YouVersion Logo
Search Icon

ណាពី​យូណើស 2

2
ណាពី​យូណើស​នៅ​ក្នុង​ពោះ​ត្រី
1ពេល​នោះ អុលឡោះ‌តាអាឡា​ចាត់​ត្រី​មួយ​យ៉ាង​ធំ​ឲ្យ​មក​លេប​យូណើស គាត់​ក៏​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​នោះ អស់​រយៈ​ពេល​បី​ថ្ងៃ​បី​យប់។ 2នៅ​ក្នុង​ពោះ​ត្រី គាត់​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់។ 3គាត់​ពោល​ថា៖
«ពេល​ខ្ញុំ​មាន​អាសន្ន
ខ្ញុំ​ទូរអា​រកអុលឡោះ‌តាអាឡា
ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។
នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់
ខ្ញុំ​ស្រែក​ហៅ​ទ្រង់​ជួយ
ទ្រង់​ស្តាប់​ពាក្យ​របស់​ខ្ញុំ។
4ទ្រង់​បោះ​ខ្ញុំ​មក​ក្នុង​បាត​សមុទ្រ
ដ៏​សែន​ជ្រៅ
ទឹក​មក​រួប‌រឹត​ជុំ‌វិញ​ខ្លួន​ប្រាណ​ខ្ញុំ។
ទ្រង់​ក៏​បញ្ជា​ឲ្យ​ទឹក​រលក​ហូរ​បក់​បោក
មក​លើ​ខ្ញុំ​ដែរ។
5ខ្ញុំ​គិត​ថា ទ្រង់​បាន​ដេញ​ខ្ញុំ​ចេញ
ឆ្ងាយ​ពី​ទ្រង់​ហើយ
ប៉ុន្តែ ខ្ញុំ​នៅ​តែ​សម្លឹង​ឆ្ពោះ​ទៅ​រក
ម៉ាស្ជិទ​ដ៏‌វិសុទ្ធ​របស់​ទ្រង់​ត​ទៅ​ទៀត។
6ទឹក​សមុទ្រ​បាន​ឡើង​ដល់​ច្រមុះ​ខ្ញុំ
សេចក្ដី​អន្តរាយ​មក​រួប‌រឹត​ខ្ញុំ
មាន​សារាយ​មក​រុំ​ព័ទ្ធ​ក្បាល​ខ្ញុំ​ដែរ។
7អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ
ខ្ញុំ​បាន​ចុះ​ទៅ​ដល់​គ្រឹះ​នៃ​ភ្នំ​ទាំង‌ឡាយ
ខ្ញុំ​ជាប់​ឃុំ​ក្នុង​ផ្នូរ​រហូត
តែ​ទ្រង់​បាន​លើក​ខ្ញុំ​ឡើង​ពី​រណ្ដៅ
ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត។
8ពេល​ខ្ញុំ​ស្រយុត​ចិត្ត​យ៉ាង​ខ្លាំង​នោះ
ខ្ញុំ​នឹក​ដល់អុលឡោះ‌តាអាឡា
ហើយ​ពាក្យ​ទូរអា​របស់​ខ្ញុំ
ក៏​បាន​ឮ​ទៅ​ដល់​ទ្រង់
ឮ​ដល់​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ​របស់​ទ្រង់។
9សូម​អស់​អ្នក​ដែល​វង្វេង​ទៅ​តាម​ព្រះ​ក្លែង‌ក្លាយ
លែង​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ទៅ!
10រីឯ​ខ្ញុំ​វិញ
ខ្ញុំ​នឹង​យក​គូរបាន
មក​ជូន​ទ្រង់
ទាំង​ច្រៀង​អរគុណ​ទ្រង់​ផង។
ខ្ញុំ​នឹង​ជូន​ជំនូន
ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​បាន​ទូរអា
ដ្បិត​មាន​តែអុលឡោះ‌តាអាឡា​ទេ
ដែល​សង្គ្រោះ​ខ្ញុំ»។
11ពេល​នោះ អុលឡោះ‌តាអាឡា​បញ្ជា​ឲ្យ​ត្រី​ខ្ជាក់​យូណើស​ចេញ​ទៅ​លើ​គោក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in