YouVersion Logo
Search Icon

ពួក​ចៅ‌ហ្វាយ 13

13
កំណើត​របស់​លោក​សាំសុន
1ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ព្រះ‌យេហូវ៉ា​ក៏​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន អស់​រយៈ​ពេល​សែសិប​ឆ្នាំ។
2គ្រា​នោះ មាន​បុរស​ម្នាក់​នៅ​សូរ៉ាស់ ក្នុង​កុល​សម្ព័ន្ធ​ដាន់ ឈ្មោះ​ម៉ាណូ‌អា។ ប្រពន្ធ​របស់​គាត់​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ។ 3ទេវតា​នៃ​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​ប្រពន្ធ​គាត់​ឃើញ ហើយ​ប្រាប់​ថា៖ «មើល៍ នាង​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ តែ​នាង​នឹង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ 4ដូច្នេះ ចូរ​ប្រយ័ត្ន កុំ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក៏​កុំ​ឲ្យ​បរិ‌ភោគ​អ្វី​ដែល​មិន​ស្អាត​ដែរ 5ដ្បិត​មើល៍ នាង​នឹង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ មិន​ត្រូវ​យក​កាំបិត​កោរ​សក់​វា​ឡើយ ព្រោះ​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ណា‌សារីត ថ្វាយ​ព្រះ​តាំង​ពី​ផ្ទៃ​ម្តាយ ហើយ​កូន​នោះ​នឹង​ចាប់​ផ្ដើម​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន»។ 6ដូច្នេះ ស្ត្រី​នោះ​ក៏​ទៅ​ប្រាប់​ប្តី​ថា៖ «មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់​បាន​មក​ជួប​ខ្ញុំ លោក​មាន​ភិនភាគ​មើល​ទៅ​ដូច​ជា​ទេវតា​របស់​ព្រះ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ ខ្ញុំ​មិន​បាន​សួរ​ថា​លោក​មក​ពី​ណា​ទេ ហើយ​លោក​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​ខ្ញុំ​ដែរ 7តែ​លោក​ប្រាប់​ខ្ញុំ​ថា "មើល៍ នាង​នឹង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ ដូច្នេះ កុំ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក៏​កុំ​បរិ‌ភោគ​អ្វី​ដែល​មិន​ស្អាត​ដែរ ដ្បិត​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ណា‌សារីត ថ្វាយ​ព្រះ​តាំង​ពី​ក្នុង​ផ្ទៃ រហូត​ដល់​ថ្ងៃ​ស្លាប់"»។
8ពេល​នោះ ម៉ាណូ‌អា​ក៏អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​អ្នក​សំណព្វ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក​នោះ បាន​មក​ជួប​យើង​ខ្ញុំ​ម្តង​ទៀត ដើម្បីបង្រៀន​យើង​ខ្ញុំ​អំពី​ការដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​នឹង​កើត​មក​នោះ»។ 9ព្រះ​ក៏​ស្តាប់​តាម​ពាក្យ​របស់​ម៉ាណូ‌អា ហើយ​ទេវតា​របស់​ព្រះ​ក៏​មក​ជួប​ស្ត្រី​នោះ​ម្តង​ទៀត ក្នុង​ពេល​ដែល​នាង​កំពុង​អង្គុយ​នៅ​ចម្ការ តែ​ម៉ាណូ‌អា​ប្តី​របស់​នាង មិន​បាន​នៅ​ជា​មួយ​ទេ។ 10ដូច្នេះ ស្ដ្រី​នោះ​ក៏​រត់យ៉ាង​ប្រញាប់​ប្រញាល់​ទៅ​ប្រាប់​ប្តី​ថា៖ «មើល៍ បុរស​ដែល​បាន​មកជួប​ខ្ញុំ​ពី​ថ្ងៃ​មុន បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​ទៀត​ហើយ»។ 11ដូច្នេះ ម៉ាណូ‌អា​ក៏​ក្រោក​ឡើង ដើរ​តាម​ប្រពន្ធ​ទៅ​រក​បុរស​នោះ ហើយ​សួរ​ថា៖ «តើ​លោក​ឬ ដែល​បាន​និយាយ​មក​កាន់​ប្រពន្ធ​ខ្ញុំ?» ទេវតា​ក៏ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ 12ម៉ាណូ‌អា​សួរ​ថា៖ «ដូច្នេះ នៅ​ពេល​ពាក្យ​របស់​លោក​បាន​សម្រេច តើ​កូន​នោះ​ត្រូវ​រស់​នៅ​បែប​ណា ហើយ​តើ​កូន​នោះ​ត្រូវ​ធ្វើ​អ្វី?»