YouVersion Logo
Search Icon

ណាពី​អេសេ‌គាល 11

11
អុលឡោះ​ដាក់​ទោស​មេ​ដឹក​នាំ​អ៊ីស្រ‌អែល
1រស​របស់​អុលឡោះ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​ទ្វារ​ខាង​កើត​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។ មាន​មនុស្ស​ម្ភៃ​ប្រាំ​នាក់​អង្គុយ​នៅ​មាត់​ទ្វារ​នោះ។ ខ្ញុំ​ឃើញ​មេ​ដឹក​នាំ​ពីរ​នាក់​របស់​ប្រជា‌ជន ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ គឺ​លោក​យ៉ាសា‌នា ជា​កូន​របស់​លោក​អស៊ើរ និង​លោក​ពេឡា‌ធា ជា​កូន​របស់​លោក​បេណា‌យ៉ា។ 2ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ពួក​នេះ​ជា​មនុស្ស​រៀបចំ​គម្រោង‌ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ផ្តល់​យោបល់​អាក្រក់​ដល់​ក្រុង​នេះ។ 3ពួក​គេ​ពោល​ថា “គ្មាន​នរណា​សង់​ផ្ទះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ទេ។ ក្រុង​នេះ​ប្រៀប​បាន​នឹង​ឆ្នាំង រីឯ​ពួក​យើង ពួក​យើង​ជា​សាច់​នៅ​ក្នុង​ឆ្នាំង”។ 4ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ថ្លែង​បន្ទូល​នៃ​អុលឡោះ ចូរ​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ​ទៅ!»។
5ពេល​នោះ រស​របស់អុលឡោះ‌តាអាឡា​មក​សណ្ឋិត​លើ​ខ្ញុំ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: ពូជ‌ពង្ស​អ៊ីស្រ‌អែល​អើយ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​គិត យើង​ដឹង​ទាំង​អស់។ 6អ្នក​រាល់​គ្នា​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មាន​សាក‌សព​ពាស‌ពេញ​ផ្លូវ។ 7ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា សាក‌សព​ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​នៅ​ក្នុង​ទីក្រុង ប្រៀប​បាន​នឹង​សាច់​មែន ហើយ​ទីក្រុង​ជា​ឆ្នាំង។ រីឯ​អ្នក​រាល់​គ្នា​វិញ យើង​នឹង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ក្រុង​នេះ។ 8អ្នក​រាល់​គ្នា​ខ្លាច​សង្គ្រាម តែ​យើង​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​មាន​ដល់​អ្នក​រាល់​គ្នា -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។ 9យើង​នឹង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ទីក្រុង យើង​នឹង​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ការ​វិនិច្ឆ័យ​របស់​យើង។ 10អ្នក​រាល់​គ្នា​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ។ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ក្នុង​ទឹក​ដី​អ៊ីស្រ‌អែល ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។ 11ក្រុង​នេះ​មិន​មែន​ជា​ឆ្នាំង​សម្រាប់​អ្នក​រាល់​គ្នា​ទេ អ្នក​រាល់​គ្នា​ក៏​មិន​មែន​ជា​សាច់​នៅ​ក្នុង​ក្រុង​នេះ​ដែរ។ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​នៅ​ក្នុង​ទឹក​ដី​អ៊ីស្រ‌អែល។ 12នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។ អ្នក​រាល់​គ្នា​ពុំ​បាន​ប្រព្រឹត្ត​តាម​ហ៊ូកុំ​របស់​យើង​ទេ ហើយ​អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ធ្វើ​តាម​វិន័យ​របស់​យើង​ដែរ តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ទម្លាប់​តាម​ប្រជា‌ជាតិ​នានា ដែល​នៅ​ជុំ‌វិញ»។
13ពេល​ខ្ញុំ​កំពុង​ថ្លែង​បន្ទូល​ទាំង​នេះ លោក​ពេឡា‌ធា ជា​កូន​របស់​លោក​បេណា‌យ៉ា ក៏​ស្លាប់​មួយ​រំពេច។ ខ្ញុំ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ស្រែក​យ៉ាង​ខ្លាំងៗ​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​មុខ​ជា​ប្រល័យ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​សេស‌សល់ ឲ្យ​វិនាស​សូន្យ​មិន​ខាន!»។
