YouVersion Logo
Search Icon

អេម៉ុស 2

2
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​សាសន៍​ម៉ូអាប់
អើ ដោយ​ព្រោះ​បួន​ផង
យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ
ព្រោះ​គេ​បាន​ដុត​ឆ្អឹង​របស់​ស្តេច​អេដុម
ឲ្យ​សុស​ដូច​កំបោរ។
2យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើស្រុក​ម៉ូអាប់
ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​ទីមាំ​មួន​នៅ​ក្រុង​កេរីយ៉ុត
ហើយ​ម៉ូអាប់​នឹង​ស្លាប់​ទៅ​ដោយ​សូរ​គ្រាំ‌គ្រេង
ដោយ​សម្រែក​ឮ​លាន់ និង​សូរ​ផ្លុំ​ត្រែ
3យើង​នឹង​កាត់​ចៅ‌ក្រម​ចេញ​ពី​ចំណោម​គេ
ព្រម​ទាំង​សម្លាប់​ពួក​មេ​ទាំង​ប៉ុន្មាន​ជា‌មួយ​គេ​ដែរ
នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។
ការ​ជំនុំ​ជម្រះ​លើ​ស្រុក​យូដា
4ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ពួក​យូដា
អើ ដោយ​ព្រោះ​បួន​ផង
យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ
ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ
របស់​ព្រះ‌យេហូវ៉ា
ហើយ​មិន​បាន​កាន់​តាម​ច្បាប់​របស់​ព្រះ‌អង្គ​សោះ
គឺ​សេចក្ដី​ភូត​ភរ​របស់​គេ​បាន​ធ្វើ​ឲ្យ​គេ​វង្វេង​ចេញ
ជា​សេចក្ដី​ភូត​ភរ​បុព្វ‌បុរស​គេ​បាន​គោរព​តាម។
5យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើ​ស្រុក​យូដា
ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​ទីមាំ​មួន
របស់​ក្រុង​យេរូ‌សាឡិម។
ការ​ជំនុំជម្រះ​លើ​ស្រុក​អ៊ីស្រា‌អែល
6ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​អ៊ីស្រា‌អែល
អើ ដោយ​ព្រោះ​បួន​ផង
យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ
ព្រោះ​គេ​បាន​មនុស្ស​សុចរិត ដើម្បី​ប្រាក់
ហើយ​លក់​មនុស្ស​កម្សត់​ទុគ៌ត ដើម្បី​ស្បែក​ជើង​មួយ​គូ
7គេ​ជាន់​ក្បាល​ជន​ក្រីក្រ​ពន្លិច​ក្នុង​ធូលីដី
គេ​បង្វែរ​ផ្លូវ​របស់​មនុស្ស​ទុគ៌ត
ទាំង​កូន​ទាំង​ឪពុក​ចូល​ទៅ​ឯ​ស្រី​តែ​ម្នាក់
ដែល​ជា​កា​រប្រមាថ​នាម​ដ៏​បរិសុទ្ធ​របស់​យើង
8គេ​ក្រាល​សម្លៀក‌បំពាក់​ដែល​បាន​ទទួល​បញ្ចាំ
ដេក​ចុះ​នៅ​ក្បែរ​គ្រប់​ទាំង​អាសនា
ហើយ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គេ
គេ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ពួក​អ្នក
ដែល​ខ្លួន​បាន​ពិន័យ។
9ប៉ុន្តែ យើង​បាន​បំផ្លាញ​សាសន៍​អាម៉ូរី
ដែល​មាន​កម្ពស់​ដូច​ដើម​តា‌ត្រៅ
ហើយ​មាន​កម្លាំង​ដូច​ដើម​ម៉ៃសាក់ នៅ​មុខ​ពួក​គេ
គឺយើង​បាន​បំផ្លាញ​ទាំង​ផល​របស់​គេ​ខាង​លើ
ទាំង​ឫស​របស់​គេ​នៅ​ខាង​ក្រោម។
10យើង​ក៏​បាន​នាំ​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ
ហើយ​បាន​នាំអ្នក​រាល់​គ្នា
នៅ​ក្នុង​ទី​រហោ‌ស្ថាន​សែសិប​ឆ្នាំ
ដើម្បី​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី
ទុក​ជា​កេរ‌អាករ។
11យើង​បាន​តាំង​កូន​ចៅ​ខ្លះ​របស់​អ្នក​រាល់​គ្នា
ឡើង​ធ្វើ​ជា​ហោរា
ហើយ​កំលោះ​ខ្លះ​របស់​អ្នក​រាល់​គ្នា
ធ្វើ​ជា​ពួក​ណាសារីត
ឱ​ប្រជាជន​អ៊ីស្រា‌អែល​អើយ តើ​មិន​មែន​ដូច្នោះ​ទេ​ឬ?
នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។
12ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បង្ខំ​ឲ្យ​ពួក​ណាសារីត ផឹក​ស្រា
ហើយ​បាន​ហាម​ដល់​ពួក​ហោរា​ថា "កុំ​ទាយ​ឡើយ"។
13មើល៍ យើង​នឹង​កិន​អ្នក​រាល់​គ្នានៅ​កន្លែង​របស់​អ្នក
ដូច​រទេះ​កិន​នៅ​ពេល​ដឹក​កណ្ដាប់ស្រូវ​ពេញ​ដែរ។
14អំណាច​រត់​រួចនឹង​ចេញ​បាត់​ពី​មនុស្ស​លឿន
ឯ​មនុស្ស​មាន​កម្លាំងក៏​មិនអាច
បញ្ចេញ​កម្លាំង​របស់​ខ្លួន​បាន
ហើយ​មនុស្ស​ខ្លាំង​ពូកែ​ក៏​សង្គ្រោះ​ខ្លួន​មិន​បាន​ដែរ
15អ្នក​ដែល​កាន់​ធ្នូ​នឹង​មិន​អាច​ឈរ​នៅ​បាន
អ្នក​ដែល​ជើង​ពូកែ​រត់ នឹង​សង្គ្រោះ​ខ្លួន​ឯង​មិន​រួច
ហើយ​អ្នក​ដែល​ជិះ​សេះ
ក៏​នឹង​សង្គ្រោះ​ខ្លួន​មិន​បាន​ដែរ
16អ្នក​ដែល​មាន​ចិត្ត​ក្លាហាន
ក្នុង​ចំណោម​មនុស្ស​ខ្លាំង​ពូកែ
គេ​នឹង​រត់​ទៅ​ទាំង​ខ្លួន​អាក្រាត​នៅ​ថ្ងៃ​នោះ
នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in