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ​ហើយ។
ព្រះ‌អម្ចាស់​ធានា​រ៉ាប់‌រង​ចំពោះ​ការ​វិល​ត្រឡប់មក​វិញរបស់​ប្រជារាស្ត្រ
26ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរាយេរេមា​ថា៖ 27យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គ្រប់​ទាំង​សាច់ តើ​មាន​ការ​អ្វី​ដែល​ពិបាក​សម្រាប់​យើង​ឬ? 28ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​យើង​នឹង​ប្រគល់​ទី​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ គឺ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក​បាន ។ 29ពួក​ខាល់ដេ ដែល​តយុទ្ធ​នឹង​ទី​ក្រុង​នេះ គេ​នឹង​ចូល​មក​ដុត​ចោល ព្រម​ទាំង​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ជា​ទី​ដែល​មនុស្ស​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ហើយ​ច្រួច​តង្វាយ​ច្រូច​ដល់​ព្រះ​ដទៃ​នៅ​លើ​ដំបូល ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង 30ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា បាន​ប្រព្រឹត្ត​សុទ្ធ​តែ​ការ​ដែល​អាក្រក់​នៅ​ចំពោះ​យើង តាំង​តែ​ពី​ក្មេង​មក ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បណ្ដាល​ឲ្យ​យើង​ខឹង ដោយ​ការ​ដែល​ដៃ​គេ​ធ្វើ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ 31ទី​ក្រុង​នេះ​ជា​ទី​អុច‌អាល ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ និង​ឃោរ‌ឃៅ ចាប់​តាំង​ពី​គ្រា​ដែល​គេ​សង់​ឡើង ដរាប​ដល់​សព្វ​ថ្ងៃ បាន​ជា​គួរ​ឲ្យ​យើង​បំបាត់​ចេញ​ពី​មុខ​យើង​ទៅ 32ដោយ​ព្រោះ​អស់​ទាំង​អំពើ​អាក្រក់ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​ខឹង គឺ​ទាំង​ខ្លួន​គេ ស្តេច​គេ ពួក​ចៅ‌ហ្វាយ ពួក​សង្ឃ និង​ពួក​ហោរា​របស់​គេ អស់​ទាំង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា។ 33គេ​បាន​បែរ​ខ្នង​ដាក់​យើង មិន​បែរ​មុខ​ឡើយ ហើយ​ទោះ​បើ​យើង​បាន​បង្ហាត់​បង្រៀន​គេ ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​បង្រៀន​ក៏​ដោយ តែ​គេ​មិន​បាន​ស្តាប់​តាម និង​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​សោះ។ 34គឺ​គេ​បាន​តាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​យើង ជា​ការ​ដែល​បង្អាប់​ដល់​ទី​នោះ​វិញ។ 35គេ​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌បាល ដែល​នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណម សម្រាប់​ធ្វើ​ឲ្យ​កូន​ប្រុស​កូន​ស្រី​គេ​ដើរ​កាត់​ភ្លើង​ថ្វាយ​ដល់​ព្រះ‌ម៉ូឡុក ជា​ការ​ដែល​យើង​មិន​បាន​បង្គាប់​គេ​ឡើយ ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​យើង ឲ្យ​គេ​បាន​ធ្វើ​ការ​គួរ​ស្អប់​ខ្ពើម​នេះ ដើម្បី​នាំ​ឲ្យ​ពួក​យូដា​បាន​ធ្វើ​បាប​ដែរ។ 36ដោយ​ហេតុ​នោះ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ទី​ក្រុង​ដែល​អ្នក​ថា ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន​ដោយ‌សារ​ដាវ អំណត់ និង​អាសន្ន‌រោគ​នេះ​ថា 37មើល៍! យើង​នឹង​ប្រមូល​គេ​ចេញ​ពី​អស់​ទាំង​ស្រុក ដែល​យើង​បាន​បណ្តេញ​គេ​ទៅ​នោះ ដោយ​កំហឹង សេចក្ដី​ឃោរ‌ឃៅ និង​សេចក្ដី​គ្នាន់‌ក្នាញ់​ជា​ខ្លាំង​របស់​យើង ក៏​នឹង​នាំ​គេ​មក​ទី​នេះ​វិញ ព្រម​ទាំង​ឲ្យ​គេ​នៅ​ដោយ​សុខ‌សាន្ត។ 38គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ 39យើង​នឹង​ឲ្យ​គេ​មាន​ទឹក​ចិត្ត​តែ​មួយ និង​ផ្លូវ​ប្រព្រឹត្ត​តែ​មួយ ប្រយោជន៍​ឲ្យ​គេ​បាន​កោត​ខ្លាច​ដល់​យើង​ជា​ដរាប សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​គេ និង​កូន​ចៅ​គេ​តរៀង​ទៅ។ 40យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ជា​សេចក្ដី​សញ្ញា​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច​ថា យើង​នឹង​មិន​បែរ​ចេញ​ពី​គេ​ឡើយ គឺ​នឹង​ឲ្យ​គេ​បាន​សេចក្ដី​ល្អ​វិញ យើង​នឹង​ដាក់​សេចក្ដី​កោត​ខ្លាច​ដល់​យើង​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​យើង។ 41យើង​នឹង​យក​គេ​ជា​ទី​រីក‌រាយ​ចិត្ត ដើម្បី​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​គេ ពិត​ប្រាកដ​ជា​យើង​នឹង​ដាំ​គេ​ចុះ នៅ​ក្នុង​ស្រុក​នេះ ឲ្យ​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​យើង។ 42ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​បាន​នាំ​អស់​ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ មក​លើ​ជន​ជាតិ​នេះ​យ៉ាង​ណា យើង​ក៏​នឹង​នាំ​អស់​ទាំង​ការ​ដែល​យើង​បាន​សន្យា​ដល់​គេ មក​លើ​គេ​យ៉ាង​នោះ​ដែរ។ 43គ្រា​នោះ មនុស្ស​នឹង​ទទួល​ទិញ​ចម្ការ នៅ​ក្នុង​ស្រុក​នេះ​ទៀត ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​ថា បាន​ចោល​ស្ងាត់​ហើយ ឥត​មាន​មនុស្ស ឬ​សត្វ​នៅ​ទៀត​ឡើយ គឺ​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ។ 44មនុស្ស​នឹង​ទទួល​ទិញ​ស្រែ​ចម្ការ​ដោយ​ប្រាក់ ព្រម​ទាំង​ចុះ​ឈ្មោះ និង​បិទ​ត្រា ហើយ​ហៅ​ស្មរ​បន្ទាល់​មក​ផង គឺ​នៅ​ក្នុង​ស្រុក​បេនយ៉ាមីន​នេះ​នឹង​នៅ​ក្រវល់​ក្រុង​យេរូ‌សាឡិម នៅ​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា នៅ​ទី​ក្រុង​ស្រុក​ភ្នំ ទី​ក្រុង​ស្រុក​ទំនាប និង​ក្នុង​ទី​ក្រុង​នៃ​តំបន់​ណេកិប​ទាំង​ប៉ុន្មាន​ដែរ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ បាន​ត្រឡប់​មក​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in