YouVersion Logo
Search Icon

អេម៉ុស 1

1
1នេះ​ជា​ពាក្យ​របស់​ហោរា​អេម៉ុស ជា​ម្នាក់​ក្នុង​ចំណោម​ពួក​គង្វាល​នៅ​ត្កូអា ជា​សេចក្ដី​ដែល​លោក​បាន​ឃើញ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្នុង​រជ្ជ‌កាលព្រះ​បាទ​អូសៀស ស្តេច​ស្រុក​យូដា និង​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​បុត្រ​ព្រះ​បាទ​យ៉ូអាស ស្តេច​ស្រុក​អ៊ីស្រា‌អែល គឺ​ពីរ​ឆ្នាំ មុន​រញ្ជួយ​ផែន​ដី។
ព្រះ​ជំនុំ​ជម្រះ​សាសន៍​ជិត​ខាង​របស់​អ៊ីស្រា‌អែល
2លោក​ពោល​ថា
ព្រះ‌យេហូវ៉ា​គ្រហឹម​ពី​ស៊ីយ៉ូន
ហើយ​បញ្ចេញ​ព្រះ‌សូរ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម
នោះ​វាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​សោក​សៅ
ហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួត​ហែង​ទៅ។
3ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ក្រុង​ដាម៉ាស
អើ ដោយ​ព្រោះ​បួន​ផង
យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ
ព្រោះ​គេ​បាន​បញ្ជាន់​ស្រុក​កាឡាត
ដោយ​គ្រឿង​បញ្ជាន់​ធ្វើ​ពី​ដែក។
4យើង​នឹង​ចាត់​ភ្លើង​ឲ្យទៅ​លើ​ផ្ទះ​របស់​ហាសែល
ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ
ទីមាំ​មួន​របស់​បេន-ហាដាឌ។
5យើង​នឹង​បំបាក់​រនុក​ទ្វារ​របស់​ក្រុង​ដាម៉ាស
ហើយ​កាត់​ពួក​អ្នក​នៅ​ជ្រលង​ភ្នំ​អាវេន​ចេញ
ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​របស់​បេត-អេដែន​ផង
នោះ​ពួក​សាសន៍​ស៊ីរី​នឹង​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គារ
នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។
6ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ក្រុង​កាសា
អើ ដោយ​ព្រោះ​បួន​ផង
យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ
ព្រោះ​គេ​បាន​កៀរ​យក​ពួក​ឈ្លើយ​ទាំង​អស់
ដើម្បី​ប្រគល់​ឲ្យ​សាសន៍​អេដុម។
7យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើ​កំផែង​ក្រុង​កាសា
ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ។
8យើង​នឹង​កាត់​ពួក​អ្នក​នៅ​ក្រុង​អាសដូឌ​ចេញ
ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​នៃ​ក្រុង​អាស‌កាឡូន​ផង
យើង​ក៏​នឹង​បែរ​ដៃ​ទៅ​ទាស់​នឹង​ក្រុង​អេក្រុន
ហើយ​សំណល់​នៃ​ពួក​ភីលី‌ស្ទីន​នឹង​ត្រូវ​វិនាស
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា។
9ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
ដោយ​ព្រោះ​អំពើ​រំលង​បី​របស់​ក្រុង​ទីរ៉ុស
អើ ដោយ​ព្រោះ​បួន​ផង
យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ
ព្រោះ​គេ​បាន​ប្រគល់​ពួក​ឈ្លើយ​ទាំង​អស់
ដល់​សាសន៍​អេដុម
ហើយ​មិន​បាន​នឹក​ចាំ​សេចក្ដី​សញ្ញា
ជា​បង‌ប្អូន​នឹង​គ្នា​សោះ។
10យើង​នឹង​ចាត់​ភ្លើង ឲ្យ​ទៅ​លើ​កំផែង​ក្រុង​ទីរ៉ុស
ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ។
11ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​សាសន៍​អេដុម
អើ ដោយ​ព្រោះ​បួន​ផង
យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ
ព្រោះ​គេ​បាន​កាន់​ដាវ ដេញ​តាម​បង‌ប្អូន​របស់​ខ្លួន
ក៏​គ្មានចិត្ត​មេត្តា​ប្រណី​ទាល់​តែ​សោះ
គេ​ចេះ​តែ​ហែក​ហួរ​តាម​កំហឹង​របស់​គេ
ក៏​ចេះ​តែ​ចង​កំហឹង​ជា​ដរាប។
12យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើ​ក្រុង​ថេម៉ាន
ហើយ​ភ្លើង​នោះ​ឆេះ​បំផ្លាញ​ទី​មាំ​មួន​របស់​ក្រុង​បុសរ៉ា។
13ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ពួក​កូន​ចៅ​អាំម៉ូន
អើ ដោយ​ព្រោះ​បួន​ផង
យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ
ព្រោះ​គេ​បាន​វះ​ពោះ​របស់​ពួក​ស្រីៗ
ដែល​មាន​ទម្ងន់​នៅ​ស្រុក​កាឡាត
ដើម្បី​ឲ្យ​បាន​វាត​ព្រំ​ដែន​របស់​ខ្លួន​ឲ្យ​ធំ។
14យើង​នឹង​បង្កាត់​ភ្លើង​នៅ​លើ​កំផែង​ក្រុង​រ៉ាបាត
ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ
ទាំង​មាន​សម្រែក​ក្នុង​ថ្ងៃ​សឹក​សង្គ្រាម
ទាំង​មាន​ព្យុះ​សង្ឃរា
ក្នុង​ថ្ងៃ​ដែល​មាន​ខ្យល់​កំបុត‌ត្បូង
15ស្តេច​របស់​គេ​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ
ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​របស់​គេ​ផង
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in