YouVersion Logo
Search Icon

ពួក​ចៅ‌ហ្វាយ 12

12
ទំនាស់​រវាង​កុល‌សម្ព័ន្ធ​អេប្រាអិម និងលោក​យែបថា
1ពួក​អេប្រាអិមបានលើក​គ្នា ឆ្លងទៅ​កាន់​ក្រុង​សាផូន ហើយ​បន្ទោស​យែបថា​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ទៅ​ច្បាំង​នឹង​ពួក​អាំម៉ូន ហើយមិន​បាន​ហៅ​យើង​ទៅ​ជា​មួយ​ផង​ដូច្នេះ? យើង​នឹង​ដុត​ផ្ទះ​លោកចោល ព្រម​ទាំងដុត​លោក​ជាមួយ​ដែរ»។ 2យែបថា​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ និងប្រជាជន​របស់​ខ្ញុំ មានជម្លោះ​ជា​ខ្លាំង​ជាមួយ​ពួក​អាំម៉ូន ហើយ​ពេល​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​បាន​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​គេ​ទេ។ 3កាលខ្ញុំ​ឃើញ​ថា អ្នក​រាល់​គ្នា​មិន​ព្រម​ជួយ​សង្គ្រោះខ្ញុំ នោះខ្ញុំ​ក៏​ប្រថុយ​ជីវិត​ចេញ​ទៅ​ច្បាំង​នឹង​ពួក​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឡើង​មក​ប្រយុទ្ធ​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ដូច្នេះ?» 4ពេល​នោះ យែបថា​ក៏​ប្រមូល​អ្នក​ស្រុក​កាឡាត​ទាំង​ប៉ុន្មាន ទៅ​ប្រយុទ្ធ​នឹង​ពួក​អេប្រាអិម ហើយ​ពួក​កាឡាត​បាន​វាយ​ពួក​អេប្រាអិម ព្រោះ​គេ​និយាយ​ថា «ពួក​កាឡាត​អើយ ពួក​ឯង​នៅ​កណ្ដាល​ពួក​អេប្រាអិម និង​ពួក​ម៉ាណា‌សេ ពួក​ឯង​សុទ្ធ​តែ​ជាមនុស្សដែល​រត់​ចេញ​ពី​ពួក​អេប្រាអិម​ទេ!»។ 5ពួក​កាឡាត​បាន​វាយ​ចាប់​យក​អស់​ទាំង​ផ្លូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ស្រុក​ពួក​អេប្រាអិម។ ពេល​ណា​មាន​ពួក​អេប្រាអិម​ដែលលួច​រត់​គេច អង្វរ​ថា៖ «សូម​ឲ្យ​ខ្ញុំ​ឆ្លង​ទៅ​ផង» នោះ​ពួក​កាឡាត​សួរ​ទៅ​គេ​ថា៖ «តើ​អ្នក​ជា​ពួក​អេប្រាអិម​ឬ?» កាល​គេ​ឆ្លើយ​ថា «ទេ» 6នោះ​ពួក​កាឡាត​បង្គាប់​ឲ្យ​គេ​និយាយ​ពាក្យ «ស៊ីបូ‌លែត» ហើយ​បើ​គេ​ថា «ឈីបូ‌លែត» ព្រោះ​គេ​ចេញ​ខ្យល់និយាយ​ពាក្យ​នោះ​មិន​ត្រូវ នោះ​ពួក​កាឡាត​ក៏​ចាប់​គេ ហើយ​សម្លាប់​នៅ​ត្រង់​ផ្លូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នោះទៅ។ នៅ​គ្រា​នោះ មាន​ពួក​អេប្រាអិម​ដួល​ស្លាប់​អស់​ចំនួន​បួន​ម៉ឺន​ពីរ​ពាន់​នាក់។
7យែបថា​បាន​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល​អស់​ប្រាំមួយ​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោកនៅ​ស្រុក​កាឡាត ក្នុង​ក្រុង​របស់លោក។
លោក​អ៊ីបសាន លោក​អេឡូន និង​លោក​អាបដូន
8ក្រោយ​ពី​យែប​ថា​មក នោះ​មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ីបសាន ជា​អ្នក​ក្រុង​បេថ្លេ‌ហិម បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល។ 9លោក​មាន​កូន​ប្រុស​សាម​សិប​នាក់ ហើយ​លោក​បាន​ឲ្យ​កូន​ស្រី​របស់​លោក​សាម​សិប​នាក់​រៀប​ការ​នឹង​អ្នក​ផ្សេង ក្រៅ​ពី​ពូជអំបូរ​របស់​លោក ក៏​បាន​យក​កូន​ស្រីអ្នក​ផ្សេង​សាម​សិប​នាក់ មក​ឲ្យ​កូន​ប្រុស​របស់​លោក។ លោក​បាន​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ 10រួច​លោក​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​បេថ្លេ‌ហិម។
11ក្រោយ​ពីអ៊ីប​សាន​មក មាន​បុរស​ម្នាក់​ឈ្មោះ​អេឡូន ជា​ពួក​សាប់‌យូឡូន បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ដប់​ឆ្នាំ 12រួច​អេឡូន​ជា​ពួក​សាប់‌យូឡូន​នោះ​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​អាយ៉ា‌ឡូន ក្នុង​ស្រុក​សាប់‌យូឡូន។
13ក្រោយ​ពី​អេឡូន​មក មាន​បុរស​ម្នាក់​ឈ្មោះ​អាបដូន ជា​កូន​ហ៊ី‌លេល ក្នុង​ពួក​ពីរ៉ា‌ថូន បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល។ 14លោក​មាន​កូន​ប្រុស​សែសិប​នាក់ ហើយ​មាន​ចៅ​សាម​សិប​នាក់ ដែល​សុទ្ធ​តែ​មាន​កូន​លា​មួយ​ម្នាក់​សម្រាប់​ជិះ។ អាបដូន​បាន​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ប្រាំបី​ឆ្នាំ 15រួច​លោក​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ពីរ៉ាថូន ក្នុង​ស្រុក​អេប្រាអិម ជា​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ា‌ឡេក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ពួក​ចៅ‌ហ្វាយ 12