បន្ទូល​របស់​អុលឡោះ​សន្យា​ចំពោះ​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ
14 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖ 15«កូន​មនុស្ស​អើយ ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ពោល​ទៅ​កាន់​បង​ប្អូន និង​សាច់‌ញាតិ​របស់​អ្នក ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ថា “ចូរ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពីអុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​តែ​ពួក​យើង​ប៉ុណ្ណោះ”។ 16ចូរ​ប្រាប់​បង​ប្អូន​របស់​អ្នក​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ទោះ​បី​យើង​បណ្តេញ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ដែល​នៅ​ឆ្ងាយៗ ទោះ​បី​យើង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា​ទៅ​តាម​ស្រុក​ផ្សេងៗ​ក្តី ក៏​យើង​នឹង​ធ្វើ​ជា​ទី‌សក្ការៈ​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​ទាំង​នោះ​ដែរ”។ 17ចូរ​ប្រាប់​ពួក​គេ​ទៀត​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​កណ្ដាល​ចំណោម​ជាតិ​សាសន៍​នានា​មក​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ទាំង‌ឡាយ ដែល​អ្នក​រាល់​គ្នា​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​យើង​នឹង​ប្រគល់​ទឹក​ដី​អ៊ីស្រ‌អែល​ឲ្យ​អ្នក​រាល់​គ្នា”។ 18ពួក​គេ​នឹង​នាំ​គ្នា​ត្រឡប់​មក​វិញ ហើយ​ដក​ព្រះ​ក្លែង‌ក្លាយ​ដ៏​ចង្រៃ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ចេញ​ពី​ទឹក​ដី​នេះ។ 19យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​តែ​មួយ យើង​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ពួក​គេ យើង​ដក​ចិត្ត​រឹង​ដូច​ថ្ម​ចេញ​ពី​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ចេះ​ស្ដាប់​បង្គាប់​វិញ 20ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​តាម​ហ៊ូកុំ​របស់​យើង ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​វិន័យ​របស់​យើង។ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​ក៏​ទៅ​ជា​ម្ចាស់​របស់​ពួក​គេ។ 21រីឯ​អស់​អ្នក​ដែល​ជាប់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​ដ៏​ចង្រៃ​គួរ​ឲ្យ​ស្អប់​ខ្ពើម​វិញ យើង​នឹង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។
សិរី‌រុង‌រឿង​របស់​អុលឡោះ​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម
22ពួក​ម៉ាឡា‌អ៊ីកាត់មាន​ស្លាប​ទទះ​ស្លាប​ហោះ ហើយ​កង់​ក៏​ឡើង​ទៅ​ជា​មួយ​ដែរ សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ស្ថិត​នៅ​ពី​លើ​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​នោះ។ 23សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ក៏​អណ្ដែត​ឡើង​ពី​ទីក្រុង ហើយ​ស្ថិត​នៅ​លើ​ភ្នំ​ខាង​កើត​ទីក្រុង។ 24រស​របស់​អុលឡោះ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​ស្រុក​ខាល់ដេ ឲ្យ​នៅ​ជា​មួយ​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ។ បន្ទាប់​មក និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​រស​របស់អុលឡោះ‌តាអាឡា​សំដែង​ឲ្យ​ខ្ញុំ​ឃើញ​នោះ ក៏​រលាយ​បាត់​ទៅ។ 25ខ្ញុំ​ក៏​និយាយ​ប្រាប់​ប្រជា‌ជន​ជាប់​ជា​ឈ្លើយ​នូវ​អ្វីៗ​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​សំដែង​ឲ្យ​ខ្ញុំ​ឃើញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in