។ 13ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ម៉ាណូអា​ថា៖ «នាង​ត្រូវ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រាប់ 14គឺ​មិន​ត្រូវ​ឲ្យ​នាង​បរិ‌ភោគ​អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំង‌បាយ‌ជូរ ក៏​មិន​ត្រូវ​ឲ្យ​នាង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា ឬ​បរិ‌ភោគ​អ្វី​ដែល​មិន​ស្អាត​ឡើយ ត្រូវ​ឲ្យ​នាង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បាន​បង្គាប់»។
15ម៉ាណូ‌អាពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ថា៖ «សូម​លោក​មេត្តា​កុំ​ទាន់​អញ្ជើញ​ទៅ យើង​ខ្ញុំ​នឹង​រៀបចំ​កូន​ពពែ​មួយ​ជូន​លោក»។ 16ទេវតា​របស់​ព្រះ‌យេហូវ៉ា​ប្រកែក​ថា៖ «ទោះ​បើ​អ្នក​ឃាត់​យើង ក៏​យើង​មិន​បរិ‌ភោគ​ម្ហូប​របស់​អ្នក​ដែរ។ ប៉ុន្ដែ បើ​អ្នក​ចង់​ថ្វាយ​តង្វាយ​ដុត នោះ​ចូរ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ចុះ!» (ដ្បិត​ម៉ាណូ‌អាមិន​ដឹងថា លោក​ជា​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ទេ)។ 17ម៉ាណូ‌អា​សួរ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​លោក​ឈ្មោះ​អី ដើម្បី​កាល​ណា​ពាក្យ​របស់​លោក​បាន​សម្រេច នោះ​យើង​ខ្ញុំ​បាន​លើក​សរសើរ​នាម​របស់​លោក?» 18ប៉ុន្ដែ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ឈ្មោះ​យើង? ឈ្មោះ​នេះ​ប្លែក​អស្ចារ្យ​ណាស់»។
19ដូច្នេះ ម៉ាណូ‌អា​ក៏​យក​កូន​ពពែ និង​តង្វាយ​ម្សៅ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​លើ​ថ្ម រួច​ទេវតា​នោះ​ក៏ធ្វើ​ការ​អស្ចារ្យ ឯ​ម៉ាណូ‌អា និង​ប្រពន្ធ​កំពុង​តាម​មើល។ 20កាល​អណ្ដាត​ភ្លើង​បាន​ឆេះ​ពី​អាសនា​ឡើង​ទៅ​លើ​មេឃ នោះ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ហោះ​ឡើង​ទៅ​ក្នុង​អណ្ដាត​ភ្លើង ដែល​ឆេះនៅ​លើ​អាសនា​នោះ​ទៅ។ ឯ​ម៉ាណូ‌អា និង​ប្រពន្ធ​ដែល​កំពុង​តាម​មើល​នោះ ក៏នាំ​គ្នា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ 21តាំង​ពី​នោះ​មក ទេវតា​របស់​ព្រះ‌យេហូវ៉ា​មិន​បាន​លេច​មក​ឲ្យ​ម៉ាណូ‌អា ឬ​ប្រពន្ធ​គាត់​ឃើញ​ទៀត​ឡើយ ដូច្នេះ ម៉ាណូ‌អា​ក៏​ដឹង​ថា ជា​ទេវតា​របស់​ព្រះ‌យេហូវ៉ា។ 22ម៉ាណូ​អា​ពោល​ទៅ​កាន់​ប្រពន្ធ​ថា៖ «យើង​នឹង​ស្លាប់​ជា​ប្រាកដ ព្រោះ​យើង​បាន​ឃើញ​ព្រះ»។ 23ប៉ុន្ដែ ប្រពន្ធគាត់​ឆ្លើយ​ថា៖ «ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សម្លាប់​យើង នោះ​ព្រះ‌អង្គ​មិន​បាន​ទទួល​តង្វាយ​ដុត និង​តង្វាយ​ម្សៅ​ពី​ដៃ​យើង​ទេ ក៏​មិន​បាន​ឲ្យ​យើង​ឃើញ​ការ​ទាំង​អស់​នេះ ឬ​ប្រាប់​សេចក្ដី​យ៉ាង​នេះ ឲ្យ​យើង​ដឹង​ដូច្នេះ​ដែរ»។
24ស្ត្រី​នោះ​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ ដាក់​ឈ្មោះ​ថា សាំសុន កូន​នោះ​ក៏​មាន​វ័យ​ធំ​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​គាត់។ 25ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចាប់ផ្ដើម​បណ្ដាល​គាត់ នៅ​ត្រង់​ម៉ាហានេ-ដាន់ នៅ​ចន្លោះ​សូរ៉ាស់ និង​អែស‌ថោល។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in