YouVersion Logo
Search Icon

ណាពី​យូណើស 1

1
អុលឡោះ​ចាត់​ណាពី​យូណើស​ទៅ​ក្រុង​នីនីវេ
1ថ្ងៃ​មួយ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យូណើស ជា​កូន​របស់​លោក​អមី‌ថាយ​ថា៖ 2«ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ​មហា​នគរ ជា​បន្ទាន់ ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នោះ​ថា អំពើ​អាក្រក់​របស់​ពួក​គេ​ល្បី​រន្ទឺ​រហូត​មក​ដល់​យើង»។
3យូណើស​ក៏​ក្រោក​ឡើង គេច​ខ្លួន​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពីអុលឡោះ‌តាអាឡា។ គាត់​ទៅ​ដល់​ក្រុង​យ៉ុប‌ប៉េ ហើយ​រក​ឃើញ​សំពៅ​មួយ​ដែល​ហៀប​នឹង​ចេញ​ដំណើរ​ទៅ​ក្រុង​តើស៊ីស គាត់​ក៏​បង់​ថ្លៃ​ធ្វើ​ដំណើរ រួច​ចុះ​សំពៅ​ទៅ​ជា​មួយ​អ្នក​ឯ​ទៀតៗ​ធ្វើ​ដំណើរ​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពីអុលឡោះ‌តាអាឡា
4ប៉ុន្តែ អុលឡោះ‌តាអាឡា​បាន​បញ្ជា​ឲ្យ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​សមុទ្រ បង្កើត​ជា​ព្យុះ បណ្ដាល​ឲ្យ​សំពៅ​ស្ទើរ​តែ​នឹង​បែក​បាក់។ 5អ្នក​សំពៅ​ភ័យ​ខ្លាច​ណាស់ ម្នាក់ៗ​បន់​ព្រះ​របស់​ពួក​គេ​រៀងៗ​ខ្លួន ហើយ​គេ​បោះ​បរិក្ខារ​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​សំពៅ​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​សំពៅ​ស្រាល។ រីឯ​យូណើស​វិញ គាត់​ចុះ​ទៅ​សម្រាន្ដ​លង់‌លក់​នៅ​បាត​សំពៅ។ 6ពេល​នោះ នាយ​សំពៅ​មក​រក​គាត់​សួរ​ថា៖ «ម្ដេច​ក៏​អ្នក​សម្រាន្ដ​លក់​ដូច្នេះ? សូម​ក្រោក​ឡើង សូម‌អង្វរ​ព្រះ​របស់​អ្នក​ទៅ ក្រែង​លោ​ទ្រង់​អាណិត‌អាសូរ​ជួយ​ពួក​យើង​ឲ្យ​រួច​ផុត​ពី​សេចក្ដី​វិនាស»។ 7ពួក​អ្នក​សំពៅ​និយាយ​គ្នា​ថា៖ «មក៍! យើង​នាំ​គ្នា​ចាប់​ឆ្នោត ដើម្បី​ឲ្យ​ដឹង​ថា តើ​នរណា​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង​ដូច្នេះ?»។ ពួក​គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ប៉ះ​ចំ​លើ​យូណើស។
8ពួក​គេ​សួរ​យូណើស​ថា៖ «អ្នក​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង សូម​ប្រាប់​យើង​មើល៍​ថា តើ​អ្នក​ធ្វើ​អ្វី? អ្នក​មក​ពី​ណា? ស្រុក​អ្នក​នៅ​ឯ​ណា? អ្នក​ជា​ជន‌ជាតិ​អ្វី?»។ 9យូណើស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ជា​ជន‌ជាតិ​ហេប្រឺ ខ្ញុំ​គោរព​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដែល​នៅ​សូរ៉កា ទ្រង់​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។ 10យូណើស​ក៏​តំណាល​រឿង​របស់​គាត់ ឲ្យ​ពួក​គេ​ស្ដាប់។ កាល​ពួក​អ្នក​សំពៅ​ជ្រាប​ថា គាត់​បាន​រត់​គេច​ឲ្យ​ឆ្ងាយ​ពីអុលឡោះ‌តាអាឡា​ដូច្នេះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​សួរ​គាត់​ថា៖ «ម្ដេច​ក៏​អ្នក​ធ្វើ​ដូច្នេះ? 11តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​អ្នក ដើម្បី​ឲ្យ​សមុទ្រ​បាន​ស្ងប់​ឡើង​វិញ?»។ 12យូណើស​ឆ្លើយ​ថា៖ «សូម​លើក​ខ្ញុំ​បោះ​ទៅ​ក្នុង​សមុទ្រ​ទៅ ទើប​សមុទ្រ​ស្ងប់ ដ្បិត​ខ្ញុំ​ដឹង​ថា ព្រោះ​តែ​ខ្ញុំ​ហ្នឹង​ហើយ​បាន​ជា​មាន​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​យ៉ាង​នេះ»។
13ពួក​អ្នក​សំពៅ​នាំ​គ្នា​ខំ​ប្រឹង​ចែវ​តម្រង់​ទៅ​រក​ច្រាំង តែ​ទៅ​មិន​រួច​សោះ ព្រោះ​ខ្យល់​ព្យុះ​បក់​បោក​មក​កាន់​តែ​ខ្លាំង​ឡើងៗ។ 14ពេល​នោះ ពួក​គេ​នាំ​គ្នា​អង្វរអុលឡោះ‌តាអាឡា​ថា៖ «ឱអុលឡោះ‌តាអាឡា​អើយ យើង​ខ្ញុំ​មិន​ចង់​ស្លាប់ រួម​ជា​មួយ​បុរស​នេះ​ទេ! សូម​ទ្រង់​កុំ​ប្រកាន់​ទោស​យើង​ខ្ញុំ ចំពោះ​ការ​ប្រហារ​ជីវិត​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​យើង​ខ្ញុំ​នេះ​ឡើយ។ អុលឡោះ‌តាអាឡា​អើយ ទ្រង់​សម្រេច​ដូច្នេះ ស្រប​តាម​បំណង​របស់​ទ្រង់!»។ 15បន្ទាប់​មក ពួក​គេ​លើក​យូណើស​បោះ​ទៅ​ក្នុង​សមុទ្រ សមុទ្រ​ក៏​ស្ងប់‌ឈឹង​ភ្លាម។ 16អ្នក​ទាំង​នោះ​កោត​ស្ញប់‌ស្ញែងអុលឡោះ‌តាអាឡា​យ៉ាង​ខ្លាំង ពួក​គេ​នាំ​គ្នា​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ព្រម​ទាំង​បន់‌ស្រន់​ទៀត​ផង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in