YouVersion Logo
Search Icon

ពួក​ចៅ‌ហ្វាយ 11

11
លោក​យែបថា
1គ្រា​នោះ មាន​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ​ម្នាក់​ឈ្មោះ​យែបថា ជា​កូន​ស្រី​ពេស្យា​ម្នាក់។ កាឡាត​ជាឪពុក​របស់​យែប​ថា។ 2រីឯ​ប្រពន្ធ​របស់​កាឡាត​ក៏​បាន​បង្កើត​កូន​ប្រុស​ខ្លះ​ឲ្យ​គាត់​ដែរ កាល​កូន​ប្រុសៗ​របស់​ប្រពន្ធ​គាត់​បាន​ធំ​ឡើង គេ​ក៏​បណ្តេញ​យែបថា​ចេញ ដោយ​ពាក្យ​ថា៖ «ឯង​មិន​ត្រូវទទួល​ចំណែក​មត៌កអ្វីនៅ​ក្នុង​គ្រួ​សារ​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូនរបស់​ស្ត្រីដទៃ»។ 3ពេល​នោះ យែបថា​ក៏​រត់​ពី​បង​ប្អូន​របស់​គាត់ ចេញ​ទៅ​រស់​នៅ​ស្រុក​ថូប រួច​មាន​មនុស្ស​អនាថា​មូល​គ្នា​មក​ចូល​ដៃ​ជា​មួយគាត់ ហើយ​តែង​ចេញ​ទៅ​ប្លន់​ជា​មួយ​គាត់។
4លុះ​ចំណេរ​ក្រោយ​មក ពួក​អាំម៉ូនបានលើក​គ្នា​មក​ច្បាំង​នឹង​អ៊ីស្រា‌អែល។ 5កាល​ពួកអាំ​ម៉ូនមក​ច្បាំង​នឹង​អ៊ីស្រា‌អែល ពួក​ចាស់​ទុំ​នៅ​ស្រុក​កាឡាត​ក៏​ចេញ​ទៅ​ហៅ​យែបថា​នៅ​ស្រុក​ថូប។ 6គេ​អង្វរ​យែប​ថា​ថា៖ «សូម​មក​ធ្វើ​ជា​មេ‌ទ័ព​លើពួក​យើង​ទៅ ដើម្បី​ឲ្យ​យើង​អាច​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន​បាន»។ 7ប៉ុន្ដែ យែបថាពោល​ទៅកាន់​ពួក​ចាស់​ទុំ​ស្រុក​កាឡាត​ថា៖ «តើ​អស់​លោក​មិន​បាន​ស្អប់​ខ្ញុំ ហើយ​បណ្តេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ​ឪពុក​ខ្ញុំ​ទេ​ឬ? ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​មក​រក​ខ្ញុំ នៅ​ពេល​មាន​អាសន្ន​ដូច្នេះ?» 8ពួក​ចាស់​ទុំ​ស្រុក​កាឡាត​តប​ថា៖ «ហេតុ​នេះហើយ​បាន​ជា​យើង​មក​រក​លោកនៅ​ពេល​នេះ ដើម្បី​ឲ្យ​លោក​បាន​ចេញ​ទៅ​ច្បាំង​នឹង​ពួក​អាំម៉ូន​ជា​មួយ​យើង ហើយ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​យើង គ្រប់​គ្រង​លើ​ប្រជាជន​នៅ​ស្រុក​កាឡាត​ទាំងមូល»។ 9យែបថា​និយាយ​ទៅ​កាន់​ពួក​ចាស់​ទុំ​ស្រុក​កាឡាត​ថា៖ «ប្រសិន‌បើ​អស់​លោក​ហៅ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​វិញ ដើម្បី​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​ប្រគល់​គេ​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​ជា​មេ​លើ​អស់​លោក»។ 10ពួក​ចាស់​ទុំ​ស្រុក​កាឡាត​ក៏បញ្ជាក់​ប្រាប់​យែប​ថាថា៖ «ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​សាក្សីរវាង​យើង​ថា យើង​នឹង​ធ្វើ​តាម​ពាក្យ​របស់លោក​ជា​ប្រាកដ!» 11ដូច្នេះ យែបថា​ក៏​ទៅ​ជា​មួយ​ពួក​ចាស់​ទុំ​ស្រុក​កាឡាត ហើយ​ប្រជាជន​ក៏​លើក​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​មេ​ទ័ព​របស់​ពួក​គេ។ ពេល​នោះ យែបថា​ក៏​ប្រកាស​ពាក្យ​ទាំង​ប៉ុន្មាន​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។
12បន្ទាប់​មក យែបថា​ក៏​ចាត់​គេ​ឲ្យ​នាំពាក្យ​ទៅ​ទូល​ស្តេច​របស់​ពួក​អាំម៉ូន​ថា៖ «តើ​ព្រះ​ករុណា និង​ខ្ញុំ មាន​រឿង​អ្វី​នឹង​គ្នា បាន​ជាព្រះ​ករុណា​មក​ច្បាំង​នឹង​ទូល​បង្គំ នៅ​ស្រុក​ទូល​បង្គំ​ដូច្នេះ?» 13ស្តេច​នៃ​ពួក​អាំម៉ូន​ឆ្លើយ​ទៅ​ពួក​អ្នក​នាំ​សារ​របស់​យែបថា​ថា៖ «ព្រោះ​សាសន៍​អ៊ីស្រា‌អែល​បាន​ដណ្តើម​យកស្រុក​របស់​យើង ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​រហូត​ដល់​ទន្លេ​យ័រ‌ដាន់ កាល​គេ​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ។ ឥឡូវ​នេះ ចូរ​ប្រគល់​ស្រុក​ទាំង​នោះ​មក​យើង​វិញតាម​សម្រួល​ទៅ»។ 14យែបថា​ក៏​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ទូល​ស្តេច​របស់​ពួក​អាំម៉ូន​ម្តង​ទៀត 15គេ​ទូល​ស្ដេច​ថា៖ «យែបថាមាន​ប្រសាសន៍​ដូច្នេះ​ថា អ៊ីស្រាអែល​មិន​បាន​យក​ស្រុក​របស់​សាសន៍​ម៉ូអាប់ ឬ​ស្រុក​របស់​ពួក​អាំម៉ូន​ទេ 16តែ​កាល​គេ​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក សាសន៍​អ៊ីស្រា‌អែល​បាន​ដើរ​កាត់​ទី​រហោ‌ស្ថាន រហូត​ដល់​សមុទ្រ​ក្រហម ហើយ​ក៏​មក​ដល់​កាដេស។ 17ពេល​នោះ អ៊ីស្រាអែល​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​ជួប​ស្តេច​ស្រុក​អេដុម ទូល​ថា "សូម​មេត្តា​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុករបស់​ព្រះ​ករុណា​ផង" តែ​ស្តេច​សាសន៍អេដុម​មិន​យល់​ព្រម​ទេ រួច​គេ​ក៏​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​ជួប​ស្តេច​សាសន៍​ម៉ូអាប់ ទូល​ដូច្នោះ​ដែរ តែ​ស្ដេច​មិន​យល់​ព្រម​ទៀត។ ដូច្នេះ អ៊ីស្រាអែល​ក៏ស្នាក់​នៅ​តែ​ត្រង់​កាដេស​នោះ​ទៅ។ 18បន្ទាប់​មក គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​រហោ‌ស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់ភាគ​ខាង​កើត​ស្រុក​ម៉ូអាប់ ហើយបោះ​ជំរំ​នៅ​ខាង​នាយ​ស្ទឹង​អើណូន។ ប៉ុន្ដែ គេ​មិន​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​ស្រុក​ម៉ូអាប់​ទេ ដ្បិត​ស្ទឹង​អើណូន​ជា​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់។ 19នៅ​ទី​នោះ អ៊ីស្រាអែល​ក៏​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​គាល់​ព្រះ​បាទ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី គឺ​ជា​ស្តេច​ក្រុង​ហែសបូន ដោយ​ពាក្យ​ថា "សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ព្រះ​ករុណា ឆ្ពោះ​ទៅ​កាន់​ស្រុក​របស់​យើង​ខ្ញុំ​ផង" 20ប៉ុន្ដែ ព្រះ​បាទ​ស៊ីហុន​មិន​ទុក​ចិត្ត​អ៊ីស្រា‌អែល ដោយ​ឲ្យ​គេ​ដើរ​ឆ្លង​កាត់​ទឹក​ដី​របស់​ទ្រង់​ឡើយ ហើយ​ទ្រង់​បាន​ប្រមូល​មនុស្ស​ទាំង​អស់​របស់​ទ្រង់ ទៅ​បោះ‌ទ័ព​នៅ​យ៉ា‌ហាស់ ហើយ​ច្បាំង​នឹង​អ៊ីស្រា‌អែល។ 21ពេល​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះនៃ​អ៊ីស្រា‌អែល ក៏​ប្រគល់​ស៊ីហុន និង​មនុស្ស​ទាំង​ប៉ុន្មាន​របស់​ទ្រង់ មក​ក្នុង​កណ្ដាប់​ដៃរបស់​អ៊ីស្រា‌អែល ហើយ​អ៊ីស្រា‌អែល​ក៏​ប្រហារ​គេ។ ដូច្នេះ អ៊ីស្រាអែល​ក៏​ចាប់​យក​ស្រុក​ទាំង​មូល​របស់​សាសន៍​អាម៉ូរី ដែល​រស់​នៅ​ស្រុក​នោះ។ 22គេ​ចាប់​យក​ស្រុកទាំង​មូល​របស់​សាសន៍​អាម៉ូរី ចាប់​តាំង​ពី​ស្ទឹង​អើណូន​រហូត​ដល់​ស្ទឹង​យ៉ាបុក ហើយ​ពី​ទី​រហោ‌ស្ថាន​រហូត​ដល់​ទន្លេ​យ័រ‌ដាន់។ 23ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រា‌អែល បាន​បណ្តេញពួក​អាម៉ូរី ចេញ​ពី​មុខ​ពួក​អ៊ីស្រា‌អែល ជា​ប្រជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ ដូច្នេះ តើ​ព្រះ​ករុណាចង់ដណ្ដើម​យក​ស្រុក​របស់​គេ​ឬ? 24ឯ​ស្រុក​ដែល​ព្រះ‌កេម៉ូស​ជា​ព្រះ​របស់​ព្រះករុណា​បាន​ប្រទាន​ឲ្យ តើ​ព្រះ​ករុណា​មិន​បាន​កាន់​កាប់​ជា​របស់​ទ្រង់​ទេ​ឬ? ដូច្នេះ ពួក​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​បណ្តេញ​ចេញ​ពី​មុខ​យើង​ខ្ញុំ នោះ​ស្រុករបស់​គេ​យើង​ខ្ញុំ​នឹង​កាន់​កាប់។ 25ឥឡូវ​នេះ តើ​ព្រះករុណា​វិសេស​ជាង​បាឡាក ជា​កូន​ស៊ីបព័រ ស្តេច​សាសន៍​ម៉ូអាប់​ឬ? តើ​ស្តេច​ហ៊ាន​ឈ្លោះ​ប្រកែក​នឹង​អ៊ីស្រា‌អែល​ឬ​ទេ? តើ​ស្ដេច​ហ៊ាន​ច្បាំង​នឹង​គេឬ​ទេ? 