ណាពីហូសេ 2
2
1ចូរហៅបងប្អូនប្រុសរបស់អ្នករាល់គ្នាថា “ប្រជារាស្ដ្ររបស់យើង”
ចូរហៅបងប្អូនស្រីរបស់អ្នករាល់គ្នាថា
“នាងដែលយើងស្រឡាញ់”។
ជនជាតិអ៊ីស្រអែលប្រៀបបាននឹងភរិយាក្បត់ចិត្ត
2ចូរចោទប្រកាន់ម្ដាយរបស់អ្នករាល់គ្នាទៅ
ដ្បិតនាងមិនមែនជាភរិយារបស់យើងទៀតទេ
ហើយយើងក៏មិនមែនជាប្ដីរបស់នាងទៀតដែរ!
ចូរឲ្យនាងដកសញ្ញាសំគាល់ស្រីពេស្យា
ចេញពីមុខរបស់ខ្លួន
ចូរឲ្យនាងដកសញ្ញាសំគាល់ស្រីក្បត់ប្ដី
ចេញពីដើមទ្រូងរបស់ខ្លួនទៅ!
3បើមិនដូច្នោះទេ
យើងនឹងយកសម្លៀកបំពាក់ចេញពីនាង
ទុកឲ្យខ្លួននៅទទេ
ដូចថ្ងៃដែលនាងទើបនឹងកើត
យើងធ្វើឲ្យនាងប្រៀបបាននឹង
វាលរហោស្ថាន។
យើងធ្វើឲ្យនាងក្លាយដូចជាដីហួតហែង
យើងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។
4យើងនឹងមិនអាណិតអាសូរកូនរបស់នាងទេ
ព្រោះកូនទាំងនេះសុទ្ធតែជាកូនដែលកើតពី
អំពើពេស្យាចារ។
5ម្ដាយរបស់ពួកគេជាស្រីពេស្យា
ស្រីដែលពរផ្ទៃពួកគេ
បានប្រព្រឹត្តអំពើដ៏អាម៉ាស់
នាងពោលថា ខ្ញុំនឹងរត់តាមគូស្នេហ៍របស់ខ្ញុំ
ព្រោះអ្នកទាំងនោះឲ្យខ្ញុំមានបាយទឹក
រោមចៀម និងក្រណាត់ទេសឯក
សម្រាប់បិទបាំងកាយ
ព្រមទាំងប្រេង និងស្រាផង។
6ហេតុនេះហើយបានជាយើងយកបន្លា
មកស្រះផ្លូវរបស់នាង
យើងដាក់របងឃាំងនាង
ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។
7នាងខំរត់តាមគូស្នេហ៍របស់នាង
តែតាមពួកគេមិនទាន់ទេ
នាងខំដើររកពួកគេ តែរកមិនឃើញឡើយ។
នាងក៏ពោលថា:
បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញ
ដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។
8នាងពុំបានយល់ថា គឺយើងឯណេះទេ
ដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាង
យើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរ
តែនាង បែរជាយករបស់ទាំងនោះសែន
ព្រះបាលទៅវិញ។
9ហេតុនេះបានជាយើងនឹងវិលមកយក
ស្រូវរបស់យើងវិញ នៅរដូវចម្រូត
យើងនឹងយកស្រាថ្មីរបស់យើងវិញ
នៅរដូវបេះផ្លែទំពាំងបាយជូរ
យើងក៏នឹងយករោមចៀម
និងក្រណាត់ទេសឯក
សម្រាប់បិទបាំងកាយនាងទៅវិញដែរ។
10ឥឡូវនេះ យើងបើកកេរខ្មាសនាង
នៅចំពោះមុខគូស្នេហ៍របស់នាង
គ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។
11យើងធ្វើឲ្យនាងបាត់បង់
ការសប្បាយទាំងប៉ុន្មាន
ហើយពិធីបុណ្យនានា បុណ្យចូលខែថ្មី
បុណ្យថ្ងៃសម្រាក និងបុណ្យដ៏សំខាន់ទាំងប៉ុន្មាន
ក៏លែងមានទៀតដែរ។
12យើងនឹងបំផ្លាញចម្ការទំពាំងបាយជូរ
