YouVersion Logo
Search Icon

ណាពី​ហូសេ 1

1
1នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​ហូសេ​ជា​កូន​របស់​លោក​បេរី នៅ​រជ្ជកាល​ស្តេច​អូសៀស ស្តេច​យ៉ូថាម ស្តេច​អេហាស និង​ស្តេច​ហេ‌សេគា​ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម បុត្រ​របស់​ស្តេច​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល។
អាពាហ៍‌ពិពាហ៍​របស់​ណាពី​ហូសេ
2បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង តាម​រយៈ​ហូសេ ចាប់​ផ្តើម​ដូច​ត​ទៅ:
អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ហូសេ​ថា៖ «ចូរ​យក​ស្រី​ពេស្យា​ម្នាក់​មក​ធ្វើ​ជា​ភរិយា ហើយ​បង្កើត​កូន​ពី​ស្រី​ពេស្យា​នោះ ដ្បិត​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បែក​ចិត្ត​ចេញ​ពីអុលឡោះ‌តាអាឡា!»។
3ហូសេ​ក៏​ទៅ​យក​នាង​កូមើរ ជា​កូន​របស់​លោក​ឌីប្លែម មក​ធ្វើ​ជា​ភរិយា នាង​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​គាត់។ 4អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “យេស‌រាល” ដ្បិត​បន្តិច​ទៀត យើង​នឹង​វិនិច្ឆ័យ​ទោស​រាជ‌វង្ស​របស់​ស្តេច​យេហ៊ូវ ព្រោះ​តែ​ស្តេច​នេះ​បាន​បង្ហូរ​ឈាម​គេ​នៅ​យេស‌រាល។ យើង​នឹង​លែង​ឲ្យ​មាន​ស្តេច​សោយ​រាជ្យ​លើ​ពូជ‌ពង្ស​អ៊ីស្រ‌អែល។ 5ថ្ងៃ​នោះ យើង​នឹង​បំបែក​កម្លាំង​ទ័ព​អ៊ីស្រ‌អែល​នៅ​វាល​យេស‌រាល»។
6នាង​កូមើរ​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​បង្កើត​បាន​កូន​ស្រី​មួយ។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “ឡូរូ‌ហាម៉ា” ដ្បិត​យើង​នឹង​លែង​អាណិត‌អាសូរ​កូន​ចៅ​អ៊ីស្រ‌អែល ហើយ​ក៏​លែង​អត់‌ទោស​ឲ្យ​ពួក​គេ​រហូត​ដែរ។ 7ប៉ុន្តែ យើង​អាណិត​អាសូរ​កូន​ចៅ​យូដា។ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ យើង​នឹង​សង្គ្រោះ​ពួក​គេ​ដោយ​ដៃ​យើង​ផ្ទាល់ គឺ​មិន​មែន​ដោយ​ប្រើ​ធ្នូ ដាវ សង្គ្រាម សេះ​ចំបាំង ឬ​ដោយ​កង‌ពល​សេះ​ឡើយ»។
8ក្រោយ​ពី​បាន​ផ្ដាច់​ដោះ​ឡូរូ‌ហាម៉ា​រួច​ហើយ នាង​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត។ 9អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “ឡូអាំ‌មី” ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ដែរ»។
ថ្ងៃ​ដែល​អ៊ីស្រ‌អែល​បាន​រុង‌រឿង​ឡើង​វិញ
10ប៉ុន្តែ ថ្ងៃ​មួយ កូន​ចៅ​អ៊ីស្រ‌អែល
នឹង​កើន​ចំនួន​ច្រើន​ឡើង
ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ
គ្មាន​នរណា​អាច​រាប់ ឬ​កំណត់​ចំនួន​បាន​ឡើយ។
នៅ​ទី​ណា​អុលឡោះ​មាន​បន្ទូល​ថា:
“អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌ជន​របស់​យើង”
នៅ​ទី​នោះ​នឹង​មាន​គេ​ពោល​ថា:
“អ្នក​រាល់​គ្នា​ជា​កូន​របស់
អុលឡោះ​ដ៏​នៅ​អស់‌កល្ប”។
11ពេល​នោះ កូន​ចៅ​យូដា
និង​កូន​ចៅ​អ៊ីស្រ‌អែល រួប‌រួម​គ្នា​វិញ
ពួក​គេ​ជ្រើស​រើស​យក​មេ​ដឹក​នាំ​តែ​មួយ
ពួក​គេ​នឹង​ធ្វើ​ជា​ម្ចាស់​ស្រុក​របស់​ខ្លួន​វិញ។
“ទិវា‌យេស‌រាល”
ពិត​ជា​ព្រឹត្តិ‌ការណ៍​មួយ​ដ៏​សំខាន់!

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in