អេម៉ុស 1
1
1នេះជាពាក្យរបស់ហោរាអេម៉ុស ជាម្នាក់ក្នុងចំណោមពួកគង្វាលនៅត្កូអា ជាសេចក្ដីដែលលោកបានឃើញពីដំណើរស្រុកអ៊ីស្រាអែល នៅក្នុងរជ្ជកាលព្រះបាទអូសៀស ស្តេចស្រុកយូដា និងក្នុងរជ្ជកាលព្រះបាទយេរ៉ូបោម ជាបុត្រព្រះបាទយ៉ូអាស ស្តេចស្រុកអ៊ីស្រាអែល គឺពីរឆ្នាំ មុនរញ្ជួយផែនដី។
ព្រះជំនុំជម្រះសាសន៍ជិតខាងរបស់អ៊ីស្រាអែល
2លោកពោលថា
ព្រះយេហូវ៉ាគ្រហឹមពីស៊ីយ៉ូន
ហើយបញ្ចេញព្រះសូរសៀងពីក្រុងយេរូសាឡិម
នោះវាលស្មៅរបស់ពួកគង្វាលក៏សោកសៅ
ហើយកំពូលភ្នំកើមែលក៏ហួតហែងទៅ។
3ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ដោយព្រោះអំពើរំលងទាំងបីរបស់ក្រុងដាម៉ាស
អើ ដោយព្រោះបួនផង
យើងនឹងមិនព្រមលើកលែងទោសគេឡើយ
ព្រោះគេបានបញ្ជាន់ស្រុកកាឡាត
ដោយគ្រឿងបញ្ជាន់ធ្វើពីដែក។
4យើងនឹងចាត់ភ្លើងឲ្យទៅលើផ្ទះរបស់ហាសែល
ហើយភ្លើងនោះនឹងឆេះបំផ្លាញ
ទីមាំមួនរបស់បេន-ហាដាឌ។
5យើងនឹងបំបាក់រនុកទ្វាររបស់ក្រុងដាម៉ាស
ហើយកាត់ពួកអ្នកនៅជ្រលងភ្នំអាវេនចេញ
ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យរបស់បេត-អេដែនផង
នោះពួកសាសន៍ស៊ីរីនឹងទៅជាឈ្លើយនៅស្រុកគារ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
6ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ដោយព្រោះអំពើរំលងទាំងបីរបស់ក្រុងកាសា
អើ ដោយព្រោះបួនផង
យើងនឹងមិនព្រមលើកលែងទោសគេឡើយ
ព្រោះគេបានកៀរយកពួកឈ្លើយទាំងអស់
ដើម្បីប្រគល់ឲ្យសាសន៍អេដុម។
7យើងនឹងចាត់ភ្លើងឲ្យទៅលើកំផែងក្រុងកាសា
ភ្លើងនោះនឹងឆេះទីមាំមួនរបស់ក្រុងនោះអស់ទៅ។
8យើងនឹងកាត់ពួកអ្នកនៅក្រុងអាសដូឌចេញ
ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យនៃក្រុងអាសកាឡូនផង
យើងក៏នឹងបែរដៃទៅទាស់នឹងក្រុងអេក្រុន
ហើយសំណល់នៃពួកភីលីស្ទីននឹងត្រូវវិនាស
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
9ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ដោយព្រោះអំពើរំលងបីរបស់ក្រុងទីរ៉ុស
អើ ដោយព្រោះបួនផង
យើងនឹងមិនព្រមលើកលែងទោសគេឡើយ
ព្រោះគេបានប្រគល់ពួកឈ្លើយទាំងអស់
ដល់សាសន៍អេដុម
ហើយមិនបាននឹកចាំសេចក្ដីសញ្ញា
ជាបងប្អូននឹងគ្នាសោះ។
10យើងនឹងចាត់ភ្លើង ឲ្យទៅលើកំផែងក្រុងទីរ៉ុស
ភ្លើងនោះនឹងឆេះទីមាំមួនរបស់ក្រុងនោះអស់ទៅ។
11ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ដោយព្រោះអំពើរំលងទាំងបីរបស់សាសន៍អេដុម
អើ ដោយព្រោះបួនផង
យើងនឹងមិនព្រមលើកលែងទោសគេឡើយ
ព្រោះគេបានកាន់ដាវ ដេញតាមបងប្អូនរបស់ខ្លួន
ក៏គ្មានចិត្តមេត្តាប្រណីទាល់តែសោះ
គេចេះតែហែកហួរតាមកំហឹងរបស់គេ
ក៏ចេះតែចងកំហឹងជាដរាប។
12យើងនឹងចាត់ភ្លើងឲ្យទៅលើក្រុងថេម៉ាន
ហើយភ្លើងនោះឆេះបំផ្លាញទីមាំមួនរបស់ក្រុងបុសរ៉ា។
13ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ដោយព្រោះអំពើរំលងទាំងបីរបស់ពួកកូនចៅអាំម៉ូន
អើ ដោយព្រោះបួនផង
យើងនឹងមិនព្រមលើកលែងទោសគេឡើយ
ព្រោះគេបានវះពោះរបស់ពួកស្រីៗ
ដែលមានទម្ងន់នៅស្រុកកាឡាត
ដើម្បីឲ្យបានវាតព្រំដែនរបស់ខ្លួនឲ្យធំ។
14យើងនឹងបង្កាត់ភ្លើងនៅលើកំផែងក្រុងរ៉ាបាត
ភ្លើងនោះនឹងឆេះទីមាំមួនរបស់ក្រុងនោះអស់ទៅ
ទាំងមានសម្រែកក្នុងថ្ងៃសឹកសង្គ្រាម
ទាំងមានព្យុះសង្ឃរា
ក្នុងថ្ងៃដែលមានខ្យល់កំបុតត្បូង
15ស្តេចរបស់គេនឹងត្រូវចាប់ទៅជាឈ្លើយ
ព្រមទាំងពួកមេដឹកនាំរបស់គេផង
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
Currently Selected:
អេម៉ុស 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies