YouVersion Logo
Search Icon

ណាពី​យូណើស 3

3
អុលឡោះ​លើក‌លែង​ទោស​ឲ្យ​អ្នក​ក្រុង​នីនីវេ
1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យូណើស​ម្ដង​ទៀត​ថា៖ 2«ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ​មហា​នគរ​ជា​បន្ទាន់ ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នោះ​ឲ្យ​ដឹង​អំពី​សេចក្ដី ដែល​យើង​នឹង​ប្រាប់​អ្នក!»។
3លើក​នេះ យូណើស​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គឺ​គាត់​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​នីនីវេ។ ក្រុង​នីនីវេ​ជា​ក្រុង​មួយ​ដ៏​ធំ​សំបើម​អស្ចារ្យ ត្រូវ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ទើប​ដើរ​កាត់​ក្រុង​នេះ​បាន។ 4យូណើស​ដើរ​កាត់​ទីក្រុង​អស់​មួយ​ថ្ងៃ ទាំង​ប្រកាស​ថា៖ «សែ‌សិប​ថ្ងៃ​ទៀត អុលឡោះ‌តាអាឡា​នឹង​បំផ្លាញ​ក្រុង​នេះ​ហើយ!»។ 5ពេល​នោះ អ្នក​ក្រុង​នីនីវេ​នាំ​គ្នា​ជឿ​លើ​អុលឡោះ។ ពួក​គេ​ប្រកាស​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា ចាប់​ពី​នាម៉ឺន​មន្ត្រី​រហូត​ដល់​ប្រជា‌ជន​តូច‌តាច តម​អាហារ និង​ស្លៀក​ពាក់​កាន់​ទុក្ខ។
6ស្តេច​នៅ​ក្រុង​នីនីវេ​ជ្រាប​ដំណឹង​នេះ ស្ដេច​ក៏​ចុះ​ពី​រាជ​បល្ល័ង្ក ដោះ​អាវ​វែង​ចេញ ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ ព្រម​ទាំង​នៅ​លើ​ផេះ​ទៀត​ផង។ 7ស្តេច​ចេញ​បញ្ជា​ឲ្យ​ប្រកាស​ប្រាប់​ប្រជា‌រាស្ត្រ​ក្នុង​ក្រុង​នីនីវេ​ថា៖ «យោង​តាម​រាជ‌ក្រឹត្យ​របស់​ស្តេច និង​អស់​លោក​សព្វ​មុខ​មន្ត្រី សូម​ហាម​មនុស្ស​ទាំង‌ឡាយ​មិន​ឲ្យ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ រីឯ​សត្វ​តូច​ធំ​ក៏​ដូច្នោះ​ដែរ។ 8ទាំង​មនុស្ស ទាំង​សត្វ ត្រូវ​តែ​កាន់​ទុក្ខ។ ចូរ​ទូរអា​រក​អុលឡោះ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ម្នាក់ៗ​ត្រូវ​តែ​បោះ‌បង់​ចោល​កិរិយា‌មារយាទ​អាក្រក់ និង​អំពើ​ឃោរ‌ឃៅ ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត 9ក្រែង​លោ​អុលឡោះ​ប្រែ​ចិត្ត​លែង​ខឹង​ទាស់​នឹង​យើង។ ដូច្នេះ យើង​នឹង​មិន​ត្រូវ​វិនាស​អន្តរាយ​ឡើយ»។
10អុលឡោះ​ឃើញ​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត គឺ​គេ​ប្រែ​ចិត្ត​គំនិត លះ‌បង់​កិរិយា‌មារយាទ​អាក្រក់​របស់​ខ្លួន​ចោល ទ្រង់​ក៏​ប្រែ​ចិត្ត​មិន​ដាក់​ទោស​ពួក​គេ ដូច​ទ្រង់​បាន​សម្រេច​កាល​ពី​មុន​នោះ​ទេ ទ្រង់​មិន​បំផ្លាញ​ពួក​គេ​ចោល​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in