26កាល​អ៊ីស្រា‌អែល​បាន​រស់​នៅ​ក្រុង​ហែសបូន និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ នៅ​ក្រុង​អារ៉ូអ៊ើរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្បែរ​មាត់​ស្ទឹង​អើណូន អស់​រយៈ​ពេល​បីរយ​ឆ្នាំ ហេតុ​អ្វី​បាន​ជា​ព្រះ​ករុណា​មិន​រំដោះ​យកទឹក​ដី​ទាំង​នោះ​វិញ នៅ​គ្រា​នោះ​ទៅ? 27ដូច្នេះ ទូល​បង្គំ​មិន​បាន​ធ្វើ​អំពើ​បាប​នឹង​ព្រះ​ករុណា​ទេ គឺ​ព្រះ​ករុណា​ទេ​តើ​ដែល​ធ្វើ​ខុស​នឹង​ទូល​បង្គំ ដោយធ្វើ​សង្គ្រាម​ជាមួយ​នឹង​ទូល​បង្គំ។ សូម​ព្រះ‌យេហូវ៉ា​ដែល​ជា​ចៅ‌ក្រម ព្រះ‌អង្គ​កាត់​ក្ដីរវាង​ប្រជាជន​អ៊ីស្រា‌អែល និង​ប្រជាជន​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ចុះ»។ 28ប៉ុន្តែ ស្តេច​នៃ​ពួក​អាំម៉ូន​មិន​ព្រម​ស្តាប់​ពាក្យ​ដែល​យែបថា​បាន​ចាត់អ្នក​នាំ​ពាក្យ​ឲ្យ​មក​ទូល​ទ្រង់​នោះ​ឡើយ។
ពាក្យ​សន្យា​របស់លោក​យែបថា
29គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​មក​សណ្ឋិត​លើ​យែបថា រួច​លោកបាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាត និង​ស្រុក​ម៉ាណា‌សេ បន្ត​ទៅដល់​មីស‌ប៉ា​ក្នុង​ស្រុក​កាឡាត ហើយ​ចេញ​ពី​មីស‌ប៉ា​ស្រុក​កាឡាត បន្ត​ទៅ​ឯ​ពួក​អាំម៉ូន។ 30យែបថាសន្យាចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា៖ «ប្រសិន‌បើ​ព្រះ‌អង្គ​ប្រគល់​ពួក​អាំម៉ូនមក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូល‌បង្គំ 31នោះ​អ្វីក៏​ដោយ​ដែល​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​ទូល‌បង្គំ មក​ទទួល​ទូល‌បង្គំ នៅ​ពេល​ទូល‌បង្គំ​ត្រឡប់​ពី​ពួក​អាំម៉ូន​មក​វិញ​ដោយ​សុខ​សាន្ត នោះ​នឹង​បាន​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ទូល‌បង្គំ​នឹង​ថ្វាយ​ជា​តង្វាយ​ដុត»។ 32ដូច្នេះ យែបថា​ក៏​ឆ្លង​ចូល​ទៅ​រក​ពួក​អាំម៉ូន ហើយ​ច្បាំង​នឹងគេ ព្រះ‌យេហូវ៉ា​ក៏​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។ 33លោកវាយ​កម្ទេច​គេ​យ៉ាង​សម្បើម ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ មក​ដល់​ក្រុង​មីនីត ទាំង​អស់​បាន​ម្ភៃ​ក្រុង ហើយ​រហូត​ដល់ក្រុង​អេបិល-កេរ៉ា‌មីម​ថែម​ទៀត។ ដូច្នេះ ពួក​អាំម៉ូន​ក៏​ត្រូវ​ក្រាប​ចុះ នៅ​មុខ​ប្រជាជន​អ៊ីស្រា‌អែល។
កូន​ស្រី​របស់​លោក​យែបថា
34បន្ទាប់​មក យែបថាវិល​ត្រឡប់​មក​ដល់​ផ្ទះរបស់​លោក​នៅ​មីស‌ប៉ា ហើយ​មើល៍ កូន​ស្រី​របស់​លោក​ក៏​ចេញ​មក​ទទួល ទាំង​វាយ​ក្រាប់ ហើយ​លោត​កញ្ឆេង។ នាង​ជា​កូន​តែ​មួយ​គត់​របស់​លោក ក្រៅ​ពី​នាង លោក​គ្មាន​កូន​ប្រុស ឬ​កូន​ស្រី​ណា​ទៀត​ឡើយ។ 35កាល​លោក​ក្រឡក​ទៅ​ឃើញ​នាង លោក​ក៏​ហែក​អាវ ហើយ​ពោល​ថា៖ «វរ​ហើយ កូន​ស្រី​អើយ! កូន​បាន​ធ្វើ​ឲ្យ​ឪពុក​ទន់​ជង្គង់​ហើយ កូនជា​ហេតុ​ដែល​នាំ​ឲ្យ​ឪពុក​វេទនា​ចិត្ត​ជា​ខ្លាំង ដ្បិត​មាត់របស់​ឪ​ពុក​បាន​ចេញ​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ ឪ​ពុក​មិន​អាច​ដក​ពាក្យ​សម្បថ​នោះ​វិញ​បាន​ទេ»។ 36នាង​ឆ្លើយ​ទៅ​លោក​ថា៖ «លោក​ឪពុក​អើយ បើ​លោក​បាន​ចេញ​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​សូម​ប្រព្រឹត្ត​ចំពោះកូន​តាម​ពាក្យ​ដែល​ចេញ​ពី​មាត់​លោក​ឪពុក​ចុះ ព្រោះ​ព្រះ‌យេហូវ៉ាបាន​សង​សឹក​ពួក​អាំម៉ូន ជា​ខ្មាំង​សត្រូវ​របស់​លោក​ឪពុក​ហើយ»។ 37នាង​ពោល​ទៅ​ឪពុក​ទៀត​ថា៖ «សូមអនុញ្ញាត​ឲ្យ​កូន​បាន​ធ្វើ​ដូច្នេះ​ផង គឺ​ទុក​កូន​ឲ្យ​នៅ​ពីរ​ខែ​សិន ដើម្បី​ឲ្យ​កូន​បាន​ដើរ​ចុះ​ឡើង​នៅ​លើ​ភ្នំ ហើយ​យំ​ស្តាយ​ព្រហ្មចារីរបស់​កូន ជា​មួយ​មិត្ត​ភក្ដិ​ស្រីៗ​របស់​កូន»។ 38ឪពុក​ឆ្លើយ​ថា៖ «ទៅ​ចុះ» ហើយ​លោក​ក៏​បើក​ឱកាស​ឲ្យ​នាង​ចេញ​ទៅ​រយៈ​ពេល​ពីរ​ខែ។ ដូច្នេះ នាង​ក៏​ចេញ​ទៅ​ជា​មួយ​មិត្ត​ភក្ដិស្រីៗ​របស់​នាង ហើយ​យំ​ស្តាយព្រហ្ម​ចារី​របស់​នាង​នៅ​លើ​ភ្នំ។ 39លុះ​គ្រប់​កំណត់​ពីរ​ខែ​ហើយ នាង​ក៏វិល​ត្រឡប់​មករក​ឪពុក​វិញ ហើយ​លោក​បាន​ប្រព្រឹត្ត​នឹង​នាង តាមពាក្យ​ដែល​លោក​បាន​ស្បថ។ នាងពុំ​ដែល​បាន​ស្គាល់​បុរស​ណា​ឡើយ ហើយ​សេចក្ដី​នោះ​ក៏​បាន​ត្រឡប់​ជា​ទម្លាប់​ក្នុង​ពួក​អ៊ីស្រា‌អែល 40គឺពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពួក​កូន​ស្រី​របស់​អ៊ីស្រា‌អែល តែង​ទៅ​យំ​រំឭកដល់​កូន​ស្រី​របស់​យែបថា ជា​អ្នក​ស្រុក​កាឡាត រយៈ​ពេល​បួន​ថ្ងៃ ក្នុង​មួយ​ឆ្នាំ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in