ណាពីអេសេគាល 9
9
ការដាក់ទោសក្រុងយេរូសាឡឹម
1បន្ទាប់មក ខ្ញុំឮទ្រង់មានបន្ទូលយ៉ាងខ្លាំងៗថា៖ «អស់អ្នកដែលត្រូវធ្វើទោសក្រុងយេរូសាឡឹមអើយ ចូរនាំគ្នាកាន់អាវុធសម្រាប់ប្រល័យជីវិតចូលមក!»។
2ពេលនោះ ខ្ញុំឃើញមានមនុស្សប្រាំមួយនាក់ចូលតាមទ្វារកំពែងខាងជើង ម្នាក់ៗកាន់អាវុធសម្រាប់ប្រហារជីវិត។ ក្នុងចំណោមអ្នកទាំងនោះ មានបុរសម្នាក់ពាក់អាវទេសឯកសុទ្ធ ស្ពាយប្រដាប់ប្រដាសរសេរនៅចង្កេះផង។ ពួកគេចូលមកឈរនៅខាងមុខអាសនៈលង្ហិន។ 3ពេលនោះ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដែលស្ថិតនៅលើម៉ាឡាអ៊ីកាត់មានស្លាប ក៏អណ្ដែតឡើង ឆ្ពោះទៅមាត់ទ្វារដំណាក់។ អុលឡោះតាអាឡាត្រាស់ហៅបុរសដែលពាក់អាវទេសឯកសុទ្ធ និងស្ពាយប្រដាប់ប្រដាសម្រាប់សរសេរនោះមក 4ទ្រង់មានបន្ទូលទៅគាត់ថា៖ «ចូរដើរកាត់ក្រុងយេរូសាឡឹម ហើយគូសសញ្ញាជើងក្អែកលើថ្ងាសអស់អ្នកដែលស្រែកថ្ងូរ និងព្រួយចិត្ត ដោយឃើញអំពើគួរឲ្យស្អប់ខ្ពើមទាំងប៉ុន្មាន ដែលអ្នកក្រុងនេះប្រព្រឹត្ត»។ 5បន្ទាប់មក ខ្ញុំឮទ្រង់មានបន្ទូលទៅអ្នកឯទៀតៗថា៖ «ចូរដើរតាមក្រោយគាត់ ហើយប្រហារអ្នកក្រុងនេះទៅ កុំអាណិតមេត្តា និងត្រាប្រណីពួកគេឡើយ! 6ចូរសម្លាប់ពួកគេទាំងអស់គ្នាឲ្យផុតពូជ គឺទាំងចាស់ ទាំងកំលោះ ទាំងក្រមុំ ទាំងក្មេង ទាំងស្ត្រី តែកុំប៉ះពាល់អស់អ្នកដែលមានសញ្ញាជើងក្អែកឡើយ។ ចូរចាប់ផ្ដើមពីទីសក្ការៈរបស់យើងទៅ!»។ អ្នកទាំងនោះក៏ចាប់ផ្ដើមសម្លាប់ពួកអះលីជំអះ ដែលនៅខាងមុខដំណាក់របស់អុលឡោះ។ 7ទ្រង់មានបន្ទូលទៅគេទៀតថា៖ «ចូរធ្វើឲ្យដំណាក់ទៅជាសៅហ្មង ដោយទុកសាកសពចោលពាសពេញទីលាន រួចនាំគ្នាចេញទៅចុះ!»។ ពួកគេក៏ចេញទៅវាយប្រហារជីវិតប្រជាជននៅក្នុងទីក្រុង។
8ពេលអ្នកទាំងនោះប្រហារជីវិតប្រជាជន ខ្ញុំនៅតែម្នាក់ឯង ខ្ញុំក៏ក្រាបចុះ អោនមុខដល់ដី ហើយស្រែកឡើងថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ តើទ្រង់ជះកំហឹង មកលើក្រុងយេរូសាឡឹម ដោយប្រល័យជីវិតជនជាតិអ៊ីស្រអែលទាំងប៉ុន្មានដែលនៅសេសសល់ឬ?»។ 9ទ្រង់មានបន្ទូលមកខ្ញុំថា៖ «ពូជពង្សអ៊ីស្រអែល និងពូជពង្សយូដា មានកំហុសធ្ងន់ណាស់។ ពួកគេសម្លាប់គ្នាពាសពេញស្រុក ហើយអំពើទុច្ចរិតក៏មានពាសពេញទីក្រុងដែរ។ ពួកគេពោលថា “អុលឡោះតាអាឡាបោះបង់ចោលស្រុកនេះហើយ អុលឡោះតាអាឡាមើលអ្វីពុំឃើញទេ”។ 10ហេតុនេះ យើងមិនអាណិតអាសូរ និងត្រាប្រណីពួកគេឡើយ គឺយើងនឹងដាក់ទោសពួកគេតាមអំពើដែលខ្លួនប្រព្រឹត្ត»។ 11ពេលនោះ បុរសដែលពាក់អាវទេសឯកសុទ្ធ និងស្ពាយប្រដាប់ប្រដាសម្រាប់សរសេរ ជម្រាបអុលឡោះថា៖ «ខ្ញុំបានធ្វើតាមបង្គាប់របស់ទ្រង់សព្វគ្រប់ហើយ»។
Currently Selected:
ណាពីអេសេគាល 9: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.