និងចម្ការឧទុម្ពររបស់នាង
ព្រោះនាងពោលថា ចម្ការទាំងនោះ
ជាកំរៃដែលគូស្នេហ៍បានប្រគល់ឲ្យ។
យើងធ្វើឲ្យចម្ការទាំងនោះក្លាយទៅជាព្រៃ
ហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។
13យើងដាក់ទោសនាង តាមចំនួនថ្ងៃ
ដែលនាងបានដុតគ្រឿងក្រអូបសែន
ព្រះបាលទាំងឡាយ
នាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែក
រត់តាមគូស្នេហ៍របស់នាង។
រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
14ហេតុនេះយើងនឹងទាក់ទាញចិត្តនាង
ដោយនាំនាងទៅវាលរហោស្ថាន
យើងនឹងនិយាយលួងលោមចិត្តនាង។
15ពេលនោះ យើងនឹងប្រគល់ចម្ការ
ទំពាំងបាយជូរឲ្យនាងវិញ។
ជ្រលងភ្នំអាកោរនឹងក្លាយទៅជាទ្វារនាំនាងទៅរក
សេចក្ដីសង្ឃឹម។
នៅទីនោះ នាងនឹងឆ្លើយតបមកយើង
ដូចគ្រានាងនៅពីក្មេង
គឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។
16នៅថ្ងៃនោះ នាងនឹងហៅយើងថា “ស្វាមី”
គឺនាងលែងហៅយើងថា
“អុលឡោះជាចៅហ្វាយរបស់នាងខ្ញុំ!”ទៀតហើយ
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
17យើងនឹងឲ្យនាងលែងបញ្ចេញ
ឈ្មោះព្រះបាលទាំងនោះទៀត
គឺគេលែងរំលឹកឈ្មោះទាំងនេះទៀតហើយ។
18នៅថ្ងៃនោះ យើងនឹងចងសម្ពន្ធមេត្រី
ជាមួយសត្វព្រៃ បក្សាបក្សី និងសត្វលូនវារ
ដើម្បីជាប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើង
យើងនឹងកាច់បំបាក់ធ្នូ និងដាវ
មិនឲ្យមានសង្គ្រាមក្នុងស្រុកទៀតទេ
គឺយើងនឹងឲ្យពួកគេដេកយ៉ាងសុខស្រួល។
19យើងនឹងដណ្ដឹងនាងធ្វើជាភរិយា
ជាដរាបតរៀងទៅ
យើងនឹងដណ្ដឹងនាងធ្វើជាភរិយា
ដោយសុចរិត និងយុត្តិធម៌
ដោយភក្ដីភាព និងអាណិតអាសូរ។
20យើងនឹងដណ្ដឹងនាងធ្វើជាភរិយា
ដោយចិត្តស្មោះស្ម័គ្រ
ហើយនាងនឹងទទួលស្គាល់អុលឡោះតាអាឡា។
21នៅថ្ងៃនោះ យើងនឹងឆ្លើយតប
ពាក្យអង្វររបស់ពួកគេ
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងនឹងធ្វើឲ្យមេឃបង្អុរភ្លៀង
យើងនឹងធ្វើឲ្យដីបង្កើតផល
តាមសេចក្ដីត្រូវការ។
22ផែនដីនឹងធ្វើឲ្យមានស្រូវ
ព្រមទាំងស្រាទំពាំងបាយជូរថ្មី និងប្រេង
តាមសេចក្ដីត្រូវការរបស់វាលយេសរាល។
23យើងនឹងព្រោះពូជទុកសម្រាប់យើងនៅក្នុងស្រុក។
យើងនឹងស្រឡាញ់ឡូរូហាម៉ា
យើងនឹងហៅឡូអាំមីថា
“ប្រជារាស្ដ្ររបស់យើង”
ហើយគេនឹងពោលមកយើងថា
“អុលឡោះជាម្ចាស់នៃខ្ញុំ!”។
Currently Selected:
ណាពីហូសេ 2: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.