ណាពីហូសេ 1
1
1នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់ហូសេជាកូនរបស់លោកបេរី នៅរជ្ជកាលស្តេចអូសៀស ស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគាជាស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលស្តេចយេរ៉ូបោម បុត្ររបស់ស្តេចយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រអែល។
អាពាហ៍ពិពាហ៍របស់ណាពីហូសេ
2បន្ទូលដែលអុលឡោះតាអាឡាបានថ្លែង តាមរយៈហូសេ ចាប់ផ្តើមដូចតទៅ:
អុលឡោះតាអាឡាមានបន្ទូលមកកាន់ហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់មកធ្វើជាភរិយា ហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជាជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យាចារ ដោយបែកចិត្តចេញពីអុលឡោះតាអាឡា!»។
3ហូសេក៏ទៅយកនាងកូមើរ ជាកូនរបស់លោកឌីប្លែម មកធ្វើជាភរិយា នាងមានផ្ទៃពោះបង្កើតបានកូនប្រុសមួយជូនគាត់។ 4អុលឡោះតាអាឡាមានបន្ទូលមកកាន់ហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “យេសរាល” ដ្បិតបន្តិចទៀត យើងនឹងវិនិច្ឆ័យទោសរាជវង្សរបស់ស្តេចយេហ៊ូវ ព្រោះតែស្តេចនេះបានបង្ហូរឈាមគេនៅយេសរាល។ យើងនឹងលែងឲ្យមានស្តេចសោយរាជ្យលើពូជពង្សអ៊ីស្រអែល។ 5ថ្ងៃនោះ យើងនឹងបំបែកកម្លាំងទ័ពអ៊ីស្រអែលនៅវាលយេសរាល»។
6នាងកូមើរមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនស្រីមួយ។ អុលឡោះតាអាឡាមានបន្ទូលមកកាន់ហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូរូហាម៉ា” ដ្បិតយើងនឹងលែងអាណិតអាសូរកូនចៅអ៊ីស្រអែល ហើយក៏លែងអត់ទោសឲ្យពួកគេរហូតដែរ។ 7ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចំបាំង ឬដោយកងពលសេះឡើយ»។
8ក្រោយពីបានផ្ដាច់ដោះឡូរូហាម៉ារួចហើយ នាងមានផ្ទៃពោះសាជាថ្មី បង្កើតបានកូនប្រុសមួយទៀត។ 9អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូអាំមី” ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់យើងទេ ហើយយើងក៏មិនមែនជាម្ចាស់របស់អ្នករាល់គ្នាដែរ»។
ថ្ងៃដែលអ៊ីស្រអែលបានរុងរឿងឡើងវិញ
10ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រអែល
នឹងកើនចំនួនច្រើនឡើង
ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ
គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។
នៅទីណាអុលឡោះមានបន្ទូលថា:
“អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង”
នៅទីនោះនឹងមានគេពោលថា:
“អ្នករាល់គ្នាជាកូនរបស់
អុលឡោះដ៏នៅអស់កល្ប”។
11ពេលនោះ កូនចៅយូដា
និងកូនចៅអ៊ីស្រអែល រួបរួមគ្នាវិញ
ពួកគេជ្រើសរើសយកមេដឹកនាំតែមួយ
ពួកគេនឹងធ្វើជាម្ចាស់ស្រុករបស់ខ្លួនវិញ។
“ទិវាយេសរាល”
ពិតជាព្រឹត្តិការណ៍មួយដ៏សំខាន់!
Currently Selected:
ណាពីហូសេ 1: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.