ណាពីយូណើស 2
2
ណាពីយូណើសនៅក្នុងពោះត្រី
1ពេលនោះ អុលឡោះតាអាឡាចាត់ត្រីមួយយ៉ាងធំឲ្យមកលេបយូណើស គាត់ក៏ស្ថិតនៅក្នុងពោះត្រីនោះ អស់រយៈពេលបីថ្ងៃបីយប់។ 2នៅក្នុងពោះត្រី គាត់អង្វរអុលឡោះតាអាឡា ជាម្ចាស់របស់គាត់។ 3គាត់ពោលថា៖
«ពេលខ្ញុំមានអាសន្ន
ខ្ញុំទូរអារកអុលឡោះតាអាឡា
ទ្រង់ក៏ឆ្លើយតបមកខ្ញុំវិញ។
នៅក្នុងស្ថានមនុស្សស្លាប់
ខ្ញុំស្រែកហៅទ្រង់ជួយ
ទ្រង់ស្តាប់ពាក្យរបស់ខ្ញុំ។
4ទ្រង់បោះខ្ញុំមកក្នុងបាតសមុទ្រ
ដ៏សែនជ្រៅ
ទឹកមករួបរឹតជុំវិញខ្លួនប្រាណខ្ញុំ។
ទ្រង់ក៏បញ្ជាឲ្យទឹករលកហូរបក់បោក
មកលើខ្ញុំដែរ។
5ខ្ញុំគិតថា ទ្រង់បានដេញខ្ញុំចេញ
ឆ្ងាយពីទ្រង់ហើយ
ប៉ុន្តែ ខ្ញុំនៅតែសម្លឹងឆ្ពោះទៅរក
ម៉ាស្ជិទដ៏វិសុទ្ធរបស់ទ្រង់តទៅទៀត។
6ទឹកសមុទ្របានឡើងដល់ច្រមុះខ្ញុំ
សេចក្ដីអន្តរាយមករួបរឹតខ្ញុំ
មានសារាយមករុំព័ទ្ធក្បាលខ្ញុំដែរ។
7ឱអុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំអើយ
ខ្ញុំបានចុះទៅដល់គ្រឹះនៃភ្នំទាំងឡាយ
ខ្ញុំជាប់ឃុំក្នុងផ្នូររហូត
តែទ្រង់បានលើកខ្ញុំឡើងពីរណ្ដៅ
ហើយប្រទានឲ្យខ្ញុំមានជីវិត។
8ពេលខ្ញុំស្រយុតចិត្តយ៉ាងខ្លាំងនោះ
ខ្ញុំនឹកដល់អុលឡោះតាអាឡា
ហើយពាក្យទូរអារបស់ខ្ញុំ
ក៏បានឮទៅដល់ទ្រង់
ឮដល់ម៉ាស្ជិទដ៏វិសុទ្ធរបស់ទ្រង់។
9សូមអស់អ្នកដែលវង្វេងទៅតាមព្រះក្លែងក្លាយ
លែងគោរពបម្រើព្រះទាំងនោះទៅ!
10រីឯខ្ញុំវិញ
ខ្ញុំនឹងយកគូរបាន
មកជូនទ្រង់
ទាំងច្រៀងអរគុណទ្រង់ផង។
ខ្ញុំនឹងជូនជំនូន
ស្របតាមពាក្យដែលខ្ញុំបានទូរអា
ដ្បិតមានតែអុលឡោះតាអាឡាទេ
ដែលសង្គ្រោះខ្ញុំ»។
11ពេលនោះ អុលឡោះតាអាឡាបញ្ជាឲ្យត្រីខ្ជាក់យូណើសចេញទៅលើគោក។
Currently Selected:
ណាពីយូណើស 2: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.