ណាពីអេសេគាល 10
10
ណាពីអេសេគាលនិមិត្តឃើញសិរីរុងរឿងអុលឡោះសាជាថ្មី
1ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកម៉ាឡាអ៊ីកាត់មានស្លាប។ ក្នុងលំហអាកាសនោះ មានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។ 2អុលឡោះតាអាឡាមានបន្ទូលទៅកាន់បុរសដែលពាក់អាវទេសឯកសុទ្ធនោះថា៖ «ចូរចូលទៅខាងក្នុងកង់ ដែលស្ថិតនៅពីក្រោមពួកម៉ាឡាអ៊ីកាត់មានស្លាប ហើយយករងើកភ្លើង ដែលកំពុងតែឆេះនៅចន្លោះពួកម៉ាឡាអ៊ីកាត់មានស្លាបពេញមួយក្បង់ដៃ រួចជះទៅលើទីក្រុងទៅ!»។
ខ្ញុំក៏ឃើញបុរសនោះចូលទៅ។ 3ពេលគាត់ទៅដល់ ពួកម៉ាឡាអ៊ីកាត់មានស្លាបស្ថិតនៅខាងស្តាំដំណាក់របស់អុលឡោះ ហើយមានពពកពាសពេញទីលានខាងក្នុង។ 4សិរីរុងរឿងរបស់អុលឡោះតាអាឡាអណ្ដែតឡើងពីលើពួកម៉ាឡាអ៊ីកាត់មានស្លាប ឆ្ពោះកាន់មាត់ទ្វារដំណាក់របស់អុលឡោះ។ មានពពកនៅពេញហើយទីលានក៏ពេញទៅដោយរស្មីនៃសិរីរុងរឿងរបស់អុលឡោះតាអាឡា។ 5សន្ធឹកស្លាបរបស់ពួកម៉ាឡាអ៊ីកាត់មានស្លាប លាន់ឮរហូតទៅដល់ទីលានខាងក្រៅ មានសូរស័ព្ទដូចសំឡេងរបស់អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។ 6អុលឡោះតាអាឡាបង្គាប់ទៅបុរសដែលពាក់អាវទេសឯកសុទ្ធដូចតទៅ៖ «ចូរយកភ្លើងពីក្នុងកង់ នៅចន្លោះពួកម៉ាឡាអ៊ីកាត់មានស្លាបមក!»។ បុរសនោះក៏ទៅឈរក្បែរកង់។ 7ពេលនោះ ម៉ាឡាអ៊ីកាត់មានស្លាបមួយលូកដៃទៅកាន់ភ្លើង ដែលកំពុងឆេះនៅចន្លោះពួកម៉ាឡាអ៊ីកាត់មានស្លាប ហើយយកភ្លើងហុចទៅឲ្យបុរសនោះ។ គាត់ក៏ទទួលយក រួចចេញទៅ។ 8នៅក្រោមស្លាបរបស់ពួកម៉ាឡាអ៊ីកាត់មានស្លាប មានហាក់ដូចជាដៃរបស់មនុស្សលេចចេញមក។
9ខ្ញុំក្រឡេកមើលទៅ ឃើញមានកង់បួននៅក្បែរពួកម៉ាឡាអ៊ីកាត់មានស្លាប គឺនៅក្បែរម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានកង់មួយ។ កង់ទាំងនោះភ្លឺចាំងដូចត្បូងពេជ្រ។ 10កង់ទាំងបួនមានទ្រង់ទ្រាយ និងមានសណ្ឋានដូចៗគ្នាទាំងអស់ គឺភ្លឺចាំងដូចត្បូងពេជ្រ។ ដោយកង់ទាំងនោះមានទ្រង់ទ្រាយ និងមានរាងដូចៗគ្នា មើលទៅហាក់ដូចជាកង់មួយស្ថិតនៅក្នុងកង់មួយទៀត។ 11ពេលកង់ទាំងនោះវិលទៅមុខ វាអាចវិលទៅទិសទាំងបួន ដោយឥតងាករេ គឺវាវិលទៅមុខ តាមទិសដែលមុខរបស់ម៉ាឡាអ៊ីកាត់មានស្លាបបែរទៅគេ ដោយឥតងាករេឡើយ។ 12រូបកាយរបស់ម៉ាឡាអ៊ីកាត់មានស្លាបទាំងមូល គឺខ្នង ដៃ ស្លាប មានភ្នែកពាសពេញ ហើយតាមរង្វង់កង់របស់ម៉ាឡាអ៊ីកាត់មានស្លាបទាំងបួនក៏មានភ្នែកពាសពេញដែរ។ 13ខ្ញុំឮគេហៅកង់ទាំងនោះថា “ខ្យល់កួច”។ 14ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានមុខបួន។ មុខទីមួយដូចមុខម៉ាឡាអ៊ីកាត់មានស្លាប មុខទីពីរដូចមុខមនុស្ស មុខទីបីដូចមុខសិង្ហ មុខទីបួនដូចមុខឥន្ទ្រី។ 15ពួកម៉ាឡាអ៊ីកាត់មានស្លាបទាំងនោះក៏ហោះឡើង គឺសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ។ 16ពេលម៉ាឡាអ៊ីកាត់មានស្លាបទៅមុខ កង់ក៏វិលទៅមុខជាមួយ ពេលម៉ាឡាអ៊ីកាត់មានស្លាបទទះស្លាបហោះឡើងផុតពីដី កង់ក៏នៅជាប់ជាមួយដែរ។ 17ពេលម៉ាឡាអ៊ីកាត់មានស្លាបឈប់ កង់ក៏ឈប់ ពេលម៉ាឡាអ៊ីកាត់មានស្លាបឡើង កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វលោកទាំងនោះស្ថិតនៅក្នុងកង់។
18សិរីរុងរឿងរបស់អុលឡោះតាអាឡាអណ្ដែតឡើងពីមាត់ទ្វារដំណាក់ ទៅសណ្ឋិតលើពួកម៉ាឡាអ៊ីកាត់មានស្លាប។ 19ខ្ញុំឃើញម៉ាឡាអ៊ីកាត់មានស្លាបទាំងនោះទទះស្លាបហោះឡើង ហើយកង់ក៏ទៅជាមួយដែរ។ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលសណ្ឋិតនៅលើម៉ាឡាអ៊ីកាត់មានស្លាប ហើយឈប់នៅមាត់ទ្វារកំពែងខាងកើតនៃដំណាក់របស់អុលឡោះតាអាឡា។ 20ពេលនោះ ខ្ញុំដឹងថាសត្វលោកដែលខ្ញុំបានឃើញនៅក្រោមអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ក្បែរទន្លេកេបារ គឺម៉ាឡាអ៊ីកាត់មានស្លាបនេះឯង។ 21ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានមុខបួន មានស្លាបបួន ហើយនៅពីក្រោមស្លាប មានទ្រង់ទ្រាយដូចដៃមនុស្ស។ 22ម៉ាឡាអ៊ីកាត់មានស្លាបទាំងនោះមានមុខដូចសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ បេះបិទ។ ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗហើរទៅមុខយ៉ាងត្រង់។
Currently Selected:
ណាពីអេសេគាល 10: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.