ណាពីយូណើស 1
1
អុលឡោះចាត់ណាពីយូណើសទៅក្រុងនីនីវេ
1ថ្ងៃមួយ អុលឡោះតាអាឡាមានបន្ទូលមកកាន់យូណើស ជាកូនរបស់លោកអមីថាយថា៖ 2«ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរ ជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះថា អំពើអាក្រក់របស់ពួកគេល្បីរន្ទឺរហូតមកដល់យើង»។
3យូណើសក៏ក្រោកឡើង គេចខ្លួនទៅក្រុងតើស៊ីស ឆ្ងាយពីអុលឡោះតាអាឡា។ គាត់ទៅដល់ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតើស៊ីស គាត់ក៏បង់ថ្លៃធ្វើដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗធ្វើដំណើរទៅក្រុងតើស៊ីស ឆ្ងាយពីអុលឡោះតាអាឡា។
4ប៉ុន្តែ អុលឡោះតាអាឡាបានបញ្ជាឲ្យខ្យល់បក់បោកយ៉ាងខ្លាំងមកលើសមុទ្រ បង្កើតជាព្យុះ បណ្ដាលឲ្យសំពៅស្ទើរតែនឹងបែកបាក់។ 5អ្នកសំពៅភ័យខ្លាចណាស់ ម្នាក់ៗបន់ព្រះរបស់ពួកគេរៀងៗខ្លួន ហើយគេបោះបរិក្ខារផ្សេងៗដែលមាននៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាល។ រីឯយូណើសវិញ គាត់ចុះទៅសម្រាន្ដលង់លក់នៅបាតសំពៅ។ 6ពេលនោះ នាយសំពៅមករកគាត់សួរថា៖ «ម្ដេចក៏អ្នកសម្រាន្ដលក់ដូច្នេះ? សូមក្រោកឡើង សូមអង្វរព្រះរបស់អ្នកទៅ ក្រែងលោទ្រង់អាណិតអាសូរជួយពួកយើងឲ្យរួចផុតពីសេចក្ដីវិនាស»។ 7ពួកអ្នកសំពៅនិយាយគ្នាថា៖ «មក៍! យើងនាំគ្នាចាប់ឆ្នោត ដើម្បីឲ្យដឹងថា តើនរណាជាអ្នកបង្កអន្តរាយដល់ពួកយើងដូច្នេះ?»។ ពួកគេក៏នាំគ្នាចាប់ឆ្នោត ហើយប៉ះចំលើយូណើស។
8ពួកគេសួរយូណើសថា៖ «អ្នកជាអ្នកបង្កអន្តរាយដល់ពួកយើង សូមប្រាប់យើងមើល៍ថា តើអ្នកធ្វើអ្វី? អ្នកមកពីណា? ស្រុកអ្នកនៅឯណា? អ្នកជាជនជាតិអ្វី?»។ 9យូណើសឆ្លើយទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់ដែលនៅសូរ៉កា ទ្រង់បានបង្កើតសមុទ្រ និងដីគោក»។ 10យូណើសក៏តំណាលរឿងរបស់គាត់ ឲ្យពួកគេស្ដាប់។ កាលពួកអ្នកសំពៅជ្រាបថា គាត់បានរត់គេចឲ្យឆ្ងាយពីអុលឡោះតាអាឡាដូច្នេះ គេភ័យខ្លាចជាខ្លាំង ហើយសួរគាត់ថា៖ «ម្ដេចក៏អ្នកធ្វើដូច្នេះ? 11តើយើងត្រូវធ្វើយ៉ាងណាចំពោះអ្នក ដើម្បីឲ្យសមុទ្របានស្ងប់ឡើងវិញ?»។ 12យូណើសឆ្លើយថា៖ «សូមលើកខ្ញុំបោះទៅក្នុងសមុទ្រទៅ ទើបសមុទ្រស្ងប់ ដ្បិតខ្ញុំដឹងថា ព្រោះតែខ្ញុំហ្នឹងហើយបានជាមានខ្យល់ព្យុះដ៏ខ្លាំងយ៉ាងនេះ»។
13ពួកអ្នកសំពៅនាំគ្នាខំប្រឹងចែវតម្រង់ទៅរកច្រាំង តែទៅមិនរួចសោះ ព្រោះខ្យល់ព្យុះបក់បោកមកកាន់តែខ្លាំងឡើងៗ។ 14ពេលនោះ ពួកគេនាំគ្នាអង្វរអុលឡោះតាអាឡាថា៖ «ឱអុលឡោះតាអាឡាអើយ យើងខ្ញុំមិនចង់ស្លាប់ រួមជាមួយបុរសនេះទេ! សូមទ្រង់កុំប្រកាន់ទោសយើងខ្ញុំ ចំពោះការប្រហារជីវិតអ្នកដែលមិនបានធ្វើអ្វីខុសនឹងយើងខ្ញុំនេះឡើយ។ អុលឡោះតាអាឡាអើយ ទ្រង់សម្រេចដូច្នេះ ស្របតាមបំណងរបស់ទ្រង់!»។ 15បន្ទាប់មក ពួកគេលើកយូណើសបោះទៅក្នុងសមុទ្រ សមុទ្រក៏ស្ងប់ឈឹងភ្លាម។ 16អ្នកទាំងនោះកោតស្ញប់ស្ញែងអុលឡោះតាអាឡាយ៉ាងខ្លាំង ពួកគេនាំគ្នាធ្វើគូរបានជូនអុលឡោះតាអាឡា ព្រមទាំងបន់ស្រន់ទៀតផង។
Currently Selected:
ណាពីយូណើស 1: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.